អេសាយ 42:14 - ព្រះគម្ពីរខ្មែរសាកល “យើងបាននៅស្ងៀមជាយូរមកហើយ យើងបានរក្សាភាពស្ងៀមស្ងាត់ ហើយទប់ចិត្ត។ ប៉ុន្តែឥឡូវនេះ យើងនឹងស្រែកឡើងដូចស្ត្រីសម្រាលកូន យើងនឹងដង្ហក់ ហើយត្រដរខ្យល់ផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានអត់ទ្រាំជាយូរមកហើយ យើងបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ យើងនឹងស្រែកឡើងដូចជាស្រី ដែលឈឺនឹងសម្រាលកូន យើងនឹងដកដង្ហើមគំហុកចូល រួចទម្លាយចេញតែម្តង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ យើងនៅសម្ងំ យើងខំទប់ចិត្ត ឥឡូវនេះ យើងស្រែកដង្ហក់ ដូចស្ត្រីស្រែកថ្ងូរ នៅពេលសម្រាលកូន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានអត់ទ្រាំជាយូរមកហើយ អញបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ អញនឹងស្រែកឡើងដូចជាស្រីដែលឈឺនឹងសំរាលកូន អញនឹងដកដង្ហើមគំហុកចូល រួចទំលាយចេញតែម្តង អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ យើងនៅសំងំ យើងខំទប់ចិត្ត ឥឡូវនេះ យើងស្រែកដង្ហក់ ដូចស្ត្រីស្រែកថ្ងូរ នៅពេលសំរាលកូន! |
អ្នកបានប្រព្រឹត្តការទាំងនេះ ប៉ុន្តែយើងបានរក្សាភាពស្ងៀមស្ងាត់ អ្នកបានគិតថាយើងដូចតែអ្នកប៉ុណ្ណោះ ប៉ុន្តែយើងនឹងស្ដីបន្ទោសអ្នក ព្រមទាំងលាតត្រដាងការទាំងនេះនៅចំពោះភ្នែករបស់អ្នក។
ទោះបីជាយ៉ាងនោះក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់រង់ចាំដើម្បីមេត្តាដល់អ្នករាល់គ្នា។ ដោយហេតុនេះ ព្រះអង្គទ្រង់ក្រោកឡើងដើម្បីអាណិតមេត្តាដល់អ្នករាល់គ្នា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌។ មានពរហើយ អស់អ្នកដែលរង់ចាំព្រះអង្គ!
តើអ្នកបានភិតភ័យ និងខ្លាចអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកចាំអំពីយើង ក៏មិនបានយកចិត្តទុកដាក់ដូច្នេះ? តើយើងមិនបាននៅស្ងៀមជាយូរមកហើយទេឬ បានជាអ្នកមិនកោតខ្លាចយើង?
ព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងទប់ព្រះហឫទ័យចំពោះការទាំងនេះឬ? តើព្រះអង្គនឹងនៅស្ងៀម ហើយធ្វើទុក្ខយើងខ្ញុំជាខ្លាំងឬ?៕
មើល៍! មានសរសេរទុកនៅចំពោះយើងថា យើងនឹងមិននៅស្ងៀមឡើយ យើងនឹងតបសងជាប្រាកដ គឺយើងនឹងតបសងទៅលើទ្រូងរបស់ពួកគេ
តើព្រះមិនផ្ដល់យុត្តិធម៌ដល់អ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះអង្គ ដែលកំពុងស្រែករកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យារពេលជួយពួកគេឬ?
ហើយចូរចាត់ទុកការអត់ធ្មត់របស់ព្រះអម្ចាស់នៃយើងថាជាសេចក្ដីសង្គ្រោះ ដូចដែលប៉ូលបងប្អូនដ៏ជាទីស្រឡាញ់របស់យើងបានសរសេរមកអ្នករាល់គ្នាដែរ ស្របតាមប្រាជ្ញាដែលប្រទានដល់គាត់។