ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 9:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែគេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ គេ​បោះ‌បង់​ចោល​ក្រិត្យ‌វិន័យ​ទ្រង់​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ដែល​ធ្វើ​បន្ទាល់​ដល់​គេ ដោយ​ប្រាថ្នា​ចង់​នាំ​គេ​មក​ឯ​ទ្រង់​វិញ គេ​ក៏​ប្រព្រឹត្ត​ទំនាស់​ជា​ខ្លាំង​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពួក‌គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ​នឹង​ព្រះ‌អង្គ ពួក‌គេ​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សម្លាប់​ពួក​ហោរា​របស់​ព្រះ‌អង្គ ដែលបាន​ទូន្មានឲ្យ​គេ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​វិល​មក​រក​ព្រះ‌អង្គ​វិញ ពួក‌គេ​បាននាំ​គ្នា​ប្រមាថ​ព្រះ‌អង្គយ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ក្រោយ​មក ពួក​គេ​បាន​លើក​គ្នា​បះ‌បោរ ប្រឆាំង​នឹង​ព្រះអង្គ ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ហើយ​សម្លាប់​ពួក​ព្យាការី ដែល​ដាស់‌តឿន​ពួក​គេ​ឲ្យ​បែរ​ចិត្ត មក​រក​ព្រះអង្គ​វិញ ពួក​គេ​នាំ​គ្នា​ប្រមាថ​ព្រះអង្គ​យ៉ាង​ខ្លាំង។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ក្រោយ​មក ពួក​គេ​បាន​លើក​គ្នា​បះ‌បោរ ប្រឆាំង​នឹង​ទ្រង់ ពួក​គេ​បោះ​បង់​ចោល​ហ៊ូកុំ​របស់​ទ្រង់ ហើយ​សម្លាប់​ពួក​ណាពី ដែល​ដាស់‌តឿន​ពួក​គេ​ឲ្យ​បែរ​ចិត្ត មក​រក​ទ្រង់​វិញ ពួក​គេ​នាំ​គ្នា​ប្រមាថ​ទ្រង់​យ៉ាង​ខ្លាំង។

សូមមើលជំពូក



នេហេមា 9:26
35 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ឯង​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​អញ ដោយ​អាក្រក់​លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​ឯង​វិញ ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ នឹង​រូប​សិត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង ហើយ​ឯង​បាន​បោះ‌បង់​ចោល​អញ ទៅ​ខាង​ក្រោយ​ខ្នង​ឯង


តើ​គេ​មិន​បាន​ជំរាប​ដល់​លោក ជា​ម្ចាស់​ខ្ញុំ​ទេ​ឬ​អី ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ ក្នុង​កាល​ដែល​យេសិ‌បិល​សំឡាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ថា​ខ្ញុំ​បាន​បំពួន​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ចំនួន​១០០​នាក់​នៅ​ក្នុង​រអាង​ភ្នំ ក្នុង​១​ពួកៗ​៥០​នាក់ ព្រម​ទាំង​ចិញ្ចឹម​គេ ដោយ​នំបុ័ង​ហើយ​ទឹក​ផង


ដ្បិត​កាល​យេសិ‌បិល​បាន​សំឡាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​១០០​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​១​ពួក​៥០​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង នឹង​ទឹក)


លោក​ទូល​ថា ទូលបង្គំ​បាន​មាន​ចិត្ត​ឈឺ‌ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែលគេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ទ្រង់ គេ​បាន​រំលំ​អស់​ទាំង​អាសនា​របស់​ទ្រង់ ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់​ដោយ​ដាវ​ផង នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​រក​ជីវិត​ទូលបង្គំ​ថែម​ទៀត


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល ដោយ‌សារ​ពួក​ហោរា ជាពួក​អ្នក​បំរើ​ទ្រង់​ថា


ដោយ​ព្រោះ​ម៉ាន៉ាសេ​ជា​ស្តេច​យូដា បាន​ធ្វើ​ការ​ដែល​គួរ​ស្អប់​ខ្ពើម​ទាំង​អស់​នេះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​គ្រប់​ទាំង​អំពើ​របស់​សាសន៍​អាម៉ូរី​ដែល​នៅ​មុន​គេ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា​ធ្វើ​បាប តាម​រូប​ព្រះ​ខ្លួន​ផង


តែ​គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ទ្រង់ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់​តែ​រក​កែ‌ខៃ​មិន​បាន​ឡើយ។


ទោះ​ទាំង​កាល​ដែល​គេ​បាន​បណ្តាល​ទំនាស់​ទ្រង់​ជា​ខ្លាំង ដោយ​សិត​ធ្វើ​រូប​កូន​គោ ហើយ​និយាយ​ថា នេះ​ជា​ព្រះ​របស់​យើង ដែល​បាន​នាំ​យើង​ឡើង​ពី​ស្រុក​អេស៊ីព្ទមក​ដូច្នេះ​ក្តី


ទ្រង់​បាន​ធ្វើ​បន្ទាល់​ដល់​គេ ដើម្បី​នឹង​នាំ​គេ​មក​ឯ​ក្រិត្យ‌វិន័យ​ទ្រង់​វិញ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ឥត​ព្រម​ស្តាប់​តាម​ក្រិត្យ‌ក្រម​នៃ​ទ្រង់​ដែរ គឺ​បាន​ធ្វើ​បាប​ទទឹងនឹង​ច្បាប់​យុត្តិ‌ធម៌​របស់​ទ្រង់ (ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្ដី​នោះ​ឯង) ហើយ​គេ​ដក​ស្មា​ចេញ តាំង​ក​រឹង មិន​ព្រម​ស្តាប់​តាម​ឡើយ


ប៉ុន្តែ ទ្រង់​បាន​អត់​ទ្រាំ​នឹង​គេ​ជា​យូរ​ឆ្នាំ ព្រម​ទាំង​ធ្វើ​បន្ទាល់​ដល់​គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​លើ​ពួក​ហោរា ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​មិន​ផ្ទៀង​ត្រចៀក​ស្តាប់​ដែរ បាន​ជា​ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អស់​ទាំង​សាសន៍​របស់​ស្រុក​ដទៃ


ដែល​ឯង​ជា​អ្នក​ស្អប់​សេចក្ដី​ប្រដៅ ហើយ​ក៏​បោះ‌បង់​ចោល​ពាក្យ​អញ​ទៅ​ក្រោយ​ខ្នង​ដូច្នេះ


នោះ​ឯង​ត្រូវ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គឺ​ដោយ​ព្រោះ​ពួក​ព្ធយុ‌កោ​របស់​ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ផង គេ​បាន​បោះ‌បង់​ចោល​អញ ឥត​ដែល​រក្សា​ច្បាប់​អញ​ឡើយ


ការ​ដែល​អញ​បាន​វាយ‌ផ្ចាល​ពួក​កូន​ចៅ​ឯង នោះ​ជា​ឥត​អំពើ​ទេ វា​មិន​ព្រម​រាង‌ចាល​ឡើយ គឺ​ជា​ដាវ​របស់​ខ្លួន​ឯង​រាល់​គ្នា ដែល​បាន​ត្របាក់​លេប​ពួក​ហោរា​របស់​ឯង ដូច​ជា​សិង្ហ​ដែល​ហែក​បំផ្លាញ​វិញ


អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​សំបូរ ដើម្បី​ឲ្យ​បាន​បរិភោគ​ផល នឹង​របស់​ល្អ​នៃ​ស្រុក​នោះ ប៉ុន្តែកាល​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​អញ​ទៅ​ជា​ស្មោក‌គ្រោក ហើយ​ឲ្យ​មរដក​របស់​អញ​បាន​ត្រឡប់​ជា​ទី​ស្អប់​ខ្ពើម​វិញ


គេ​ក៏​ចូល​មក​ចាប់​យក​ស្រុក ប៉ុន្តែ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឬ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​១​ដែល​ទ្រង់​បាន​បង្គាប់​ដល់​គេ​ដែរ ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្តាល ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ


ឱ​សំណល់​នៃ​ពួក​យូដា​អើយ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល ពី​ដំណើរ​ឯង​រាល់​គ្នា​ថា កុំ​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូរ​ឲ្យ​ដឹង​ជាក់​ថា នៅ​ថ្ងៃ​នេះខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ហើយ


យើង​ខ្ញុំ​បាន​រំលង ព្រម​ទាំង​បះ‌បោរ​ហើយ ទ្រង់​មិន​បាន​អត់​ទោស​ឲ្យ​ទេ


ប៉ុន្តែកូន​ចៅ​ទាំង​នោះ​ក៏​រឹង‌ចចេស​នឹង​អញ​ដែរ គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​របស់​អញ​ឡើយ ក៏​មិន​បាន​រក្សា​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ផង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ ដោយ‌សារ​ច្បាប់​នោះ​ឯង គេ​បាន​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ទៅ ដូច្នេះ អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន


តែ​ពួក​ធ្វើ​ចំការ គេ​ចាប់​បាវ​ទាំង​នោះ​វាយ​ម្នាក់ សំឡាប់​ម្នាក់ ហើយ​ម្នាក់​ទៀត​ចោល​នឹង​ថ្ម​វិញ


តើ​មាន​ហោរា​ណា​មួយ ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​គេ​បាន​សំឡាប់​ពួក​អ្នក ដែល​ទាយ​ពី​ដំណើរ​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ក៏​បាន​ក្បត់ ហើយ​សំឡាប់​ព្រះ‌អង្គ​នោះ


ក៏​បាន​ឲ្យ​បរិភោគ​ខ្លាញ់​ទឹក​ដោះ នឹង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម នឹង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជ‌សាលី​យ៉ាង​ត្រសូល​ផង ហើយ​លោក​បាន​ផឹក​ឈាម​ទំពាំង‌បាយ‌ជូរ​ដ៏​សុទ្ធ


តែ​យេស៊ូរុន បាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង​វិញ គេ​បាន​ចំរើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ​ហើយ ក៏​ធាត់​រលីក នោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន​មក ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន


គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល ហើយ​នឹង​ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​របស់​សាសន៍​ស៊ីរី សាសន៍​ស៊ីដូន សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន នឹង​សាសន៍​ភីលីស្ទីន​ផង គេ​បោះ‌បង់​ព្រះ‌យេហូវ៉ា​ចោល ក៏​លែង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ទៅ