ម៉ាថាយ 17 - ព្រះគម្ពីរខ្មែរសាកលព្រះយេស៊ូវប្ដូររូបរាង 1 ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុបទៅជាមួយ ហើយនាំឡើងទៅលើភ្នំខ្ពស់មួយតែក្រុមពួកគេ។ 2 ពេលនោះ ព្រះអង្គត្រូវបានប្ដូររូបរាងនៅមុខពួកគេ គឺព្រះភក្ត្ររបស់ព្រះអង្គភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្ររបស់ព្រះអង្គក៏ប្រែជាសដូចពន្លឺ។ 3 ពេលនោះ មើល៍! ម៉ូសេ និងអេលីយ៉ាបានលេចមក ហើយកំពុងសន្ទនាជាមួយព្រះយេស៊ូវ។ 4 ពេត្រុសក៏ទូលព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ! ជាការល្អណាស់ដែលពួកយើងនៅទីនេះ! បើសិនព្រះអង្គសព្វព្រះទ័យ ទូលបង្គំនឹងសង់រោងបីនៅទីនេះ មួយសម្រាប់ព្រះអង្គ មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា”។ 5 ខណៈដែលពេត្រុសកំពុងនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺគ្របពីលើពួកគេ ហើយមើល៍! មានសំឡេងមួយពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត។ ចូរស្ដាប់តាមព្រះអង្គចុះ!”។ 6 ពួកសិស្សបានឮដូច្នេះ ក៏ក្រាបមុខដល់ដី ទាំងភ័យខ្លាចយ៉ាងខ្លាំង។ 7 ព្រះយេស៊ូវយាងចូលមកជិតពាល់ពួកគេ ហើយមានបន្ទូលថា៖“ចូរក្រោកឡើង កុំខ្លាចឡើយ”។ 8 ពេលងើបភ្នែកឡើង ពួកគេមិនឃើញអ្នកណាឡើយ លើកលែងតែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះ។ 9 នៅពេលកំពុងចុះពីភ្នំ ព្រះយេស៊ូវបង្គាប់ពួកគេថា៖“កុំប្រាប់អ្នកណាអំពីនិមិត្តនេះឡើយ រហូតទាល់តែកូនមនុស្សត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។ 10 ពួកសិស្សទូលសួរព្រះអង្គថា៖ “ចុះហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា អេលីយ៉ាត្រូវតែមកមុន?”។ 11 ព្រះអង្គមានបន្ទូលតបថា៖“អេលីយ៉ានឹងមកមែន ហើយស្ដារអ្វីៗទាំងអស់ឡើងវិញ។ 12 ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អេលីយ៉ាបានមករួចហើយ តែពួកគេមិនបានទទួលស្គាល់លោកទេ ផ្ទុយទៅវិញពួកគេបានប្រព្រឹត្តដល់លោកតាមអំពើចិត្ត។ កូនមនុស្សក៏រៀបនឹងរងទុក្ខពីពួកគេយ៉ាងនោះដែរ”។ 13 ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានបន្ទូលនឹងពួកគេអំពីយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក។ អំណាចនៃជំនឿ 14 នៅពេលព្រះយេស៊ូវ និងពួកសិស្សមកដល់ហ្វូងមនុស្ស មានបុរសម្នាក់ចូលមកជិត លុតជង្គង់នៅមុខព្រះអង្គ 15 ទូលថា៖ “ព្រះអម្ចាស់អើយ! សូមអាណិតមេត្តាកូនប្រុសរបស់ទូលបង្គំផង ពីព្រោះវាមានជំងឺឆ្កួតជ្រូក ហើយរងទុក្ខយ៉ាងខ្លាំង។ វាដួលទៅក្នុងភ្លើងជាញឹកញាប់ ហើយក៏ដួលទៅក្នុងទឹកជាញឹកញាប់ដែរ។ 16 ដូច្នេះ ទូលបង្គំបាននាំវាមករកពួកសិស្សរបស់លោក ប៉ុន្តែពួកគេមិនអាចប្រោសវាឲ្យជាបានទេ”។ 17 ព្រះយេស៊ូវមានបន្ទូលតបថា៖“ឱ ជំនាន់ឥតជំនឿ និងវៀចវេរអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូននោះមកឯខ្ញុំនៅទីនេះ”។ 18 ព្រះយេស៊ូវទ្រង់ស្ដីឲ្យអារក្ស វាក៏ចេញពីក្មេងនោះ ហើយក្មេងនោះក៏ជាសះស្បើយនៅវេលានោះឯង។ 19 បន្ទាប់មក ពួកសិស្សចូលមកជិតព្រះយេស៊ូវតែក្រុមពួកគេ ទូលសួរថា៖ “ហេតុអ្វីបានជាយើងខ្ញុំមិនអាចដេញអារក្សនោះឲ្យចេញបាន?”។ 20 ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ដោយសារជំនឿរបស់អ្នករាល់គ្នាតិច។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉ូតាតមួយ អ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា: ‘ចូររើចេញពីទីនេះ ទៅទីនោះទៅ!’ នោះវានឹងរើចេញ ហើយគ្មានអ្វីនឹងធ្វើមិនកើតសម្រាប់អ្នករាល់គ្នាឡើយ។ 21 ប៉ុន្តែអារក្សប្រភេទនេះមិនចេញទេ លើកលែងតែតាមរយៈការអធិស្ឋាន និងការតមអាហារប៉ុណ្ណោះ”។ ប្រាប់ជាមុនម្ដងទៀតអំពីការសុគត 22 នៅពេលពួកគេកំពុងជួបជុំគ្នានៅកាលីឡេ ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សថា៖“កូនមនុស្សរៀបនឹងត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស 23 ហើយគេនឹងសម្លាប់លោក បន្ទាប់មកនៅថ្ងៃទីបី លោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។ ពួកសិស្សក៏ព្រួយចិត្តយ៉ាងខ្លាំង។ បង់ពន្ធជូនព្រះវិហារ 24 នៅពេលពួកគេមកដល់កាពើណិម មានពួកអ្នកទារពន្ធព្រះវិហារចូលមកជិតពេត្រុស សួរថា៖ “តើគ្រូរបស់ពួកអ្នកមិនបង់ពន្ធជូនព្រះវិហារទេឬ?”។ 25 ពេត្រុសតបថា៖ “លោកបង់តើ”។ ពេលពេត្រុសចូលទៅក្នុងផ្ទះ ព្រះយេស៊ូវផ្ដើមមុនគាត់ ដោយមានបន្ទូលថា៖“ស៊ីម៉ូនអើយ តើអ្នកគិតដូចម្ដេច? តើស្ដេចនៅផែនដីនេះយកពន្ធ ឬសួយសារអាករពីនរណា? ពីកូនៗរបស់ខ្លួន ឬពីអ្នកដទៃ?”។ 26 ពេត្រុសទូលឆ្លើយថា៖ “ពីអ្នកដទៃ”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“បើដូច្នេះ កូនៗមិនបាច់បង់ពន្ធទេ។ 27 ប៉ុន្តែដើម្បីកុំឲ្យយើងធ្វើឲ្យគេជំពប់ដួល ចូរអ្នកទៅបឹងបោះផ្លែសន្ទូចទៅ ហើយយកត្រីទីមួយដែលស្ទូចបាន បើកមាត់វា នោះអ្នកនឹងឃើញកាក់ស្ទេតាមួយ។ ចូរយកកាក់នោះទៅបង់ឲ្យពួកគេសម្រាប់ខ្ញុំ និងអ្នកចុះ”៕ |