បរាជ័យរបស់កងទ័ពស្តេចអាប់សាឡុម1 គ្រានោះ ព្រះបាទដាវីឌបានត្រួតត្រាមើលពួកពលទ័ពដែលនៅជាមួយទ្រង់ ក៏តាំងឲ្យមានមេលើមួយពាន់នាក់ ហើយមេលើមួយរយនាក់។ 2 ព្រះបាទដាវីឌបានចែកពលទ័ពជាបីកង មួយកងនៅក្រោមអំណាចយ៉ូអាប់ មួយទៀតនៅក្រោមអំណាចអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ កូនសេរូយ៉ា ហើយមួយទៀត នៅក្រោមអំណាចអ៊ីតតាយ ជាពួកកាថ ស្ដេចមានរាជឱង្ការទៅគេថា៖ «យើងក៏នឹងចេញទៅជាមួយអ្នករាល់គ្នាដែរ»។ 3 ប៉ុន្តែ ពលទ័ពទូលថា៖ «ព្រះករុណាមិនត្រូវយាងទៅឡើយ ដ្បិតប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គេមិនរវល់នឹងយើងខ្ញុំទេ។ ប្រសិនបើយើងខ្ញុំស្លាប់អស់ពាក់កណ្ដាល គេក៏មិនរវល់នឹងយើងខ្ញុំដែរ។ រីឯព្រះករុណាវិញ មានតម្លៃស្មើនឹងយើងខ្ញុំមួយម៉ឺននាក់ឯណោះ។ ដូច្នេះ គួរតែព្រះករុណាគង់នៅក្នុងទីក្រុង ចាំជួយយើងខ្ញុំវិញ»។ 4 នោះស្តេចមានរាជឱង្ការថា៖ «យើងនឹងធ្វើតាមដែលអ្នករាល់គ្នាគិតឃើញថាត្រូវ»។ ដូច្នេះ ស្ដេចក៏ឈរនៅមាត់ទ្វារទីក្រុង ហើយពួកបណ្ដាទ័ពទាំងប៉ុន្មាន គេចេញទៅដោយពួករយ ពួកពាន់ 5 ស្ដេចក៏បង្គាប់ដល់យ៉ូអាប់ អ័ប៊ីសាយ និងអ៊ីតតាយថា៖ «ចូរមេត្តាដល់អាប់សាឡុមជាកូនប្រុសយើងផង ដោយយល់ដល់យើង»។ បណ្ដាទ័ពក៏បានឮ ក្នុងកាលដែលស្តេចបានផ្តាំពីដំណើរអាប់សាឡុម ដល់ពួកមេទាំងប៉ុន្មានដែរ។ 6 ដូច្នេះ ពួកបណ្ដាទ័ពក៏ចេញទៅទាស់នឹងពួកអ៊ីស្រាអែល ហើយតយុទ្ធគ្នានៅក្នុងព្រៃអេប្រាអិម 7 បណ្ដាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួនពីរម៉ឺននាក់។ 8 ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្ដាមនុស្សវិនាសទៅ ច្រើនជាងវិនាសដោយមុខដាវទៅទៀត។ 9 អាប់សាឡុមបានប្រទះនឹងពួកពលទ័ពខាងព្រះបាទដាវីឌ គ្រានោះ ទ្រង់កំពុងគង់លើលាកាត់ សត្វជំនិះក៏ទៅក្រោមមែកដើមម៉ៃសាក់ធំមួយដែលមានមែកសាខា នោះព្រះសិរក៏ទាក់ជាប់នៅនឹងមែកឈើ ព្យួរផុតជើងពីដី ឯលាកាត់ដែលស្ដេចគង់ក៏ដើរបង្ហួសទៅ។ 10 ខណៈនោះ មានមនុស្សម្នាក់បានឃើញ ក៏ទៅជម្រាបដល់យ៉ូអាប់ថា៖ «ន៏ ខ្ញុំបានឃើញអាប់សាឡុមព្យួរនៅលើដើមម៉ៃសាក់មួយ»។ 11 ឯយ៉ូអាប់ក៏បន្ទោសដល់អ្នកដែលប្រាប់ដំណឹងនោះថា៖ «បើឯងបានឃើញហើយ ម្តេចក៏មិនបានវាយសម្លាប់នៅទីនោះភ្លាមទៅ យើងនឹងបានឲ្យប្រាក់ដប់ដួង និងខ្សែក្រវាត់មួយដល់ឯង»។ 12 ប៉ុន្តែ អ្នកនោះឆ្លើយតបថា៖ «បើទុកជាបានប្រាក់មួយពាន់មកដៃខ្ញុំ គង់តែខ្ញុំក៏មិនព្រមលូកដៃទៅទាស់នឹងព្រះរាជបុត្រានៃស្តេចដែរ ដ្បិតយើងខ្ញុំបានឮព្រះបន្ទូលដែលទ្រង់បានផ្តាំដល់លោក និងអ័ប៊ីសាយ ហើយអ៊ីតតាយថា ចូរប្រយ័ត្ន កុំឲ្យអ្នកណាពាល់អាប់សាឡុម ជាកូនមានវ័យក្មេងនោះឡើយ។ 13 ម្យ៉ាងវិញទៀត ប្រសិនបើខ្ញុំបានប្រព្រឹត្តក្បត់ចំពោះព្រះជន្មព្រះរាជបុត្រ (នោះគ្មានអ្វីលាក់កំបាំងនឹងស្តេចឡើយ) សូម្បីតែលោកក៏ទាស់នឹងខ្ញុំដែរ»។ 14 យ៉ូអាប់ឆ្លើយថា៖ «មិនគួរឲ្យអ្នកនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ» រួចលោកចាប់យកដែកពួយបីកាន់នៅដៃ ទៅពួយទម្លុះត្រង់បេះដូងអាប់សាឡុម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ។ 15 យុវជនដប់នាក់ដែលកាន់អាវុធរបស់លោកយ៉ូអាប់ ក៏ចោមរោមវាយសម្លាប់អាប់សាឡុមទៅ។ 16 រួចហើយ យ៉ូអាប់ផ្លុំត្រែឡើង នោះពួកទ័ពក៏វិលត្រឡប់ពីដេញតាមពួកអ៊ីស្រាអែលមកវិញ ដ្បិតលោកប្រណីដល់គេ។ 17 គេយកសពរបស់អាប់សាឡុមទៅបោះចោលក្នុងរណ្តៅធំ នៅកណ្ដាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ។ 18 នៅគ្រាដែលអាប់សាឡុមគង់ព្រះជន្មនៅឡើយ ទ្រង់ធ្វើបង្គោលថ្មមួយ ទុកនៅច្រកភ្នំនៃហ្លួងសម្រាប់ជាទីរំឭក ដោយនឹកថា៖ «យើងគ្មានកូនប្រុសដើម្បីនឹងបន្តឈ្មោះយើងទេ»។ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡុម» ដរាបដល់សព្វថ្ងៃនេះ។ ព្រះបាទដាវីឌជ្រាបពីការសុគតរបស់ស្តេចអាប់សាឡុម19 គ្រានោះ អ័ហ៊ីម៉ាសកូនសាដុក មានវាចាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំនាំដំណឹង រត់ទៅទូលស្តេចពីដំណើរដែលព្រះយេហូវ៉ាបានសងសឹកនឹងខ្មាំងសត្រូវទ្រង់ហើយ»។ 20 ប៉ុន្តែ យ៉ូអាប់ឆ្លើយថា៖ «ថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅទេ ចាំដល់ថ្ងៃក្រោយវិញ តែថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅឡើយ ព្រោះរាជបុត្ររបស់ស្តេចសុគតហើយ»។ 21 រួចយ៉ូអាប់ក៏ប្រាប់គូស៊ីថា៖ «ចូរទៅទូលស្តេចពីការដែលអ្នកបានឃើញចុះ»។ គូស៊ីក៏ក្រាបសំពះយ៉ូអាប់ ហើយរត់ចេញទៅ។ 22 នោះអ័ហ៊ីម៉ាស ជាកូនសាដុក គាត់សូមយ៉ូអាប់ម្តងទៀតថា៖ «ទោះបើជាយ៉ាងណាក៏ដោយ សូមឲ្យខ្ញុំរត់ទៅតាមគូស៊ីផង» យ៉ូអាប់តបថា៖ «កូនអើយ ឯងចង់រត់ទៅធ្វើអី ដំណឹងយ៉ាងនេះមិនមែនជាគុណដល់ឯងទេ» 23 តែគាត់ថា៖ «ទោះបើយ៉ាងណាក៏ដោយចុះ គង់តែខ្ញុំនឹងរត់ទៅដែរ»។ ដូច្នេះ យ៉ូអាប់ក៏បណ្តោយថា៖ «ចូររត់ទៅចុះ»។ អ័ហ៊ីម៉ាសក៏រត់ទៅតាមផ្លូវវាលដល់មុនគូស៊ី។ 24 ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំងពីរ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក។ 25 អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានរាជឱង្ការថា៖ «បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ»។ អ្នកនោះមកកាន់តែជិតដល់ 26 រួចអ្នកចាំយាមឃើញម្នាក់ទៀតកំពុងតែរត់មក ក៏ស្រែកប្រាប់ទៅអ្នកឆ្មាំទ្វារថា៖ «មើលន៏ មានម្នាក់ទៀតរត់មកដែរ»។ ស្ដេចមានរាជឱង្ការថា៖ «នោះក៏នាំដំណឹងមកដែរ»។ 27 អ្នកចាំយាមទូលថា៖ «ទូលបង្គំស្មានថា អ្នកដែលរត់មកមុន នោះមានភាពរត់ដូចជាអ័ហ៊ីម៉ាស កូនសាដុក» ស្តេចមានរាជឱង្ការតបថា៖ «អ្នកនោះជាមនុស្សល្អ ក៏នាំដំណឹងល្អមក»។ 28 គ្រានោះ អ័ហ៊ីម៉ាសស្រែកទូលមកស្តេចថា៖ «មានសុខហើយ»។ រួចគាត់ក្រាបផ្កាប់មុខដល់ដី នៅចំពោះស្តេចទូលថា៖ «សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដោយព្រះអង្គបានប្រគល់ពួកអ្នកដែលលើកដៃទាស់នឹងព្រះករុណាជាអម្ចាស់នៃទូលបង្គំ មកហើយ»។ 29 ស្ដេចមានរាជឱង្ការសួរថា៖ «តើអាប់សាឡុមជាកូនប្រុសយើងសុខសប្បាយឬទេ?»។ អ័ហ៊ីម៉ាសទូលឆ្លើយថា៖ «កាលយ៉ូអាប់បានចាត់ទូលបង្គំ ជាអ្នកបម្រើព្រះករុណា មក នោះទូលបង្គំឃើញថា មានជ្រួលជ្រើមជាខ្លាំង តែមិនដឹងជាមានហេតុអ្វីទេ»។ 30 ដូច្នេះ ស្តេចប្រាប់ថា៖ «ចូរឯងបែរទៅ ឈរខាងនោះសិន»។ គាត់ក៏បែរទៅ ឈរស្ងៀមនៅទីនោះ។ 31 លំដាប់នោះ គូស៊ីក៏មកដល់ទូលថា៖ «ទូលបង្គំមានដំណឹងមកថ្វាយព្រះករុណាជាអម្ចាស់នៃទូលបង្គំ ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងពួកក្បត់ ដែលបានលើកដៃទាស់នឹងព្រះករុណាហើយ»។ 32 ស្តេចមានរាជឱង្ការសួរគូស៊ីថា៖ «តើអាប់សាឡុមកូនប្រុសយើងសុខសប្បាយឬទេ?»។ គូស៊ីទូលឆ្លើយថា៖ «សូមឲ្យពួកខ្មាំងសត្រូវនៃព្រះករុណាជាអម្ចាស់នៃទូលបង្គំ និងអស់អ្នកដែលលើកគ្នាក្បត់ចំពោះទ្រង់ បានដូចជាបុត្រាទ្រង់ចុះ»។ ព្រះបាទដាវីឌកាន់ទុក្ខចំពោះអាប់សាឡុម33 នោះស្ដេចមានសេចក្ដីរំជួលក្នុងព្រះហឫទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែង កំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានរាជឱង្ការដូច្នេះថា៖ «ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ! ឱអាប់សាឡុមបុត្របិតាអើយ ស៊ូឲ្យយើងបានស្លាប់ជំនួសឯង ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ!»។ |
© 2016 United Bible Societies
Bible Society in Cambodia