យេរេមា 23 - អាល់គីតាបបន្ទូលរបស់អុលឡោះប្រឆាំងនឹងអ្នកដឹកនាំមិនស្មោះត្រង់ 1 «ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់ខ្ចាយមុខជាត្រូវវេទនាពុំខាន!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 2 អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលអំពីពួកមេដឹកនាំ ដែលឃ្វាលប្រជាជនរបស់ទ្រង់ថា៖ «អ្នករាល់គ្នាបោះបង់ចោលកូនចៀមរបស់យើងឲ្យខ្ចាត់ខ្ចាយ ហើយអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទេ។ ឥឡូវនេះ យើងយកចិត្តទុកដាក់នឹងអ្នករាល់គ្នា គឺដាក់ទោសតាមអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា!។ 3 «យើងនឹងប្រមូលកូនចៀមរបស់យើង ដែលនៅសេសសល់ពីគ្រប់ស្រុក ដែលយើងបានកំចាត់កំចាយទៅ នោះឲ្យត្រឡប់មកវិញ។ យើងនឹងកៀងពួកគេចូលវាលស្មៅរបស់ខ្លួន ហើយឲ្យពួកគេបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន 4 យើងនឹងតែងតាំងពួកគង្វាលឲ្យដឹកនាំពួកគេ ពេលនោះ ចៀមលែងភ័យខ្លាច ឬញ័ររន្ធត់ទៀតឡើយ ហើយក៏គ្មានចៀមណាមួយបាត់បង់ដែរ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 5 អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លក គឺស្ដេចមួយនាក់ដ៏សុចរិតកើតចេញពី ពូជពង្សរបស់ទត។ ស្ដេចនោះនឹងគ្រងរាជ្យ ប្រកបដោយប្រាជ្ញា ព្រមទាំងគ្រប់គ្រងស្រុក ដោយសុចរិត និងយុត្តិធម៌។ 6 នៅរជ្ជកាលរបស់ស្តេចនោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ជនជាតិអ៊ីស្រអែលនឹងរស់យ៉ាងសុខសាន្ត។ គេជូននាមស្តេចនោះថា “អុលឡោះតាអាឡាជាសេចក្ដីសុចរិតរបស់យើង”»។ 7 អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងនាម “អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប ដែលបាននាំជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីប” ទៀតហើយ 8 ផ្ទុយទៅវិញ គេនឹងស្បថក្នុងនាម “អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប ដែលបាននាំជនជាតិអ៊ីស្រអែលចេញមកពីស្រុកខាងជើង និងពីស្រុកទាំងប៉ុន្មានដែលទ្រង់កំចាត់កំចាយពួកគេឲ្យទៅ!”។ យើងនឹងនាំពួកគេឲ្យវិលមកតាំងទីលំនៅក្នុងទឹកដីរបស់ខ្លួនវិញ»។ បន្ទូលរបស់អុលឡោះប្រឆាំងនឹងណាពីក្លែងក្លាយ 9 នេះជាបន្ទូលស្ដីអំពីពួកណាពី: ព្រោះតែអុលឡោះតាអាឡា និងបន្ទូលដ៏វិសុទ្ធ ចិត្តខ្ញុំប្រេះឆា ឆ្អឹងរបស់ខ្ញុំរញ្ជួយញាប់ញ័រ ខ្ញុំប្រៀបបាននឹងមនុស្សស្រវឹងស្រា ដើរទ្រេតទ្រោត។ 10 នៅក្នុងស្រុក ពួកគេប្រព្រឹត្តអំពើផិតក្បត់ គ្រប់ៗគ្នា អ្នកស្រុកទាំងមូលកាន់ទុក្ខ ព្រោះត្រូវបណ្ដាសា វាលស្មៅក្រៀមស្ងួតអស់ ព្រោះប្រជាជនគិតតែពីរត់ទៅរកអំពើអាក្រក់ ហើយក្លាហានក្នុងការប្រព្រឹត្តអំពើទុច្ចរិត។ 11 ពួកណាពី និងពួកអ៊ីមុាំសុទ្ធតែទុច្ចរិត សូម្បីតែនៅក្នុងដំណាក់របស់យើង ក៏ឃើញអំពើអាក្រក់របស់ពួកគេដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 12 ហេតុនេះហើយបានជាផ្លូវដែលគេដើរ ក្លាយទៅជាផ្លូវរអិល និងងងឹត ពួកគេនឹងជំពប់ជើងដួល ដ្បិតនៅឆ្នាំដែលយើងត្រូវដាក់ទោសពួកគេ យើងនឹងធ្វើឲ្យគ្រោះកាចកើតមាន ដល់ពួកគេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 13 នៅក្រុងសាម៉ារី យើងបានឃើញពួកណាពី ប្រព្រឹត្តអំពើដ៏អាស្រូវ គឺពួកគេនាំគ្នាទាយក្នុងនាមព្រះបាល ពួកគេនាំអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង ឲ្យវង្វេង។ 14 រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។ 15 ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលស្ដីអំពីពួកណាពីថា៖ «យើងនឹងឲ្យពួកគេបរិភោគផ្លែស្លែង និងឲ្យពួកគេផឹកទឹកដែលមានជាតិពុល ដ្បិតអំពើទុច្ចរិតបានរាលដាលពាសពេញ ស្រុកទាំងមូល ព្រោះតែពួកណាពី នៅក្រុងយេរូសាឡឹមនេះឯង»។ 16 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «កុំស្ដាប់ពាក្យដែលណាពីទាំងនោះ ថ្លែងប្រាប់អ្នករាល់គ្នាឡើយ! ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស ពួកគេរៀបរាប់អំពីនិមិត្តហេតុ តាមតែចិត្តរបស់គេនឹកឃើញ គឺមិនមែនជាពាក្យរបស់យើងទេ។ 17 ពួកគេហ៊ានពោលទៅកាន់អស់អ្នកដែល ប្រមាថមាក់ងាយយើងថា “អុលឡោះតាអាឡាមានបន្ទូលថា អ្នករាល់គ្នានឹងបានសុខសាន្តត្រាណ!” ហើយពោលទៅកាន់អស់អ្នកដែល មានចិត្តរឹងរូសថា “គ្មានគ្រោះកាចអ្វីកើតមានដល់អ្នកទេ!”»។ 18 ក្នុងចំណោមអ្នកទាំងនោះ តើនរណាបានរួមប្រជុំជាមួយអុលឡោះតាអាឡា? តើនរណាបានឃើញ និងស្ដាប់បន្ទូលរបស់ទ្រង់? តើនរណាយកចិត្តទុកដាក់ស្ដាប់ បន្ទូលរបស់ទ្រង់? 19 កំហឹងរបស់អុលឡោះតាអាឡានឹងបក់បោកមក ដូចជាខ្យល់ព្យុះ។ កំហឹងនេះប្រៀបដូចជាខ្យល់កំបុតត្បូង បក់នៅលើក្បាលរបស់ពួកទុច្ចរិត។ 20 កំហឹងរបស់អុលឡោះតាអាឡានឹងមិនងាករេ ចេញទៅណាឡើយ ដរាបណាទាល់តែបានសម្រេចតាមគម្រោងការ របស់ទ្រង់យ៉ាងសុក្រឹតជាមុនសិន។ នៅថ្ងៃចុងក្រោយ អ្នករាល់គ្នាមុខជាយល់ច្បាស់ពុំខាន។ 21 «យើងពុំបានចាត់ណាពីទាំងនេះទេ តែពួកគេនាំគ្នារត់ទៅ យើងពុំបាននិយាយអ្វីជាមួយពួកគេទេ តែគេនាំគ្នានិយាយក្នុងនាមយើង។ 22 ប្រសិនបើពួកគេបានជួបពិភាក្សាជាមួយយើង នោះពួកគេមុខជានាំពាក្យរបស់យើងទៅ ប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំប្រជាជននេះងាកចេញពីផ្លូវអាក្រក់ និងងាកចេញពីអំពើទុច្ចរិតជាមិនខាន។ 23 យើងមិនមែនជាម្ចាស់ដែលមើលឃើញ តែជិតៗប៉ុណ្ណោះទេ យើងក៏ជាម្ចាស់ដែលមើលឃើញអ្វីៗ នៅឆ្ងាយដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 24 គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 25 «យើងឮពាក្យដែលណាពីទាំងនោះថ្លែងក្នុងនាមយើង ពួកគេនិយាយភូតភរ គឺពោលថា “ខ្ញុំសុបិនឃើញដូច្នេះ! ខ្ញុំសុបិនឃើញដូច្នោះ!”។ 26 តើណាពីទាំងនោះមានគំនិតបែបណា បានជាគេនៅតែចូលចិត្តថ្លែងពាក្យភូតភរ ថ្លែងពាក្យបោកប្រាស់ តាមទំនើងចិត្តរបស់ខ្លួនដូច្នេះ? 27 ពួកគេស្មានថាអាចធ្វើឲ្យប្រជារាស្ដ្ររបស់យើងបំភ្លេចនាមយើង ដោយចាប់អារម្មណ៍ទៅលើសុបិនដែលគេរៀបរាប់ប្រាប់គ្នា ដូចដូនតារបស់ពួកគេបានភ្លេចនាមយើង ទៅគោរពព្រះបាល។ 28 ដូច្នេះ ណាពីណាយល់សុបិនឲ្យគេរៀបរាប់ពីសុបិននោះទៅ។ រីឯអ្នកដែលទទួលពាក្យយើង ត្រូវយកពាក្យនោះទៅថ្លែងប្រាប់ឲ្យបានត្រឹមត្រូវ។ កុំលាយអង្កាម និងអង្ករចូលគ្នា - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 29 ពាក្យរបស់យើងប្រៀបបីដូចជាភ្លើង និងដូចញញួរដំបំបែកថ្ម - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 30 ហេតុនេះហើយបានជាយើងប្រឆាំងនឹងពួកណាពី ដែលលួចយកពាក្យគ្នាទៅវិញទៅមក ហើយបន្លំថាជាពាក្យរបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 31 យើងប្រឆាំងនឹងពួកណាពីដែលយកពាក្យខ្លួនមកប្រកាស ហើយថាជាពាក្យមកពីយើង -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 32 យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ណាពីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ណាពីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 33 ប្រសិនបើប្រជាជននេះ ឬណាពី ឬអ៊ីមុាំណាម្នាក់ សួរអ្នកថា “តើអុលឡោះតាអាឡាមានបន្ទូលសម្រាប់ពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់នឹងបោះបង់ចោលអ្នករាល់គ្នា”។ 34 យើងនឹងដាក់ទោសណាពី អ៊ីមុាំ ឬប្រជាជនណាដែលពោលថា “អុលឡោះតាអាឡាមានបន្ទូលមកពួកយើង” យើងក៏ដាក់ទោសក្រុមគ្រួសាររបស់គេដែរ។ 35 អ្នករាល់គ្នាត្រូវសួរគ្នាទៅវិញទៅមក និងសួរបងប្អូនរបស់ខ្លួនថា “តើអុលឡោះតាអាឡាឆ្លើយដូចម្ដេច? អុលឡោះតាអាឡាមានបន្ទូលដូចម្ដេច?” 36 គឺមិនត្រូវពោលពាក្យ “អុលឡោះតាអាឡាមានបន្ទូល” ទៀតឡើយ ដ្បិតអ្នកណាពោលពាក្យនេះ អ្នកនោះនឹងទទួលទោសតាមពាក្យរបស់ខ្លួន។ អ្នករាល់គ្នាបានបង្ខូចបន្ទូលរបស់អុលឡោះដែលនៅអស់កល្ប គឺអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃយើង។ 37 ចូរសួរណាពីថា “តើអុលឡោះតាអាឡាឆ្លើយមកអ្នកវិញដូចម្ដេច? តើអុលឡោះតាអាឡាមានបន្ទូលដូចម្ដេចខ្លះ”? 38 ប្រសិនបើអ្នករាល់គ្នានៅតែពោលថា អុលឡោះតាអាឡាមានបន្ទូល នោះអុលឡោះតាអាឡាមានបន្ទូលដូចតទៅ: យើងបានហាមអ្នករាល់គ្នាមិនឲ្យពោលពាក្យ “អុលឡោះតាអាឡាមានបន្ទូល” ប៉ុន្តែ ដោយអ្នករាល់គ្នានៅតែពោលពាក្យនេះ 39 យើងនឹងបោះបង់ចោលអ្នករាល់គ្នា យើងនឹងបណ្តេញអ្នករាល់គ្នាចេញឲ្យឆ្ងាយពីមុខយើង គឺទាំងអ្នករាល់គ្នា ទាំងទីក្រុងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នា។ 40 យើងនឹងធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់មុខរហូតតទៅ អ្នករាល់គ្នានឹងបាក់មុខអស់កល្បជានិច្ច មិនអាចបំភ្លេចបានឡើយ»។ |
© 2014 United Bible Societies, UK.
United Bible Societies