ម៉ាកុស 9:23 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“‘ប្រសិនបើអាច’ ឬ?អ្វីៗទាំងអស់អាចសម្រេចបានសម្រាប់អ្នកដែលជឿ”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចឬ? គ្រប់ការទាំងអស់នឹងបានសម្រេចសម្រាប់អ្នកជឿ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចដូច្នេះឬ? គ្រប់ការទាំងអស់អាចសម្រេចបានដល់អ្នកណាដែលជឿ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើលោកអាចជួយបាន” ដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា បើអាចនឹងជឿបាន នោះការទាំងអស់នឹងសំរេចបាន ដល់អ្នកណាដែលជឿ អាល់គីតាប អ៊ីសាបានប្រាប់ទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើតួនអាចជួយបាន” ដូច្នេះ? អុលឡោះអាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ |
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ដោយសារជំនឿរបស់អ្នករាល់គ្នាតិច។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉ូតាតមួយ អ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា: ‘ចូររើចេញពីទីនេះ ទៅទីនោះទៅ!’ នោះវានឹងរើចេញ ហើយគ្មានអ្វីនឹងធ្វើមិនកើតសម្រាប់អ្នករាល់គ្នាឡើយ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលនិយាយនឹងភ្នំនេះថា: ‘ចូរត្រូវបានយកចេញ ហើយត្រូវបានទម្លាក់ទៅក្នុងសមុទ្រទៅ’ ហើយអ្នកនោះមិនសង្ស័យក្នុងចិត្ត គឺជឿថាអ្វីដែលគាត់និយាយនឹងសម្រេច នោះនឹងសម្រេចដល់គាត់។
វិញ្ញាណនោះបោះកូនខ្ញុំទៅក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់ ដើម្បីបំផ្លាញជីវិតវា។ ប៉ុន្តែប្រសិនបើលោកអាចធ្វើអ្វីបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង”។
ភ្លាមនោះ ឪពុករបស់ក្មេងក៏ស្រែកឡើងថា៖ “ខ្ញុំជឿហើយ! សូមជួយភាពឥតជំនឿរបស់ខ្ញុំផង”។
ព្រះអម្ចាស់មានបន្ទូលថា៖“ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉ូតាតមួយ អ្នករាល់គ្នាអាចនិយាយនឹងដើមមននេះថា: ‘ចូរឲ្យត្រូវបានដកចេញ ហើយដុះនៅក្នុងសមុទ្រទៅ!’ នោះវាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។
ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះទេឬ?”។
ខណៈដែលប៉ូលកំពុងនិយាយ បុរសនេះបានស្ដាប់។ ប៉ូលសម្លឹងមើលគាត់ ហើយឃើញថាគាត់មានជំនឿនឹងជាសះស្បើយបាន
បើគ្មានជំនឿ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកដែលចូលទៅជិតព្រះ ត្រូវតែជឿថាព្រះមាននៅមែន ព្រមទាំងជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកដែលស្វែងរកព្រះអង្គ។