ទំនុកតម្កើង 25:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ទ្រង់ផង ដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ ព្រះគម្ពីរខ្មែរសាកល សូមនាំទូលបង្គំឲ្យដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ ហើយបង្រៀនទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ; ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គវាល់ព្រឹកវាល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមអប់រំទូលបង្គំឲ្យរស់នៅ ស្របតាមសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមលើព្រះអង្គជារៀងរាល់ថ្ងៃ។ អាល់គីតាប សូមអប់រំខ្ញុំឲ្យរស់នៅ ស្របតាមសេចក្ដីពិតរបស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់សង្គ្រោះខ្ញុំ ខ្ញុំសង្ឃឹមលើទ្រង់ជារៀងរាល់ថ្ងៃ។ |
ទ្រង់បានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ មកបង្ហាត់បង្រៀនគេ ទ្រង់មិនដែលបង្អត់នំម៉ាន៉ាចំពោះគេទេ ហើយបានប្រទានទឹក ឲ្យគេផឹកផង
មើល ព្រះទ្រង់ធ្វើការយ៉ាងខ្ពស់វិសេស ដោយឫទ្ធិរបស់ទ្រង់ តើមានគ្រូឯណាដែលប្រៀបផ្ទឹមនឹងទ្រង់បាន
ទូលបង្គំបានទូលសំដែងពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ហើយទ្រង់បានឆ្លើយមក សូមបង្រៀនអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំផង
៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវ នៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំ នោះទូលបង្គំនឹងកាន់តាមដរាបដល់ចុងបំផុត
សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាឆ្លុះយល់ ហើយចេះដឹងយ៉ាងល្អ ដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ
៙ ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃ តែទ្រង់មិនមានបន្ទូលឆ្លើយមកសោះ ក៏ស្រែកនៅពេលយប់ផង តែទូលបង្គំមិនចេះស្រាកស្បើយឡើយ
អ្នកនោះនឹងទទួលពរពីព្រះយេហូវ៉ា ហើយនឹងសេចក្ដីសុចរិតពីព្រះដ៏ជួយសង្គ្រោះខ្លួន
អស់ទាំងផ្លូវនៃព្រះយេហូវ៉ា សុទ្ធតែប្រកប ដោយសេចក្ដីសប្បុរស នឹងសេចក្ដីពិត ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា នឹងសេចក្ដីបន្ទាល់របស់ទ្រង់
ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់ ដូច្នេះ ទ្រង់នឹងបង្ហាត់មនុស្សមានបាបឲ្យតាមផ្លូវទ្រង់វិញ
៙ ព្រះ ទ្រង់ជាព្រះដែលប្រោសឲ្យយើងខ្ញុំរួច ហើយសេចក្ដីរួចពីស្លាប់ក៏ស្រេចនៅព្រះយេហូវ៉ា ជាព្រះអម្ចាស់ដែរ
ឱព្រះដ៏ជួយសង្រ្គោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់ សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាប របស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់
ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំអំពាវនាវដល់ទ្រង់ជាដរាបរាល់ថ្ងៃ
ឱព្រះយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ ទូលបង្គំបានអំពាវនាវនៅចំពោះទ្រង់ ទាំងយប់ទាំងថ្ងៃ
កុំបើកឲ្យចិត្តច្រណែន នឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ
មានពរហើយ អ្នកណាដែលស្តាប់អញ ដោយចាំយាមនៅមាត់ទ្វារអញរាល់ថ្ងៃ គឺដែលរង់ចាំនៅក្របទ្វារផ្ទះរបស់អញ
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាសនឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់
ហើយនៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ នឹងទុកសំរាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯមនុស្សដែលដើរដំណើរ ទោះបើជាមនុស្សល្ងីល្ងើក៏ដោយ គង់តែមិនវង្វេងដែរ
អញនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវ១ដែលគេមិនស្គាល់ អញនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ អញនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ
គេនឹងមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ទ្រង់នឹងនាំគេទៅ អើ ទ្រង់នឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក
ឯកូនចៅទាំងប៉ុន្មានរបស់ឯង នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ
គេនឹងមកដោយទឹកភ្នែក នឹងពាក្យទូលអង្វរ អញនឹងនាំមុខគេ ហើយដំរង់គេដើរទៅក្បែរមាត់ទន្លេ តាមផ្លូវត្រង់ ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតអញជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់អញ។
ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ
ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី
តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ
កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក
នៅក្នុងគម្ពីរពួកហោរាមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នា» ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ
ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ
រីឯដំណើរដែលទ្រង់ចាក់លាបឲ្យ នោះក៏នៅជាប់នឹងអ្នករាល់គ្នាពិត ហើយអ្នករាល់គ្នាមិនត្រូវការ ឲ្យអ្នកណាបង្រៀនពីការអ្វីទេ ប៉ុន្តែ ដូចជាដំណើរចាក់លាបនោះ បានបង្រៀនពីគ្រប់ការទាំងអស់ ហើយមិនមែនជាសេចក្ដីកំភូតទេ គឺជាសេចក្ដីពិតវិញ នោះត្រូវឲ្យអ្នករាល់គ្នានៅជាប់ក្នុងទ្រង់ចុះ តាមដែលដំណើរនោះបានបង្រៀនមក
ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេ ទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ។