ការសាងសង់ព្រះវិហារឡើងវិញត្រូវបានបន្ត1 រីឯហោរាហាកាយ និងហោរាសាការី ជាកូនអ៊ីដោ បានថ្លែងទំនាយក្នុងព្រះនាមព្រះនៃសាសន៍អ៊ីស្រាអែល ទៅកាន់ពួកយូដាដែលនៅស្រុកយូដា និងនៅក្រុងយេរូសាឡិម។ 2 គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះដែលនៅក្រុងយេរូសាឡិមឡើងវិញ ដោយមានពួកហោរារបស់ព្រះរួមជាមួយ ជួយគាំទ្រផង។ 3 នៅគ្រាដដែលនោះ ថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងសហការី បានមកជួបពួកសាសន៍យូដា ហើយសួរថា៖ «តើអ្នកណាបានចេញបញ្ជាឲ្យអ្នករាល់គ្នាសង់ដំណាក់នេះ ហើយបង្ហើយកំផែងនេះ?» 4 អ្នកទាំងនោះ ក៏សួរដូច្នេះទៀតថា៖ «តើមនុស្សដែលកំពុងធ្វើការសាងសង់នេះ មានឈ្មោះអ្វីខ្លះ?» 5 ប៉ុន្តែ ព្រះនេត្ររបស់ព្រះបានទតមកលើពួកចាស់ទុំសាសន៍យូដា ហើយពួកលោកមិនបានបញ្ឈប់ការសាងសង់ទេ ចាំទាល់តែគេបញ្ជូនសំណុំរឿងទៅថ្វាយព្រះបាទដារីយុស ហើយមានរាជសារឆ្លើយតបមកកាត់សេចក្ដី។ 6 នេះជាសំណៅសំបុត្រដែលថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកទេសាភិបាល ជាសហការីរបស់លោក ដែលនៅខេត្តខាងនាយទន្លេ បានផ្ញើទៅព្រះបាទដារីយុស។ 7 ក្នុងសំបុត្រដែលគេផ្ញើទៅស្តេច មានសរសេរដូច្នេះថា៖ «សូមក្រាបបង្គំទូលថ្វាយព្រះករុណាដារីយុស សូមព្រះករុណាប្រកបដោយសេចក្ដីសុខចម្រើន! 8 សូមព្រះករុណាជ្រាបថា យើងខ្ញុំបានទៅខេត្តយូដា ទៅដល់ព្រះដំណាក់នៃព្រះដ៏ធំ។ ពួកគេយកថ្មធំៗមកសង់ព្រះដំណាក់នោះ ហើយគេបានដាក់ធ្នឹមក្នុងជញ្ជាំងរួចហើយ។ គេធ្វើកិច្ចការនោះយ៉ាងស្វាហាប់ ហើយចម្រើនឡើងដោយសារដៃរបស់គេ។ 9 ដូច្នេះ យើងខ្ញុំបានសាកសួរពួកចាស់ទុំរបស់គេថា "តើអ្នកណាបានចេញបញ្ជាឲ្យសង់ព្រះវិហារនេះ ហើយបង្ហើយកំផែងនេះ?" 10 យើងខ្ញុំក៏បានសួរឈ្មោះគេដែរ ដើម្បីកត់ឈ្មោះពួកមេដឹកនាំរបស់គេ យកមកថ្វាយព្រះករុណា។ 11 ពួកគេឆ្លើយមកយើងខ្ញុំដូច្នេះថា "ពួកយើងជាអ្នកបម្រើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី ហើយពួកយើងកំពុងតែសង់ព្រះដំណាក់នេះឡើងវិញ គឺជាព្រះដំណាក់ដែលស្តេចដ៏ធំមួយអង្គនៃសាសន៍អ៊ីស្រាអែល បានសង់រួចជាស្រេច តាំងពីយូរឆ្នាំកន្លងមកហើយ។ 12 ប៉ុន្ដែ ដោយព្រោះបុព្វបុរសរបស់ពួកយើងបានបណ្ដាលឲ្យព្រះនៃស្ថានសួគ៌មានសេចក្ដីក្រោធ ព្រះអង្គក៏បានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន ជាសាសន៍ខាល់ដេ ស្តេចអង្គនោះបានបំផ្លាញព្រះដំណាក់នេះ ហើយកៀរប្រជាជនទៅស្រុកបាប៊ីឡូន។ 13 ក៏ប៉ុន្ដែ នៅឆ្នាំដំបូងនៃរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកបាប៊ីឡូន ព្រះបាទស៊ីរូសបានចេញបញ្ជាឲ្យសង់ព្រះដំណាក់របស់ព្រះនេះឡើងវិញ។ 14 ឯគ្រឿងប្រដាប់មាស និងប្រាក់របស់ព្រះដំណាក់នៃព្រះ ដែលព្រះបាទនេប៊ូក្នេសាបានយកចេញពីព្រះវិហារនៅក្រុងយេរូសាឡិម ទៅដាក់ក្នុងព្រះវិហារនៅក្រុងបាប៊ីឡូន នោះព្រះបាទស៊ីរូសបានយកគ្រឿងប្រដាប់ទាំងនោះ ចេញពីព្រះវិហារក្រុងបាប៊ីឡូន ប្រគល់ឲ្យមនុស្សម្នាក់ឈ្មោះ សេសបាសារ ដែលស្ដេចបានតែងតាំងជាចៅហ្វាយខេត្ត។ 15 ស្ដេចបានបង្គាប់លោកថា "ចូរយកគ្រឿងប្រដាប់ទាំងនេះ ទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិមទៅ ហើយសង់ព្រះដំណាក់របស់ព្រះ នៅកន្លែងដើមឡើងវិញ"។ 16 ដូច្នេះ សេសបាសារនេះក៏បានមកចាក់គ្រឹះព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិម ហើយចាប់តាំងពីពេលនោះ រហូតមកទល់ពេលនេះ គេនៅតែសង់ព្រះដំណាក់នោះ តែមិនទាន់បានហើយនៅឡើយ"។ 17 ដូច្នេះ ប្រសិនបើព្រះករុណាយល់ឃើញថាជាការគួរ សូមឲ្យគេស្រាវជ្រាវរកក្នុងមន្ទីរលិខិតហ្លួង នៅស្រុកបាប៊ីឡូន ដើម្បីបញ្ជាក់ថា ព្រះបាទស៊ីរូសពិតជាបានចេញបញ្ជាឲ្យសង់ព្រះដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិមមែន ឬយ៉ាងណា រួចសូមព្រះករុណាផ្ញើសេចក្ដីសម្រេចមកយើងខ្ញុំអំពីរឿងនេះ តាមទ្រង់សព្វព្រះហឫទ័យចុះ»។ |
© 2016 United Bible Societies
Bible Society in Cambodia