ទំនុកតម្កើង 44 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង ជាសេចក្ដីបង្រៀន។ 1 ឱព្រះអង្គអើយ យើងខ្ញុំបានឮដោយត្រចៀក ពួកឰយុកោយើងខ្ញុំ បានថ្លែងប្រាប់មកយើងខ្ញុំ ពីការទាំងប៉ុន្មានដែលទ្រង់បានធ្វើ នៅសម័យចាស់បុរាណក្នុងជំនាន់គេ 2 គឺពីទ្រង់បណ្តេញអស់ទាំងសាសន៍ដទៃចេញ ដោយព្រះហស្តទ្រង់ ហើយបានបណ្តុះពួកអ៊ីស្រាអែលវិញ ទ្រង់បានប្រហារអស់ទាំងសាសន៍ដទៃ តែបានឲ្យអ៊ីស្រាអែលវាតទីចេញទៅ 3 ដ្បិតគេមិនបានចាប់យកស្រុកនោះដោយដាវខ្លួនទេ ក៏មិនមែនជាដៃខ្លួនគេ ដែលបានជួយសង្គ្រោះគេដែរ គឺជាព្រះហស្តស្តាំ នឹងព្រះពាហុទ្រង់ ព្រមទាំងពន្លឺនៃព្រះភក្ត្រទ្រង់វិញ ដ្បិតទ្រង់បានប្រោសដល់គេ។ 4 ៙ ឱព្រះអង្គអើយ ទ្រង់ជាមហាក្សត្រនៃទូលបង្គំ សូមបង្គាប់ឲ្យមានសេចក្ដីសង្គ្រោះដល់ពួកយ៉ាកុប 5 យើងខ្ញុំនឹងច្រានផ្តួលពួកខ្មាំងសត្រូវ ដោយសារទ្រង់ ហើយនឹងជាន់ឈ្លីពួកអ្នក ដែលលើកគ្នាទាស់នឹងយើងខ្ញុំ ដោយនូវព្រះនាមទ្រង់ 6 ដ្បិតទូលបង្គំនឹងមិនពឹងធ្នូរបស់ទូលបង្គំទេ ហើយដាវទូលបង្គំក៏មិនជួយសង្រ្គោះទូលបង្គំដែរ 7 គឺទ្រង់ដែលជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីពួកសត្រូវវិញ ព្រមទាំងធ្វើឲ្យពួកអ្នកដែលស្អប់យើងខ្ញុំត្រូវខ្មាសផង 8 យើងខ្ញុំបានអួតពីព្រះ ជាដរាបរាល់ថ្ងៃ ហើយនឹងសរសើរដល់ព្រះនាមទ្រង់ជាដរាបតទៅ។ –បង្អង់ 9 ៙ ប៉ុន្តែ ឥឡូវនេះ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ហើយបានធ្វើឲ្យយើងខ្ញុំអាប់យសផង ក៏មិនយាងចេញទៅជាមួយនឹងពលទ័ពយើងខ្ញុំទៀតដែរ 10 ទ្រង់បណ្តាលឲ្យពួកយើងខ្ញុំបែរខ្នងចំពោះពួកខ្មាំងសត្រូវ ហើយពួកអ្នកដែលស្អប់យើងខ្ញុំ គេរឹបជាន់យករបឹបទៅសំរាប់ខ្លួនគេ 11 ទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចជាចៀមដែលសំរាប់ធ្វើសាច់ ក៏បានកំចាត់កំចាយយើងខ្ញុំទៅនៅគ្រប់ទាំងសាសន៍ដទៃ 12 ទ្រង់លក់រាស្ត្រទ្រង់ឥតយកថ្លៃ ហើយមិនបានចំរើនទ្រព្យដោយសារដំឡៃរបស់គេទេ។ 13 ៙ ទ្រង់ធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីដំនៀល ចំពោះពួកអ្នកជិតខាង ជាទីឡកឡឺយ ហើយជាទីសំណើចដល់អស់អ្នកដែលនៅជុំវិញ 14 ក៏ឲ្យយើងខ្ញុំទៅជាសេចក្ដីប្រៀបធៀបនៅគ្រប់ទាំងនគរ ហើយជាទីគួរគ្រវីក្បាលនៅគ្រប់សាសន៍ដទៃផង 15 សេចក្ដីអាប់យសរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច ហើយភាពខ្មាសនៃមុខទូលបង្គំ ក៏គ្របទូលបង្គំដែរ 16 ដោយព្រោះសំឡេងនៃពួកអ្នកដែលប្រមាថមើលងាយ ហើយពួកខ្មាំងសត្រូវ នឹងពួកអ្នកដែលសងសឹងផង។ 17 ៙ ការទាំងនោះបានកើតដល់យើងខ្ញុំហើយ ប៉ុន្តែយើងខ្ញុំមិនបានភ្លេចទ្រង់ឡើយ ក៏មិនបានក្បត់សេចក្ដីសញ្ញាទ្រង់ដែរ 18 ចិត្តយើងខ្ញុំមិនបានថយត្រឡប់ទេ ជំហាននៃយើងខ្ញុំក៏មិនបានទាសចេញពីផ្លូវទ្រង់ដែរ 19 ទោះបើទ្រង់បានបំបាក់បំបែកយើងខ្ញុំនៅទីរបស់ឆ្កែព្រៃ ហើយគ្របយើងខ្ញុំ ដោយម្លប់នៃសេចក្ដីស្លាប់ក៏ដោយ។ 20 ៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅឯព្រះដទៃណាមួយ 21 នោះតើព្រះមិនស៊ើបរកឲ្យឃើញទេឬអី ដ្បិតទ្រង់ជ្រាបទាំងសេចក្ដីលាក់កំបាំងនៅក្នុងចិត្តផង 22 យើងខ្ញុំត្រូវគេសំឡាប់ ជាដរាបរាល់ថ្ងៃ ដោយព្រោះទ្រង់ ហើយក៏រាប់ទុកដូចជាចៀមដែលសំរាប់សំឡាប់។ 23 ៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើង ហេតុអ្វីបានជាទ្រង់នៅផ្ទំលក់ សូមទ្រង់តើនឡើង កុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ 24 ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រ ហើយភ្លេចសេចក្ដីវេទនា នឹងសេចក្ដី ទុក្ខលំបាករបស់យើងខ្ញុំ 25 ដ្បិតព្រលឹងនៃយើងខ្ញុំបានត្រូវឱនដល់ធូលីដីហើយ ខ្លួនប្រាណនៃយើងខ្ញុំក៏ជាប់នៅដីដែរ 26 សូមទ្រង់តើនឡើងជួយយើងខ្ញុំ ហើយលោះយើងខ្ញុំ ដោយយល់ដល់ សេចក្ដីសប្បុរសរបស់ទ្រង់ផង។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia