បរិទេវ 3:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមនុស្សនឹងសង្ឃឹមដល់ ហើយរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមនុស្សសង្ឃឹម និងរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការតាំងចិត្តស្ងប់ស្ងៀម រង់ចាំព្រះអម្ចាស់យាងមកសង្គ្រោះ នោះពិតជាការល្អប្រពៃមែន។ អាល់គីតាប ការតាំងចិត្តស្ងប់ស្ងៀម រង់ចាំអុលឡោះតាអាឡាមកសង្គ្រោះ នោះពិតជាការល្អប្រពៃមែន។ |
អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចំបាំងនេះទេ ឲ្យគ្រាន់តែដំរៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ ឱពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងអ្នករាល់គ្នាហើយ
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានសង្ឃឹមដល់សេចក្ដី សង្គ្រោះរបស់ទ្រង់ ក៏បានប្រព្រឹត្តតាមបង្គាប់របស់ទ្រង់ដែរ
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹករឭកដល់ សេចក្ដីសង្គ្រោះរបស់ទ្រង់ ហើយក្រិត្យវិន័យរបស់ទ្រង់ជាទីរីករាយដល់ទូលបង្គំ
ទូលបង្គំរង់ចាំព្រះយេហូវ៉ា គឺព្រលឹងទូលបង្គំរង់ចាំទ្រង់ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ នោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដក នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ
ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។
ទូលបង្គំនឹងសរសើរដល់ទ្រង់ជាដរាប ដោយព្រោះទ្រង់បានសំរេចការនោះ ហើយទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស នៅចំពោះពួកអ្នកបរិសុទ្ធរបស់ទ្រង់។
ទូលបង្គំនឹងយកដង្វាយស្ម័គ្រពីចិត្ត មកបូជាថ្វាយដល់ទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស
គឺទ្រង់តែមួយព្រះអង្គដែលជាថ្មដា ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើជាខ្លាំងឡើយ
ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់។
នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ហើយច្រៀងសរសើរដល់ព្រះនាមនៃទ្រង់ ជាព្រះដ៏ខ្ពស់បំផុត
តែម៉ូសេតបឆ្លើយថា កុំខ្លាចអី ឈប់សិន ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញទៀតជាដរាបទៅ
ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ។
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងបានសង្គ្រោះដោយវិលមកវិញ ហើយផ្អាកសំរាក ឯងរាល់គ្នានឹងមានកំឡាំងដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែឯងរាល់គ្នាមិនចូលចិត្តទេ
ពីព្រោះសាសន៍អេស៊ីព្ទគេជួយជាឥតអំពើ ហើយជាឥតប្រយោជន៍ទទេ ហេតុនោះបានជាអញបានហៅគេថា រ៉ាហាប ជាអ្នកដែលអង្គុយនៅតែស្ងៀម។
ហើយទូលថា ចូររវាំងខ្លួន ហើយសង្រួមចិត្ត កុំឲ្យភ័យឲ្យសោះ ក៏កុំឲ្យរាថយ ដោយព្រោះកន្ទុយឧសទាំង២ដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន នឹងសាសន៍ស៊ីរី ហើយរបស់កូនរេម៉ាលានោះដែរ
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀង១មេបានឬទេ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ តើមិនមែនជាទ្រង់វិញទេឬអី ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែទ្រង់ ដ្បិតគឺទ្រង់ហើយដែលបានធ្វើគ្រប់ការទាំងនេះ។
ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ។
គួរឲ្យមានសេចក្ដីសង្វាតខាងការល្អជាដរាបទៅ មិនមែនតែក្នុងកាលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ
ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្ដីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ
ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ
ដូច្នេះ ចូរក្រវាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនចុះ ទាំងដឹងខ្លួន ហើយឲ្យមានសេចក្ដីសង្ឃឹមគ្រប់ជំពូក ដល់ព្រះគុណដែលត្រូវផ្តល់មកដល់អ្នករាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមកផង