ចោទិយកថា 13:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង រួចដុតកម្ទេចក្រុងជាមួយទ្រព្យសម្បត្តិទាំងអស់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ក្រុងនោះនឹងក្លាយទៅជាទីស្មសានរហូតតទៅ ឥតមាននរណាសង់ឡើងវិញឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវប្រមូលអស់ទាំងជ័យភណ្ឌនៅទីក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង ហើយដុតទាំងអស់ ទាំងទីក្រុង និងជ័យភណ្ឌទាំងប៉ុន្មាន ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យប្រមូលអស់ទាំងរបឹបនៅទីក្រុងនោះ មកដាក់នៅនាផ្លូវ ហើយដុតទាំងអស់ចោល ទាំងទីក្រុង នឹងរបឹបទាំងអស់ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ អាល់គីតាប ចូរប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុងនោះ មកដាក់នៅចំកណ្តាលទីលានក្រុង រួចដុតកំទេចក្រុងជាមួយទ្រព្យសម្បត្តិទាំងអស់ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ក្រុងនោះនឹងក្លាយទៅជាទីស្មសានរហូតតទៅ ឥតមាននរណាសង់ឡើងវិញឡើយ។ |
សេចក្ដីប្រកាសស្ដីអំពីក្រុងដាម៉ាស: ថ្ងៃមួយ ដាម៉ាសនឹងលែងជាទីក្រុង ទៀតហើយ គឺក្លាយទៅគំនរបាក់បែក។
ព្រះអង្គបានរំលាយទីក្រុងឲ្យ ក្លាយទៅជាគំនរឥដ្ឋ ព្រះអង្គធ្វើឲ្យបុរីដែលមានកំពែងរឹងមាំ ក្លាយទៅជាគំនរបាក់បែក បន្ទាយរបស់ខ្មាំងបានរលាយសូន្យ លែងមានឈ្មោះជាទីក្រុងទៀត ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។
ហេតុនេះ នៅគ្រាខាងមុខ យើងនឹងឲ្យសង្គ្រាមកើតមានដល់ ជនជាតិអាំម៉ូននៅក្រុងរ៉ាបាត់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ក្រុងនោះនឹងក្លាយទៅជាទីស្មសាន ហើយក្រុងទាំងឡាយដែលនៅជុំវិញនឹងត្រូវ វិនាសដោយភ្លើង។ ពេលនោះ អ៊ីស្រាអែលនឹងយកទឹកដីដែល ជនជាតិអាំម៉ូនដណ្ដើមទៅនោះបានមកវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យើងនឹងទុកឲ្យអ្នកនៅសល់តែផ្ទាំងថ្មមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយគ្មាននរណាសង់អ្នកឡើងវិញឡើយ ដ្បិតយើងជាព្រះជាអម្ចាស់បានប្រកាសសេចក្ដីទាំងនេះ»។
យើងនឹងធ្វើឲ្យសាម៉ារីក្លាយទៅជាគំនរឥដ្ឋ ជាចម្ការមួយដែលគេដាំទំពាំងបាយជូរ យើងនឹងរុញគំនរឥដ្ឋរបស់ក្រុងនេះ ទម្លាក់ទៅក្នុងជ្រោះ ហើយបំផ្លាញទីក្រុងឲ្យនៅសល់តែគ្រឹះ។
ត្រូវដុតកម្ទេចរូបព្រះរបស់ពួកគេ ដោយឥតនឹកស្ដាយមាសប្រាក់ ដែលស្ថិតនៅលើរូបទាំងនោះឡើយ។ កុំទុកវត្ថុទាំងនោះឲ្យសោះ ក្រែងលោវាក្លាយទៅជាអន្ទាក់ដល់អ្នក ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្អប់វត្ថុទាំងនោះណាស់។
មិនត្រូវយករូបព្រះក្លែងក្លាយចូលក្នុងផ្ទះរបស់អ្នកឡើយ ក្រែងលោអ្នកត្រូវវិនាសទាំងស្រុងដូចរូបទាំងនោះដែរ។ ត្រូវចាត់ទុករបស់ទាំងនោះជាវត្ថុដ៏ចង្រៃគួរស្អប់ខ្ពើម ដ្បិតជាវត្ថុដែលត្រូវបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់»។
ពួកគេបំផ្លាញអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺប្រហារមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។
ចំណែកឯទីក្រុងវិញ ពួកគេដុតចោលជាមួយអ្វីៗទាំងអស់ដែលមាននៅក្នុងនោះ លើកលែងតែមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬដែក ដែលគេដាក់បញ្ចូលក្នុងសម្បត្តិនៃព្រះដំណាក់របស់ព្រះអម្ចាស់។
នៅគ្រានោះ លោកយ៉ូស្វេបានប្រកាសយ៉ាងឱឡារិក៖ «អ្នកណាចង់សង់ក្រុងយេរីខូនេះឡើងវិញ អ្នកនោះមុខជាត្រូវបណ្ដាសាពីព្រះអម្ចាស់! គឺបើគេហ៊ានចាក់គ្រឹះ កូនប្រុសច្បងរបស់គេនឹងត្រូវស្លាប់ ហើយបើគេហ៊ានដាក់ទ្វារក្រុង កូនពៅរបស់គេនឹងត្រូវស្លាប់»។
លោកយ៉ូស្វេដុតបំផ្លាញក្រុងអៃឲ្យក្លាយទៅជាផេះ ហើយនៅស្ងាត់ជ្រងំរហូតដល់សព្វថ្ងៃ។