ទំនុកតម្កើង 106 - អាល់គីតាបអុលឡោះមានចិត្តស្មោះស្ម័គ្រជានិច្ច 1 ចូរសរសើរតម្កើងអុលឡោះ! ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតទ្រង់សប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! 2 តើនរណាអាចរៀបរាប់អំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់បាន? តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងទ្រង់បាន? 3 អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា អ្នកនោះមានសុភមង្គលហើយ។ 4 ឱអុលឡោះតាអាឡាអើយ ពេលណាទ្រង់ ពេញចិត្តនឹងប្រជារាស្ដ្ររបស់ទ្រង់ សូមនឹកដល់ខ្ញុំផង! ពេលណាទ្រង់សង្គ្រោះពួកគេ សូមជួយខ្ញុំ 5 ដើម្បីឲ្យខ្ញុំឃើញសុភមង្គល របស់ប្រជាជនដែលទ្រង់បានជ្រើសរើស ឲ្យខ្ញុំមានអំណររួមជាមួយ ប្រជាជាតិរបស់ទ្រង់ ហើយឲ្យខ្ញុំបានខ្ពស់មុខ រួមជាមួយប្រជារាស្ដ្ររបស់ទ្រង់។ 6 យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដូចបុព្វបុរសរបស់យើងខ្ញុំ យើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់! 7 កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ ពុំបានយល់អំពីការអស្ចារ្យរបស់ទ្រង់ទេ ពួកគេបំភ្លេចកិច្ចការជាច្រើន ដែលទ្រង់បានធ្វើចំពោះពួកគេ ដោយចិត្តមេត្តាករុណា ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ នៅក្បែរសមុទ្រក្រហម។ 8 ក៏ប៉ុន្តែ ទ្រង់បានសង្គ្រោះពួកគេ ដោយយល់ដល់នាមរបស់ទ្រង់ ដើម្បីបង្ហាញអំណាចរបស់ទ្រង់។ 9 ទ្រង់បានគំរាមសមុទ្រក្រហម សមុទ្រក៏រីង ទ្រង់បានឲ្យគេដើរកាត់បាតសមុទ្រ ដូចដើរនៅវាលរហោស្ថាន។ 10 ទ្រង់បានសង្គ្រោះពួកគេឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេ ទ្រង់បានរំដោះពួកគេពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវ។ 11 ទឹកសមុទ្របានគ្របពីលើបច្ចាមិត្ត គ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។ 12 ពួកបុព្វបុរសក៏នាំគ្នាជឿបន្ទូលរបស់ទ្រង់ ហើយនាំគ្នាច្រៀងសរសើរតម្កើងទ្រង់។ 13 ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលទ្រង់បានធ្វើ ពួកគេពុំបានរង់ចាំឲ្យទ្រង់ សម្រេចតាមគម្រោងការរបស់ទ្រង់ឡើយ។ 14 នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ ហើយនាំគ្នាល្បងលទ្រង់ នៅវាលដ៏ហួតហែងនោះ។ 15 ទ្រង់បានប្រទានឲ្យគេនូវអាហារ ដែលគេទាមទារ គឺទ្រង់ធ្វើឲ្យពួកគេបានឆ្អែត រហូតដល់ធុញទ្រាន់។ 16 នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងម៉ូសា ហើយច្រណែននឹងហារូន ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះតាអាឡា 17 ពេលនោះ ដីក៏ប្រេះលេបលោកដាថាន ព្រមទាំងស្រូបបក្សពួក របស់លោកអប៊ីរ៉ាមទៀតផង។ 18 មានភ្លើងមកឆេះបក្សពួករបស់គេ ហើយអណ្ដាតភ្លើងឆាបឆេះមនុស្ស អាក្រក់ទាំងនោះអស់គ្មានសល់។ 19 ក្រោយមក ពួកគេឆ្លាក់រូបកូនគោមួយ នៅភ្នំហោរែប ហើយនាំគ្នាក្រាបថ្វាយបង្គំរូប ដែលធ្វើពីលង្ហិននោះ។ 20 ពួកគេបែរជាយករូបសត្វដែលស៊ីស្មៅ មកថ្វាយបង្គំជំនួសអុលឡោះ ប្រកបដោយសិរីរុងរឿងវិញ។ 21 ពួកគេភ្លេចថាអុលឡោះបានសង្គ្រោះពួកគេ ដោយស្នាដៃដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប 22 គឺការអស្ចារ្យផ្សេងៗនៅស្រុក របស់កូនចៅលោកហាំ និងដោយស្នាដៃដ៏គួរឲ្យ ស្ញែងខ្លាចនៅសមុទ្រក្រហម។ 23 ទ្រង់មានបន្ទូលថា នឹងកំទេចប្រជារាស្ត្រនេះ ប៉ុន្តែ ម៉ូសាដែលទ្រង់ជ្រើសរើស បានឃាត់ទ្រង់មិនឲ្យលុបបំបាត់ពួកគេ តាមកំហឹងរបស់ទ្រង់ឡើយ។ 24 បន្ទាប់មកទៀត ពួកគេចង់បដិសេធ មិនចូលទៅក្នុងទឹកដីដ៏សម្បូណ៌សប្បាយ ពួកគេពុំព្រមជឿបន្ទូលរបស់អុលឡោះតាអាឡាទេ 25 ពួកគេនាំគ្នារអ៊ូរទាំនៅក្នុងជំរំរៀងៗខ្លួន មិនព្រមស្ដាប់សំឡេង របស់អុលឡោះតាអាឡាឡើយ។ 26 ដូច្នេះ ទ្រង់ក៏ប្រកាសយ៉ាងដាច់ខាតថា នឹងទុកពួកគេឲ្យវិនាស នៅក្នុងវាលរហោស្ថាន 27 ព្រមទាំងកំចាត់កំចាយពូជពង្សរបស់ពួកគេ ទៅនៅពាសពេញ ក្នុងចំណោមប្រជាជាតិនានា ហើយឲ្យគេស្លាប់នៅលើទឹកដី របស់សាសន៍ដទៃ។ 28 នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅ ថ្វាយបង្គំព្រះបាល ព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែន ទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។ 29 ពួកគេបានប្រព្រឹត្តអំពើដែលធ្វើ ឲ្យអុលឡោះតាអាឡាខឹង បណ្ដាលឲ្យកើតមានគ្រោះកាច ក្នុងចំណោមពួកគេ។ 30 ពេលនេះ លោកភីនេហាសបានក្រោកឡើង ដាក់ទោសពួកគេ ហើយគ្រោះកាចនោះក៏ស្ងប់ទៅវិញ។ 31 ព្រោះតែការនេះ អុលឡោះតាអាឡាបានរាប់គាត់ឲ្យបានសុចរិត អស់កល្បជាអង្វែងតរៀងទៅ។ 32 នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នា ធ្វើឲ្យអុលឡោះតាអាឡាខឹង ហើយម៉ូសាទទួលទោស ព្រោះតែពួកគេ 33 គឺពួកគេធ្វើឲ្យគាត់ឆ្អែតចិត្ត ហើយមានប្រសាសន៍ចេញមក ដោយពុំបានគិត។ 34 ពួកគេពុំបានប្រហារប្រជាជាតិនានា តាមបញ្ជារបស់អុលឡោះតាអាឡាទេ។ 35 ពួកគេបែរជាទៅពាក់ព័ន្ធជាមួយ ប្រជាជាតិទាំងនោះ ហើយនាំគ្នាប្រព្រឹត្តតាមសាសន៍ទាំងនោះ 36 គឺថ្វាយបង្គំព្រះក្លែងក្លាយរបស់សាសន៍ដទៃ ដែលជាអន្ទាក់នាំឲ្យពួកគេវិនាស។ 37 ពួកគេបានយកកូនប្រុស កូនស្រីទៅធ្វើយញ្ញបូជាឲ្យអារក្ស។ 38 ពួកគេប្រហារជីវិតកូនប្រុសកូនស្រីរបស់ខ្លួន ដែលគ្មានកំហុស ដើម្បីធ្វើយញ្ញបូជាឲ្យព្រះក្លែងក្លាយ នៅស្រុកកាណាន ឃាតកម្មទាំងនោះបណ្ដាលឲ្យទឹកដី របស់ពួកគេលែងវិសុទ្ធទៀត។ 39 អំពើដែលពួកគេប្រព្រឹត្តបានធ្វើឲ្យខ្លួនគេ ទៅជាសៅហ្មង ពួកគេបានក្បត់អុលឡោះ ដោយសារអំពើរបស់ខ្លួន។ 40 អុលឡោះតាអាឡាខឹងនឹងប្រជារាស្ត្រ របស់ទ្រង់យ៉ាងខ្លាំង ទ្រង់ទាស់ចិត្តនឹងប្រជាជន ផ្ទាល់របស់ទ្រង់។ 41 ទ្រង់ប្រគល់ពួកគេទៅក្នុងកណ្ដាប់ ដៃរបស់ប្រជាជាតិនានា ទ្រង់ឲ្យបច្ចាមិត្តគ្រប់គ្រងលើពួកគេ។ 42 ខ្មាំងសត្រូវជិះជាន់សង្កត់សង្កិនពួកគេ ព្រមទាំងបង្ក្រាបពួកគេឲ្យចុះចូល ក្រោមអំណាចរបស់ខ្លួនទៀតផង។ 43 ទ្រង់បានរំដោះពួកគេច្រើនលើកច្រើនគ្រា ក៏ប៉ុន្តែ ពួកគេនៅតែនាំគ្នាបះបោរ ប្រឆាំងនឹងទ្រង់ ហើយប្រព្រឹត្តអំពើបាបកាន់តែខ្លាំងឡើងៗ។ 44 ពេលទ្រង់ឮពួកគេស្រែកអង្វរ ទ្រង់ក៏មានចិត្តអាណិតពួកគេ ដែលកំពុងរងទុក្ខលំបាក 45 ទ្រង់ប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ទ្រង់ ទ្រង់ដូរចិត្ត ព្រោះទ្រង់មានមេត្តាករុណាធម៌ដ៏លើសលប់។ 46 ទ្រង់ធ្វើឲ្យអស់អ្នកដែលចាប់ពួកគេ យកទៅធ្វើជាឈ្លើយ មានចិត្តអាណិតមេត្តាពួកគេ។ 47 ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង! សូមប្រមែប្រមូលយើងខ្ញុំពីចំណោម ប្រជាជាតិនានាមកវិញ ដើម្បីឲ្យយើងខ្ញុំលើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងទ្រង់! 48 សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ! សូមឲ្យប្រជារាស្ត្រពោលទាំងអស់គ្នាថា: អាម៉ីន! ចូរសរសើរតម្កើងអុលឡោះ! |
© 2014 United Bible Societies, UK.
United Bible Societies