យេរេមា 23:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម នោះអញក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តសេចក្ដីកំផិត ហើយដើរតាមតែសេចក្ដីកំភូតទទេ គេចំរើនកំឡាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដល់ម៉្លេះបានជាគ្មានអ្នកណាមួយវិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុំមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ា ដល់អញហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម យើងក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តអំពើកំផិត ហើយដើរតាមតែពាក្យកុហកឥតប្រយោជន៍ គេចម្រើនកម្លាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ បានជាគ្មានអ្នកណាមួយ វិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ាដែរ នៅចំពោះយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។ អាល់គីតាប រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។ |
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ពីព្រោះសំរែកនៃក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាបានឮជាខ្លាំង ហើយអំពើបាបរបស់គេក៏ធ្ងន់ណាស់ផង
ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ នឹងភ្លើងពីលើមេឃ មកលើក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា
ទ្រង់ក៏បំផ្លាញក្រុងទាំងនោះ នឹងស្រុកវាលទាំងមូល ហើយអស់ទាំងមនុស្សនៅទីក្រុងនោះ នឹងគ្រប់ទាំងអស់ដែលដុះនៅដីផង។
ឯក្បាល គឺជាពួកអ្នកចាស់ទុំ នឹងពួកមានកិត្តិយស ហើយកន្ទុយ គឺជាពួកហោរាដែលបង្រៀនសេចក្ដីភូតភរ
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ពួកហោរាគេទាយកុហកដោយនូវឈ្មោះអញទេ អញមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេទាយប្រាប់ឯងរាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្ដីឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ
ហេតុនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរស៊ើបសួររកនៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មានចុះ តើដែលមានអ្នកណាឮនិយាយពីការយ៉ាងនេះឬទេ នាងក្រមុំនៃពួកអ៊ីស្រាអែលបានប្រព្រឹត្តការដ៏ពន្លឹកគួរស្បើម
សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសំរែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់
គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយអញថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯងរាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្ដីអាក្រក់ណាកើតដល់ឯងរាល់គ្នាឡើយ
ប៉ុន្តែ បើគេបានគ្រាន់តែឈរនៅក្នុងពួកប្រឹក្សារបស់អញ នោះគេនឹងបានប្រាប់ឲ្យរាស្ត្រអញស្តាប់ពាក្យរបស់អញហើយ ព្រមទាំងបំបែរគេចេញពីផ្លូវអាក្រក់ នឹងពីអំពើដ៏លាមកដែលប្រព្រឹត្តរៀងខ្លួនផង។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញទាស់នឹងពួកអ្នកដែលទាយកុហកតាមយល់សប្តិ ព្រមទាំងផ្សាយប្រាប់សប្តិនោះ ហើយនាំឲ្យរាស្ត្រអញវង្វេងចេញដោយសារសេចក្ដីកំភូតរបស់គេ ហើយដោយសារសេចក្ដីអំនួតឥតប្រយោជន៍របស់គេដែរ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញមិនបានចាត់គេ ឬបង្គាប់គេឡើយ គេក៏គ្មានប្រយោជន៍អ្វីដល់ជនជាតិនេះដែរ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលពីដំណើរអ័ហាប់ ជាកូនកូឡាយ៉ា នឹងសេដេគាជាកូនម្អាសេយ៉ា ដែលគេទាយជាសេចក្ដីកុហកដល់ឯងរាល់គ្នា ដោយនូវព្រះនាមទ្រង់ គឺទ្រង់មានបន្ទូលថា មើលអញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយស្តេចនោះនឹងសំឡាប់អ្នកទាំង២នោះ នៅមុខឯងរាល់គ្នា
ពីព្រោះគេបានប្រព្រឹត្តអំពើចំកួតក្នុងពួកអ៊ីស្រាអែល គេបានសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាង ហើយពោលពាក្យកុហក ដោយនូវឈ្មោះអញ ជាសេចក្ដីដែលអញមិនបានបង្គាប់ដល់គេឡើយ ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គឺអញហើយដែលដឹង អញជាទីបន្ទាល់ពិត។
ចូរយកក្រាំង១មកកត់អស់ទាំងពាក្យដែលអញបានប្រាប់ដល់ឯង ទាស់នឹងពួកអ៊ីស្រាអែល នឹងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលអញផ្តើមនិយាយនឹងឯង គឺតាំងពីគ្រាយ៉ូសៀសដរាបដល់សព្វថ្ងៃនេះ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នឹងគ្មានមនុស្សណាអាស្រ័យនៅស្រុកនោះ ឬមនុស្សជាតិណាស្នាក់នៅទីនោះឡើយ ដូចក្នុងការបំផ្លាញក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ព្រមទាំងទីក្រុងជិតខាងនោះទាំងប៉ុន្មានដែរ
ដ្បិតសេចក្ដីទុច្ចរិតរបស់កូនស្រីនៃសាសន៍ខ្ញុំបានធ្ងន់ជាងអំពើបាបរបស់ក្រុងសូដុំមទៅទៀត ជាទីក្រុងដែលត្រូវបំផ្លាញក្នុង១រំពេច ឥតមានដៃអ្នកណាធ្វើឡើយ
គឺជាពួកហោរារបស់សាសន៍អ៊ីស្រាអែល ដែលទាយពីដំណើរក្រុងយេរូសាឡិម ហើយឃើញការជាក់ស្តែងពីសេចក្ដីសុខសំរាប់ទីក្រុង តែឥតមានសេចក្ដីសុខឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ឯងរាល់គ្នាបានបន្ទាបបន្ថោកអញ នៅកណ្តាលរាស្ត្រអញ ឲ្យតែបានស្រូវឱក១កំប៉ុងពីរ នឹងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសំឡាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅវិញ ដោយឯងកុហកដល់រាស្ត្រអញ ដែលស្តាប់តាមសេចក្ដីកុហកនោះឬអី។
ពួកហោរារបស់វា គេគិតគូរគ្នានៅកណ្តាលនោះ ហាក់ដូចជាសិង្ហ ដែលគ្រហឹមកំពុងហែករំពាស៊ី គេបានត្របាក់លេបព្រលឹងមនុស្ស គេយកទ្រព្យសម្បត្តិ នឹងរបស់មានដំឡៃទៅ ហើយគេធ្វើឲ្យមានពួកស្រីមេម៉ាយជាច្រើននៅកណ្តាលទីក្រុង
អញបានឃើញការយ៉ាងសំបើម នៅក្នុងពួកវង្សអ៊ីស្រាអែល គឺមានការកំផិតរបស់ពួកអេប្រាអិម ឯអ៊ីស្រាអែលក៏បានស្មោកគ្រោកដែរ
អញបានបំផ្លាញនៅកណ្តាលពួកឯងរាល់គ្នា ដូចកាលព្រះទ្រង់បានបំផ្លាញក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ហើយឯងរាល់គ្នាបានដូចជាអង្កត់ឱស ដែលគេកន្ត្រាក់រោចចេញពីភ្លើង តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ។
នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប នឹងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី តើមិនមែនជាក្រុងសាម៉ារីទេឬអ្វី ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី តើមិនមែនជាក្រុងយេរូសាឡិមទេឬអី
ពួកជាកំពូលលើគេ តែងតែជំនុំជំរះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកំរៃ ហើយពួកហោរាក៏ទាយឲ្យបានប្រាក់ ប៉ុន្តែគេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់គង់នៅកណ្តាលយើងរាល់គ្នាទេតើ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ
ពួកហោរារបស់វា សុទ្ធតែមានចិត្តស្រាល ហើយកោងក្បត់ ឯពួកសង្ឃរបស់វា ក៏បានបង្អាប់ទីបរិសុទ្ធ គេបានក្បត់ចំពោះក្រឹត្យវិន័យ
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅថ្ងៃនោះ អញនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុកទៅ ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ ហើយអញនឹងធ្វើឲ្យពួកហោរា នឹងវិញ្ញាណអសោចិ៍ចេញផុតពីស្រុកដែរ
ដូច្នេះ ខ្ញុំប្រាប់ដល់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំមនឹងទ្រាំបានងាយជាជាងឯង។
ដ្បិតគល់របស់គេ គឺជាគល់របស់ក្រុងសូដុំម ហើយក៏មកពីចំការរបស់ក្រុងកូម៉ូរ៉ា ផ្លែទំពាំងបាយជូររបស់គេជាផ្លែមានរសពុល ចង្កោមគេក៏ជូរចត់ដែរ
ហើយបើទ្រង់បានបញ្ឆេះក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្ដីទមិលល្មើស
ដូចជាក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ហើយអស់ទាំងទីក្រុងនៅជុំវិញដែរ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តសេចក្ដីកំផិតដូចគ្នា ទាំងបណ្តោយទៅតាមសាច់ដទៃ ហើយទ្រង់បានតាំងអ្នកទាំងនោះទុកជាក្បួន ឲ្យគេរងទុក្ខទោស ក្នុងភ្លើងដ៏ឆេះអស់កល្បជានិច្ច
ខ្មោចគេទាំង២នាក់ នឹងដេកនៅផ្លូវទីក្រុងធំ ដែលខាងព្រលឹងវិញ្ញាណហៅថាក្រុងសូដុំម ហើយស្រុកអេស៊ីព្ទ គឺនៅក្រុងនេះឯង ដែលមនុស្សបានឆ្កាងព្រះអម្ចាស់នៃអ្នកទាំង២នោះដែរ
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសំគាល់នៅមុខវា ដើម្បីនឹងបញ្ឆោតពួកអ្នក ដែលទទួលទីសំគាល់របស់សត្វ នឹងពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា ហើយវាទាំង២ក៏ត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើង ដែលឆេះដោយស្ពាន់ធ័រ
តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើងនឹងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទី២វិញ។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សំឡាប់គេ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងអ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីកំភូត។