យូដាស 1:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់មនុស្សទាំងនោះ ពីព្រោះគេបានទៅតាមផ្លូវរបស់កាអ៊ីន ក៏ស្ទុះទៅក្នុងសេចក្ដីខុសឆ្គងរបស់បាឡាម ឲ្យតែបានកំរៃ ហើយគេត្រូវវិនាសក្នុងការបះបោររបស់កូរេទៅ ព្រះគម្ពីរខ្មែរសាកល វេទនាដល់ពួកគេហើយ! ដ្បិតពួកគេដើរតាមផ្លូវរបស់កាអ៊ីន ហើយសម្រុកចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាមដើម្បីកម្រៃ ថែមទាំងវិនាសក្នុងការបះបោររបស់កូរ៉ា។ Khmer Christian Bible វេទនាដល់អ្នកទាំងនោះហើយ ពីព្រោះពួកគេបានទៅតាមផ្លូវរបស់កាអ៊ីន និងបានស្ទុះចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាម ដើម្បីបានកម្រៃ ហើយបានវិនាសនៅក្នុងការបះបោរបស់កូរេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។ អាល់គីតាប អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកបេល។ |
វេទនាដល់មនុស្សអាក្រក់ គេនឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះនឹងបានសងដល់គេវិញ
ភាពនៃទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេចេញ ដូចជាក្រុងសូដុំម គេមិនខំបិទបាំងទេ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្តអំពើអាក្រក់ដល់ខ្លួនគេហើយ
អញបានឃើញអំពើគួរខ្ពើមឆ្អើមរបស់ឯងហើយ គឺជាការកំផិត នឹងសូរឆ្លើយឆ្លងរកគ្នារបស់ឯង ព្រមទាំងសេចក្ដីឥតខ្មាសនៃការកំផិតរបស់ឯង នៅលើអស់ទាំងទីទួលនៅវាលផង វេទនាដល់ឯង ក្រុងយេរូសាឡិមអើយ ឯងមិនព្រមឲ្យបានស្អាតទេ តើនឹងនៅតែដូច្នេះដល់កាលណាទៀត។
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ វេទនាដល់ពួកហោរាល្ងីល្ងើ ដែលទាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ
ឱរាស្ត្រអញអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ហើយពីសេចក្ដីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិតរបស់ព្រះយេហូវ៉ាចុះ។
វេទនាដល់អ្នកគង្វាលចោលម្សៀត ដែលគេបោះបង់ចោលហ្វូងចៀម ដ្បិតនឹងមានដាវធ្លាក់មកត្រូវដៃ ហើយត្រូវភ្នែកស្តាំរបស់អ្នកនោះ ដៃនោះនឹងស្វិតជ្រីវអស់ទៅ ហើយភ្នែកស្តាំនឹងត្រូវងងឹតសូន្យ។
មើល គឺវារាល់គ្នាហើយដែលបាននាំឲ្យពួកកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីដំណើរពេអរ ដោយសារសេចក្ដីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានសេចក្ដីវេទនាកើតឡើងក្នុងពួកជំនុំនៃព្រះយេហូវ៉ា
វេទនាដល់ឯង ខូរ៉ាស៊ីនអើយ វេទនាដល់ឯង បេតសៃដាអើយ ពីព្រោះឯការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស នឹងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្តជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយព្រលាំងដោយផេះផង
ពីព្រោះកាលឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ នឹងទឹកមកទទួលឯងតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកអើរ៉ាម-ន៉ាហារេម ដើម្បីនឹងដាក់បណ្តាសាដល់ឯង
ដោយសារសេចក្ដីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្ដីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត ទាំងមានព្រះធ្វើបន្ទាល់ពីដង្វាយគាត់ផង បានជាទោះបើគាត់ស្លាប់ក៏ដោយ គង់តែនៅមាននិយាយទៅទៀត ដោយសារដង្វាយនោះឯង។
គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត
មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ។
ប៉ុន្តែ អញប្រកាន់សេចក្ដីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្ដីកំផិតផង