Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 73 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ប៉ែក​ទី​៣
ទំនុក​របស់​អេសាភ។

1 ប្រាកដ​មែន ព្រះ‌ទ្រង់​ប្រព្រឹត្ត​ល្អ ដល់​សាសន៍​អ៊ីស្រាអែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ត្រចះ

2 តែ​ឯ​ជើង​ទូលបង្គំ បាន​កន្ធែក​ចេញ​ហៀប​នឹង​ផុត​ទី​ហើយ ជំហាន​នៃ​ទូលបង្គំ​បាន​ហៀប​នឹង​រឥល​ភ្លាត់​ទៅ

3 ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួត ដោយ​ឃើញ​សេចក្ដី​ចំរើនរបស់​មនុស្ស​អាក្រក់​នោះ។

4 ៙ ពី​ព្រោះ​កាល​គេ​ស្លាប់ នោះ​គ្មាន​ឈឺ‌ចាប់​អ្វី​សោះ គឺ​កំឡាំង​គេ​នៅ​តែ​មាំ‌មួន​ដដែល

5 គេ​មិន​មាន​ទុក្ខ ដូច​ជា​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​វេទនា ដូច​មនុស្ស​ដទៃ​ដែរ

6 ហេតុ​នោះ​បាន​ជា​សេចក្ដី​អំនួត​របស់​គេ ប្រៀប​ដូច​ជា​ខ្សែ​ច្រវាក់​ពាក់​នៅ​ក ហើយ​គេ​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​ច្រឡោត

7 ភ្នែក​គេ​លៀន​ចេញ ដោយ​មាន​សាច់​ច្រើន គេ​មាន​ច្រើន​លើស​ជាង​ចិត្ត​ប្រាថ្នា​ទៅ​ទៀត

8 គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ជា​ការ​គំហក‌កំហែង ដោយ​ចិត្ត​អាក្រក់ ក៏​និយាយ​ដោយ​ពាក្យ​ធំ​ខ្ពស់

9 គេ​តាំង​មាត់​ពោល​ទាស់​នឹង​ស្ថាន‌សួគ៌ ហើយ​អណ្តាត​គេ​បង្វិល​ទៅ​មក​ពេញ​លើ​ផែនដី។

10 ៙ ហេតុ​នោះ​បាន​ជា​រាស្ត្រ​របស់​ទ្រង់​វិល​មក​ឯ​ណេះ ក៏​ផឹក​សំរេង​ទឹក​ដែល​ពេញ​ពែង​ផង

11 គេ​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជ្រាប​បាន តើ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​ប្រកប​ដោយ​ដំរិះ​ដែរ​ឬ

12 នេះ​ហើយ​ដែល​ហៅ​ថា​មនុស្ស​អាក្រក់ ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​នៅ​ដោយ​សុខ​ស្រួល បាន​ជា​ទ្រព្យ​សម្បត្តិ​គេ​ចំរើន​ឡើង

13 យ៉ាង​នោះ ការ​ដែល​ទូលបង្គំ​បាន​ជំរះ​ចិត្ត ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅ‌ហ្មង នោះ​ឥត​ប្រយោជន៍​ទទេ

14 ដ្បិត​ទូលបង្គំ​ត្រូវ​រង​រំពាត់​ជា​ដរាប​រាល់​ថ្ងៃ ហើយ​ត្រូវ​វាយ‌ផ្ចាល​រាល់​តែ​ព្រឹក​ជានិច្ច។

15 ៙ បើ​សិន​ជា​ទូលបង្គំ​បាន​ពោល​ថា អញ​នឹង​និយាយ​ដូច្នេះ​ដែរ នោះ​ឈ្មោះ​ថា​បាន​ក្បត់​ពូជ‌ពង្ស​នៃ​កូន​ចៅ​ទ្រង់​ហើយ

16 កាល​ទូលបង្គំ​បាន​ពិចារណា ដើម្បី​ចង់​ដឹង​ច្បាស់​ពី​សេចក្ដី​នេះ នោះ​ក៏​ពិបាក​ដល់​ទូលបង្គំ​ណាស់

17 ទាល់​តែ​ទូលបង្គំ​បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ ហើយ​បាន​ពិចារណា​ពី​ចុង​បំផុត​របស់​គេ

18 ពិត​ប្រាកដ​ជា​ទ្រង់​ឲ្យ​គេ​ឈរ​នៅ​កន្លែង​ដ៏​រឥល ទ្រង់​ក៏​បោះ​គេ​ចុះ​ទៅ​ឲ្យ​ត្រូវ​ហិន‌វិនាស

19 យី​អើ គេ​ត្រូវ​អន្តរ‌ធាន​ទៅ​ជា​ឆាប់​អី​ម៉្លេះ គេ​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង​ខ្លាច

20 នេះ​បែប​ដូច​ជា​កាល​ណា​យល់‌សប្តិ​រួច​ភ្ញាក់​ឡើង ឱ​ព្រះ‌អម្ចាស់​អើយ កាល​ណា​ទ្រង់​តើន​ឡើង នោះ​ទ្រង់​នឹង​តោះ‌តើយ​ចំពោះ​រូប​គេ​ដែរ។

21 ៙ ដូច្នេះ កាល​ទូលបង្គំ​មាន​សេចក្ដី​កំរើក​ក្នុង​ចិត្ត ហើយ​មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ថ្លើម

22 នោះ​ទូលបង្គំ​ជា​មនុស្ស​ឆោត ហើយ​ល្ងង់​ខ្លៅ គឺ​ទូលបង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ទ្រង់

23 ប៉ុន្តែទូលបង្គំ​នៅ​ជាប់​នឹង​ទ្រង់​ជានិច្ច ទ្រង់​បាន​កាន់​ដៃ​ស្តាំ​នៃ​ទូលបង្គំ

24 ទ្រង់​នឹង​នាំ​ទូលបង្គំ ដោយ​ដំបូន្មាន​របស់​ទ្រង់ រួច​នឹង​ទទួល​ទូលបង្គំ​ចូល​ក្នុង​សិរី‌ល្អ

25 ឯ​នៅ​ស្ថាន‌សួគ៌ តើ​ទូលបង្គំ​មាន​អ្នក​ឯ​ណា​ក្រៅ​ពី​ទ្រង់ ហើយ​នៅ​ផែនដី​ទូលបង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ

26 ឯ​សាច់ នឹង​ចិត្ត​ទូលបង្គំ នោះ​នឹង​សាប‌សូន្យ​ទៅ​បាន ប៉ុន្តែព្រះ​ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក នៃ​ទូលបង្គំ​ជា​ដរាប​ដែរ។

27 ៙ ដ្បិត​មើល អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ទ្រង់ គេ​នឹង​ត្រូវ​វិនាស ទ្រង់​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ចេញ​ពី​ទ្រង់

28 ឯ​ទូលបង្គំ ដែល​ទូលបង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូលបង្គំ ទូលបង្គំ​បាន​យក​ព្រះ‌អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយ ដើម្បី​ឲ្យ​បាន​ថ្លែង​ប្រាប់​ពី​អស់​ទាំង​ការ​របស់​ទ្រង់។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម