ទំនុកតម្កើង 63:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទូលបង្គំ ជាក្សត្រ នឹងរីករាយក្នុងព្រះវិញ អស់អ្នកណាដែលស្បថដោយនូវទ្រង់ នោះនឹងបានសរសើរដោយអរសាទរ ពីព្រោះមាត់នៃពួកមនុស្សកំភូតនឹងត្រូវបិទ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះរាជានឹងអរសប្បាយក្នុងព្រះ អស់អ្នកដែលស្បថដោយអាងព្រះអង្គនឹងអួត ដ្បិតមាត់របស់អ្នកដែលនិយាយមុសានឹងត្រូវបានបិទ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះរាជានឹងអរសប្បាយក្នុងព្រះវិញ អស់អ្នកដែលស្បថដោយព្រះនាមព្រះអង្គ នឹងមានចិត្តត្រេកអរឡើង ព្រោះមាត់របស់មនុស្សភូតកុហក នឹងត្រូវបិទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះរាជានឹងមានអំណរ ដោយព្រះនាមព្រះជាម្ចាស់ អ្នកណាស្បថក្នុងព្រះនាមព្រះជាម្ចាស់ អ្នកនោះនឹងលើកតម្កើងព្រះអង្គ រីឯអ្នកដែលចូលចិត្តនិយាយកុហក នឹងត្រូវបាត់មាត់សូន្យឈឹងទៅ។ អាល់គីតាប ពេលនោះ ស្តេចនឹងមានអំណរ ដោយនាមអុលឡោះ អ្នកណាស្បថក្នុងនាមអុលឡោះ អ្នកនោះនឹងលើកតម្កើងទ្រង់ រីឯអ្នកដែលចូលចិត្តនិយាយកុហក នឹងត្រូវបាត់មាត់សូន្យឈឹងទៅ។ |
ពួកមនុស្សទៀងត្រង់ក៏ឃើញ ហើយមានសេចក្ដីអំណរឡើង ឯសេចក្ដីទុច្ចរិត នឹងត្រូវបាត់មាត់ទៅ
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដ៏ជាស្តេច នឹងមានសេចក្ដីអំណរចំពោះឫទ្ធានុភាពនៃទ្រង់ ហើយនឹងរីករាយសប្បាយជាខ្លាំង ចំពោះសេចក្ដីសង្គ្រោះនៃទ្រង់យ៉ាងណាហ្ន៎
សូមឲ្យបបូរមាត់កំភូតបានទៅជាគ គឺបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយឆ្មើងឆ្មៃ ចិត្តធំ នឹងសេចក្ដីមើលងាយ
៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅឯព្រះដទៃណាមួយ
នៅគ្រានោះ នឹងមានទីក្រុង៥នៅក្នុងស្រុកអេស៊ីព្ទ ដែលនិយាយភាសារបស់ស្រុកកាណាន គេនឹងស្បថដល់ព្រះយេហូវ៉ានៃពួកពលបរិវារដែរ ឯទីក្រុង១នោះ នឹងបានហៅថាក្រុងដែលត្រូវវិនាស។
អញបានស្បថដោយខ្លួនអញ ពាក្យនោះបានចេញពីមាត់អញ ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ គឺថា គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតនឹងស្បថពីដំណើរអញថា
បានជាអ្នកណានៅផែនដី ដែលចង់បានពរ នោះនឹងរកពរដោយព្រះនៃសេចក្ដីពិត ហើយអ្នកណានៅផែនដីដែលស្បថ នោះនឹងស្បថដោយព្រះនៃសេចក្ដីពិតដែរ ពីព្រោះសេចក្ដីវេទនាពីជាន់មុនបានភ្លេចទៅហើយ ក៏បានកំបាំងពីភ្នែកអញផង។
ដូច្នេះ សូមទ្រង់ប្រគល់កូនចៅគេដល់សេចក្ដីអំណត់អត់ ហើយខ្លួនគេដល់អំណាចដាវផង សូមឲ្យប្រពន្ធគេនៅជាឥតមានកូន នឹងជាមេម៉ាយ ហើយឲ្យពួកប្រុសៗរបស់គេត្រូវស្លាប់ នឹងពួកកំឡោះៗរបស់គេត្រូវរបួស ដោយដាវក្នុងសង្គ្រាម
នឹងពួកអ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំដល់ពលបរិវារនៅលើមេឃ ហើយពួកអ្នកដែលថ្វាយបង្គំ គឺដែលស្បថដល់ទាំងព្រះយេហូវ៉ា នឹងដល់ព្រះម៉ូឡុកផង
រីឯគ្រប់ទាំងសេចក្ដីដែលក្រិត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រិត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយទាំងមូលជាប់មានទោសនៅចំពោះព្រះ
ត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយគោរពប្រតិបត្តិដល់ទ្រង់ ព្រមទាំងស្បថដោយនូវព្រះនាមទ្រង់
ដ្បិតកាលព្រះបានសន្យានឹងលោកអ័ប្រាហាំ នោះពីព្រោះគ្មានអ្នកណាធំជាង សំរាប់ឲ្យទ្រង់បានស្បថដោយអ្នកនោះទេ បានជាទ្រង់ស្បថដោយព្រះអង្គទ្រង់វិញថា
លោកមានប្រសាសន៍ថា កុំឲ្យខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំនឹងបានជាបន្ទាប់របស់អ្នក ដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ
អញក៏ដឹងហើយថា ឯងនឹងបានសោយរាជ្យជាមិនខាន ហើយនគររបស់សាសន៍អ៊ីស្រាអែលនឹងបានតាំងឡើង នៅក្នុងកណ្តាប់ដៃឯងផង