ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ក្រុមបូជាចារ្យ ក្រុមលេវី គឺអស់អ្នកដែលព្រះជាម្ចាស់ជំរុញចិត្ត នាំគ្នាក្រោកឡើង រៀបចំខ្លួនទៅសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។
ទំនុកតម្កើង 102:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គ យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់ សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ ក៏យើងខ្ញុំជាប់ចិត្តដែរ។ ព្រះគម្ពីរខ្មែរសាកល ប្រាកដមែន បាវបម្រើរបស់ព្រះអង្គពេញចិត្តនឹងថ្មរបស់ទីក្រុងនោះ ហើយស្រឡាញ់ធូលីរបស់នាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ថ្មរបស់ក្រុងនេះ ហើយក៏ស្រណោះនឹងធូលីដី នៃការខូចបង់របស់ក្រុងនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះពួកអ្នកបំរើទ្រង់គេអាល័យដល់អស់ទាំងថ្ម ហើយក៏ស្តាយស្រណោះដល់ធូលីដីនៃទីក្រុង អាល់គីតាប យើងខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់ សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ ក៏យើងខ្ញុំជាប់ចិត្តដែរ។ |
ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ក្រុមបូជាចារ្យ ក្រុមលេវី គឺអស់អ្នកដែលព្រះជាម្ចាស់ជំរុញចិត្ត នាំគ្នាក្រោកឡើង រៀបចំខ្លួនទៅសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។
លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើង ដែលព្រះអង្គជំរុញព្រះហឫទ័យព្រះរាជា ឲ្យមានបំណងលើកកិត្តិយសព្រះដំណាក់នៃព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។
អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកម្ទេចដែរ។
បន្ទាប់មក ខ្ញុំពោលទៅពួកគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ ពួកយើងរងទុក្ខវេទនាដល់កម្រិតណា ក្រុងយេរូសាឡឹមត្រូវគេបំផ្លាញចោល ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ដែរ! ដូច្នេះ ចូរនាំគ្នាមក យើងសង់ក្រុងយេរូសាឡឹមឡើងវិញ ដើម្បីកុំឲ្យយើងបាក់មុខទៀត!»។
ខ្ញុំទូលព្រះចៅអធិរាជវិញថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។
ប៉ុន្តែ ជនជាតិយូដាពោលថា៖ «កម្លាំងអ្នកលីសែងកាន់តែចុះអន់ថយទៅៗ គំនរថ្មដែលបាក់បែកនោះមានច្រើនពេក យើងពុំអាចសង់កំពែងក្រុងបានឡើយ»។
ដោយពោលនៅមុខបងប្អូនរបស់គាត់ និងពួកទាហានពីស្រុកសាម៉ារីថា៖ «តើពួកយូដាដ៏ទន់ខ្សោយនេះនាំគ្នាធ្វើអ្វី? ពួកគេស្មានថាខ្លួនអាចសង់កំពែងនេះ ហើយធ្វើយញ្ញបូជាថ្វាយព្រះរបស់ខ្លួនកើតឬ? ពួកគេបង្ហើយសំណង់នៅថ្ងៃនេះកើតឬ? ពួកគេអាចលើកថ្មចេញពីគំនរឥដ្ឋ និងចេញពីផេះ មកដាក់គរលើគ្នាវិញកើតឬ?»។
ពួកយើងនាំគ្នាសង់កំពែងក្រុងឡើងវិញ រហូតដល់បានកម្ពស់ពាក់កណ្ដាល ដ្បិតប្រជាជនខំប្រឹងខ្នះខ្នែងធ្វើការនេះដោយស្មោះអស់ពីចិត្ត។
ព្រះអម្ចាស់អើយ ដល់ពេលធ្វើអន្តរាគមន៍ហើយ ដ្បិតគេបានរំលោភលើក្រឹត្យវិន័យរបស់ព្រះអង្គ។
ឱព្រះជាម្ចាស់អើយ ប្រជាជាតិនានាបានឈ្លានពាន ទឹកដីរបស់ព្រះអង្គ ពួកគេបានធ្វើឲ្យព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គទៅជាសៅហ្មង ពួកគេបានកម្ទេចក្រុងយេរូសាឡឹម។
ព្រះអម្ចាស់អាណិតអាសូរដល់ពូជពង្សលោកយ៉ាកុប ព្រះអង្គនៅតែជ្រើសរើស ជនជាតិអ៊ីស្រាអែលដដែល ព្រះអង្គនឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅលោកយ៉ាកុប។
ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! ព្រះអម្ចាស់បានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។
មែនហើយ! ព្រះអម្ចាស់សម្រាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ព្រះអង្គសម្រាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺព្រះអង្គនឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ព្រះអង្គនឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់ព្រះអម្ចាស់។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសម្រែកសប្បាយរីករាយ ព្រមទាំងមានបទចម្រៀងអរព្រះគុណ និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយបានគម្រប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសម្រេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងស្ដារពូជពង្សរបស់យ៉ាកុបឡើងវិញ យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។ គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ ហើយសង់វិមាននៅកន្លែងដើមវិញដែរ។
ឱព្រះអម្ចាស់អើយ អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែសុចរិតទាំងអស់ ហេតុនេះ សូមបំបែរព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ចេញពីក្រុងយេរូសាឡឹម និងចេញពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតសាសន៍ទាំងឡាយដែលនៅជុំវិញយើងខ្ញុំ នាំគ្នាមាក់ងាយក្រុងយេរូសាឡឹម និងប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងកំហុសរបស់បុព្វបុរសយើងខ្ញុំ។
នៅស្រុកម៉ូអាប់ នាងណាអូមីបានឮគេនិយាយថា ព្រះអម្ចាស់ប្រោសប្រណីដល់ប្រជាជនព្រះអង្គ ដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់។ នាងក៏រៀបចំខ្លួនចាកចេញពីស្រុកម៉ូអាប់ជាមួយកូនប្រសាស្រីទាំងពីរនាក់។