ទំនុកតម្កើង 2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងពួងមានគំនិតជាឥតសារដូច្នេះ 2 ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា 3 ចូរយើងផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ 4 ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើច ព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ 5 រួចទ្រង់នឹងមានបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់ ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផង ថា 6 អញបានតាំងស្តេចរបស់អញឡើងហើយ គឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ។ 7 ៙ អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មាន បន្ទូលនឹងអញថា ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ 8 ចូរសូមពីអញ នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដក ហើយអស់ទាំងចុងផែនដីទុកជាកេរ្តិ៍អាកររបស់ឯង 9 ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែក ព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន 10 ៙ ដូច្នេះ ឱពួកមហាក្សត្រទាំងប៉ុន្មានអើយ ចូរប្រព្រឹត្តដោយប្រាជ្ញាចុះ ឱពួកអស់ទាំងចៅក្រមនៅផែនដីអើយ ចូរទទួលសេចក្ដីផ្ចាលចុះ 11 ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាច ហើយមានសេចក្ដីអំណរ ដោយញ័ររន្ធត់ 12 ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយឯងរាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីខ្ញាល់របស់ទ្រង់នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកទ្រង់ជាទីពឹងជ្រក។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia