ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ សាំ‌យូ‌អែល 23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
២ សាំ‌យូ‌អែល 23

ពាក្យ​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះបាទ​ដាវីឌ

1 នេះ​ជា​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះបាទ​ដាវីឌ ជា​ពាក្យ​ទំនាយ​របស់​ព្រះបាទ​ដាវីឌ បុត្រ​របស់​លោក​អ៊ីសាយ ជា​ពាក្យ​ទំនាយ​របស់​មនុស្ស​ដែល​ព្រះ​បាន​លើក​តម្កើង​យ៉ាង​ខ្ពស់ ជា​អ្នក​ដែល​ព្រះ​របស់​លោក​យ៉ាកុប​បាន​ចាក់​ប្រេង​តាំង ជា​អ្នក​តែង​ទំនុក​យ៉ាង​ពីរោះ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ថ្លែង​ថា៖

2 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ខ្ញុំ ព្រះ‌អង្គ​ដាក់​ព្រះ‌បន្ទូល​នៅ​លើ​អណ្ដាត​ខ្ញុំ។

3 ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​ព្រះ‌បន្ទូល គឺ​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មាន​ព្រះ‌បន្ទូលមក​ខ្ញុំ​ថា អ្នក​ណា​ដែល​គ្រប់​គ្រង​លើ​ប្រជាជន ដោយ​សុចរិត ហើយ​គ្រប់​គ្រង​ដោយ​កោត​ខ្លាច​ព្រះ

4 អ្នក​នោះ​ប្រៀប​ដូច​ជា​ពន្លឺ​នៅ​ពេល​ព្រលឹម​ស្រាង ពេល​ថ្ងៃ​កំពុង​តែ​រះ ជា​ពេល​ព្រឹក​មេឃ​ស្រឡះ ដែល​មាន​ស្មៅ​ពន្លក​ពី​ដី​ឡើង ដោយ​ពន្លឺ​ភ្លឺ​មក​ក្រោយ​ពេល​ភ្លៀង​ធ្លាក់។

5 តើ​វង្ស​របស់​ខ្ញុំ​មិន​មែន​ដូច្នេះ នៅ​ចំពោះ​ព្រះ​ទេ​ឬ? ដ្បិត​ព្រះ‌អង្គ​បាន​តាំង​សញ្ញា​នឹង​ខ្ញុំ ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ជា​សញ្ញា​ដែល​មាន​របៀប​រៀប‌រយ ហើយ​ពិត​ប្រាកដ។ តើ​មិន​មែន​ព្រះ‌អង្គ ដែល​ប្រទាន​ឲ្យ​ខ្ញុំ​បាន​ចម្រើន​ឡើង ហើយ​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​គ្រប់​យ៉ាង?

6 ប៉ុន្តែ ពួក​មនុស្ស​អា‌ក្រក់​វិញ ប្រៀប​ដូច​ជា​បន្លា​ដែល​គេ​បោះ​ចោល ព្រោះ​គេ​មិន​អាច​លូក​ដៃ​ចាប់​កាន់​បាន​ឡើយ។

7 អ្នក​ណា​ដែល​ប៉ះ​វា គឺ​ត្រូវ​តែ​មាន​ដែក និង​ដង​លំពែង​ផង គេ​នឹង​ប្រមូល​វា​ដុត​ឲ្យ​ឆេះ​សុស​នៅ​ទី​នោះ។

ទាហាន​ដ៏​អង់‌អាច​របស់​ព្រះបាទ​ដាវីឌ

8 ទាំង​នេះ​ជា​ឈ្មោះ​ទាហាន​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ គឺ​យ៉ូសែប-បា‌សេ‌បែត ជា​ពូជ​តាក‌ម៉ូនី លោក​ជា​មេ​លើ​ពួក​មេ‌ទ័ព លោក​បាន​លើក​លំពែង​តស៊ូ សម្លាប់​មនុស្ស​អស់​ប្រាំបី​រយ​នាក់​ក្នុង​មួយ​ពេល។

9 បន្ទាប់​មក អេលា‌សារ ជា​កូន​ដូដូរ ពូជ​អ័ហូអា លោក​ជា​ម្នាក់​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​បី​នាក់ ដែល​នៅ​ជា‌មួយ​ព្រះបាទ​ដាវីឌ ក្នុង​គ្រា​ដែល​ពួក​ភីលី‌ស្ទីន​លើក​គ្នា​មក​ច្បាំង ហើយ​ពួក​អ៊ីស្រា‌អែល​ដក​ថយ​នោះ។

10 ប៉ុន្តែ លោក​បាន​ក្រោក​ឡើង​ប្រហារ​ពួក​ភីលី‌ស្ទីន ទាល់​តែ​រោយ​ដៃ ហើយ​ដៃ​ជាប់​នៅ​នឹង​ដង​ដាវ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ ហើយ​បណ្ដា​ទ័ព​ក៏​ត្រឡប់​មក​រក​លោក​វិញ គ្រាន់​តែ​ប្រមូល​ជ័យភណ្ឌ​ប៉ុណ្ណោះ។

11 បន្ទាប់​ពី​លោក​នោះ​មក គឺ​សាំម៉ា​ជា​កូន​អ័កេ ពួក​ហារ៉ារី។ នៅ​គ្រា​ដែល​ពួក​ភីលី‌ស្ទីន​បាន​នាំ​គ្នា​មួយ​កង នៅ​ត្រង់​ចម្ការ​សណ្តែក​មួយ​កន្លែង ហើយ​ពួក​ពល​ទ័ព​បាន​រត់​ចេញ​ពី​មុខ​ពួក​ភីលី‌ស្ទីន​ទៅ។

12 តែ​លោក​នៅ​ឈរ​កណ្ដាល​ចម្ការ ការ​ពារ​ដី​នោះ ហើយ​សម្លាប់​ពួក​ភីលី‌ស្ទីន។ ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ។

13 ថ្ងៃ​ក្រោយ​ទៀត នៅ​ដើម​រដូវ​ចម្រូត មាន​បី​នាក់ ក្នុង​ចំណោម​ពួក​ប្រធាន​សាមសិប​នាក់ បាន​ទៅ​គាល់​ព្រះបាទ​ដាវីឌ​នៅ​ក្នុង​រអាង​អាឌូឡាម ខណៈ​ពេល​ពួក​ភីលី‌ស្ទីន​បាន​បោះ​ទ័ព​នៅ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម។

14 នៅ​គ្រា​នោះ ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង​មាំ​មួយ ហើយ​មាន​ពួក​ទ័ព​ភីលី‌ស្ទីន​នៅ​ត្រង់​ភូមិ​បេថ្លេ‌ហិម។

15 ព្រះបាទ​ដាវីឌ​នឹក​ស្រេក​ទឹក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «អូ គួរ​មាន​អ្នក​ណា​ម្នាក់ ដង​ទឹក​អណ្តូង​ដែល​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម​ឲ្យ​យើង​ផឹក!»។

16 ចំណែក​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​បី​នាក់​នោះ ក៏​បំបែក​ពួក​ទ័ព​ភីលី‌ស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​អណ្តូង នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម យក​ទឹក​មក​ថ្វាយ​ព្រះបាទ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ។

17 ស្តេច​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ការ​នេះ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូល‌បង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ?» ហេតុ​នោះ​ហើយ​បាន​ជា​ស្ដេច​មិន​ព្រម​សោយ​ទឹក​នោះ។ នេះ​ហើយ​ជា​ស្នា​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ​ទាំង​បី​នាក់​បាន​ធ្វើ។

18 អ័ប៊ី‌សាយ​ជា​ប្អូន​យ៉ូអាប់ និង​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​សាមសិប នោះ លោក​បាន​លើក​លំពែង​សម្លាប់​សត្រូវ​អស់​បីរយ​នាក់ ហើយ​លោក​ក៏​មាន​ឈ្មោះ​ល្បី​ដូច​អ្នក​ទាំង​បី​រូប​នោះ​ដែរ។

19 លោក​មាន​កេរ្តិ៍‌ឈ្មោះ​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​អ្នក​ទាំង​សាមសិប រូប ហើយ​លោក​បាន​ក្លាយ​ជា​មេ​បញ្ជាការ​លើ​ពួក​គេ តែ​លោក​មិន​ស្មើ​នឹង​អ្នក​ទាំង​បី​រូប​នោះ​ឡើយ។

20 បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ជា​កូនដែល​ខ្លាំង​ពូកែ​ម្នាក់ នៅ​កាប‌សៀល ជា​អ្នក​ដែល​មាន​ស្នា​ដៃ​ល្អៗ​ជា​ច្រើន។ លោក​បាន​សម្លាប់​កូន​ទាំង​ពីរ​របស់​អ័រាល សាសន៍​ម៉ូអាប់ ហើយ​បាន​ចុះ​ទៅ​ក្នុង​រណ្តៅ​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​មាន​ធ្លាក់​ព្រឹល

21 ហើយ​លោក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់ ដែល​មាន​មាឌ​ធំ​ខ្ពស់ សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​កាន់​លំពែង​នៅ​ដៃ ប៉ុន្តែ បេ‌ណា‌យ៉ា​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​ប៉ុណ្ណោះ លោក​កន្ត្រាក់​យក​លំពែង​ពី​ដៃ​សាសន៍​អេស៊ីព្ទ​នោះ​បាន រួច​ចាក់​សម្លាប់​នឹង​លំពែង​របស់​គេ​នោះ​ទៅ។

22 នេះ​ហើយ​ជា​ស្នាដៃ​របស់​បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា​បាន​ធ្វើ ដែល​នាំ​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​ដូច​អ្នក​ខ្លាំង​ពូកែ​ទាំង​បី​រូប​នោះ​ដែរ។

23 លោក​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ចំណោម​អ្នក​ទាំង​សាមសិប​រូប តែ​លោក​មិន​ស្មើ​នឹង​អ្នក​ទាំង​បី​រូប​នោះ​ឡើយ។ ព្រះបាទ​ដាវីឌ​បាន​តែង​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​កង​អង្គរក្ស​របស់​ស្ដេច។

24 ក្នុង​ចំណោម​សាមសិប​រូប មាន​អេសា‌អែល​ប្អូន​យ៉ូអាប់ អែល‌ហា‌ណាន​កូន​ដូដូរ ពី​ភូមិ​បេថ្លេ‌ហិម

25 សាំម៉ា​ជា​ពួក​ហារ៉ូដ អេ‌លីកា​ជា​ពួក​ហារ៉ូដ

26 ហេ‌លែស​ជា​ពូក​ប៉ាលធី អ៊ីរ៉ា​កូន​អ៊ីក‌កែស ពី​ក្រុង​ត្កូអា

27 អ័បៀ‌ស៊ើរ​ពី​អាណា‌ថោត មប៊ូ‌ណាយ​ជា​ពួក​ហ៊ូសាយ

28 សាល‌ម៉ូន​ជា​ពួក​អ័ហូអា ម៉ា‌ហារ៉ាយ​ពី​ស្រុក​នថូផា

29 ហេលែប​កូន​ប្អាណា ពី​ស្រុក​នថូផា អ៊ីត‌តាយ​កូន​រីបាយ ពី​ស្រុក​គី‌បៀរ ក្នុង​ពូជ​កូន​ចៅ​បេនយ៉ាមីន

30 បេ‌ណា‌យ៉ា​ពី​ស្រុក​ពីរ៉ាថូន ហ៊ីដាយ​ពី​ស្រុក​ណាហាលេ-កាអាស

31 អ័ប៊ី-អាលបូន​ពី​ស្រុក​អើរ៉ាបា អាស‌ម៉ាវែត​ពី​ស្រុក​បាហ៊ូរីម

32 អេលីយ៉ាបា​ពី​ស្រុក​ស្អាឡាប៊ីន ពួក​កូន​ប្រុស​យ៉ា‌សេន យ៉ូណា‌ថាន

33 កូន​ប្រុស សាំម៉ា ពី​ស្រុក​ស្អាហារ៉ារី អ័ហ៊ីយ៉ាម​កូន​សារ៉ើរ ពី​ស្រុក​ហារ៉ារី

34 អេលី‌ផាលេត​កូន​អ័ហាស‌បាយ កូន​របស់​ម្នាក់​ក្នុង​ពួក​ម៉ាកាធី អេលាម​កូន​អ័ហ៊ី‌ថូផែល ពី​ស្រុក​គីឡោ

35 ហែស្រូ ជា​ពួក​កើមែល ប្អារ៉ាយ​ជា​អ្នក​មក​ពី​អារ៉ាប

36 យីកាល​កូន​ណា‌ថាន់​ពី​ស្រុក​សូបា បានី​ជា​ពួក​កាដ

37 សេលេក​ជា​សាសន៍​អាំម៉ូន ណា‌ហា‌រ៉ាយ​ពី​ស្រុក​ប្អៀរ៉ុត ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​យ៉ូអាប់ ជា​កូន​របស់​សេរូយ៉ា

38 អ៊ីរ៉ា​ជា​ពួក​យេធើ ការេប​ជា​ពួក​យេធើ

39 និង​អ៊ូរី ជា​សាសន៍​ហេត។ សរុប​ទាំង​អស់​មាន​សាមសិប​ប្រាំពីរ​រូប។

© 2016 United Bible Societies

Bible Society in Cambodia