អែសរ៉ា 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការប្រឆាំងនឹងការសាងសង់ព្រះវិហារឡើងវិញ 1 កាលខ្មាំងសត្រូវរបស់ពួកយូដា និងពួកបេនយ៉ាមីនឮថា ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ កំពុងសង់ព្រះវិហារថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល 2 គេក៏ចូលមកជួបសូរ៉ូបាបិល និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយជម្រាបថា៖ «សូមឲ្យពួកយើងសាងសង់ជាមួយអស់លោកផង ដ្បិតពួកយើងក៏ថ្វាយបង្គំព្រះរបស់អស់លោក ដូចជាអស់លោកដែរ យើងបានថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងតែពីគ្រាដែលព្រះបាទអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះមកម្ល៉េះ»។ 3 ប៉ុន្ដែ សូរ៉ូបាបិល យេសួរ និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ក្នុងសាសន៍អ៊ីស្រាអែលឯទៀតៗ ឆ្លើយទៅអ្នកទាំងនោះថា៖ «ការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើង មិនមែនជាធុរៈរបស់អស់លោកទេ គឺសម្រាប់តែគ្នាយើងប៉ុណ្ណោះ ដែលនឹងធ្វើការនេះថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដូចព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី បានបង្គាប់ដល់ពួកយើង»។ 4 ដូច្នេះ ប្រជាជននៅស្រុកនោះនាំគ្នាធ្វើឲ្យប្រជាជនយូដាបាក់ទឹកចិត្ត ហើយបំភ័យគេមិនឲ្យសាងសង់ 5 គេសូកប៉ាន់ពួកទីប្រឹក្សា ដើម្បីរាំងរាគម្រោងការរបស់ពួកយូដា តាំងពីរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី រហូតដល់រជ្ជកាលព្រះបាទដារីយុស ជាស្ដេចស្រុកពើស៊ី។ ការជំទាស់មិនឲ្យសង់ក្រុងយេរូសាឡិមឡើងវិញ 6 ក្នុងរជ្ជកាលព្រះបាទអ័ហាស៊ូរុស កាលទ្រង់ចាប់ផ្ដើមសោយរាជ្យ អ្នកស្រុកនោះបានសរសេរសំបុត្រមួយថ្វាយស្ដេច ដើម្បីចោទប្រកាន់ពួកអ្នកស្រុកយូដា និងពួកអ្នកក្រុងយេរូសាឡិម។ 7 នៅក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ប៊ីសឡាំ មីត្រាដាត ថាបេល និងគូកនរបស់គេឯទៀតៗ ក៏បានសរសេរសំបុត្រថ្វាយព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ីដែរ។ សំបុត្រនោះសរសេរជាភាសាអារ៉ាម ហើយមានបកប្រែ ។ 8 រេហ៊ូមដែលជាមេបញ្ជាការ និងស៊ីមសាយដែលជាស្មៀន បានសរសេរសំបុត្រថ្វាយព្រះបាទអើថាស៊ើកសេស ពោលទាស់អំពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា៖ 9 «រេហ៊ូម ជាមេបញ្ជាការ ស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗរបស់ខ្លួន ពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស ពួកអើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ និងពួកអេឡាំ 10 ព្រមទាំងសាសន៍ឯទៀត ដែលព្រះបាទអ័ស្នាផារ ជាស្ដេចដ៏ឧត្តុង្គឧត្តម បានកៀរឲ្យមករស់នៅក្នុងក្រុងនានានៃស្រុកសាម៉ារី និងក្នុងស្រុកឯទៀតនៅខាងនាយទន្លេនេះ ៘» 11 នេះជាសំណៅនៃសំបុត្រដែលពួកគេបានផ្ញើ៖ «សូមទូលថ្វាយព្រះបាទអើថាស៊ើកសេស ទូលបង្គំយើងខ្ញុំ ជាប្រជាជននៅខាងនាយទន្លេ ៘ 12 សូមទូលថ្វាយព្រះករុណាជ្រាបថា ពួកសាសន៍យូដា ដែលបានឡើងចេញពីនគររបស់ព្រះករុណា មកឯយើងខ្ញុំ គេបានទៅឯក្រុងយេរូសាឡិម។ ពួកគេកំពុងតែសាងសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ។ ពួកគេបានសង់កំផែងរួចស្រេចហើយ ហើយឥឡូវនេះ កំពុងតែជួសជុលគ្រឹះទៀតផង។ 13 ដូច្នេះ សូមព្រះករុណាជ្រាបថា ប្រសិនបើគេសង់ក្រុងនេះឡើងវិញ ហើយកំផែងក៏ហើយជាស្រេច នោះគេនឹងលែងបង់ពន្ធដារ សួយសារអាករ ឬពន្ធផ្លូវ ហើយព្រះករុណានឹងខាតបង់រាជទ្រព្យមិនខាន។ 14 ឥឡូវនេះ ដោយព្រោះយើងខ្ញុំជ្រកកោនក្រោមព្រះគុណរបស់ព្រះករុណា យើងខ្ញុំមិនគួរគប្បីនឹងព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ព្រះករុណាឡើយ ហេតុនេះហើយបានជាយើងខ្ញុំផ្ញើសំបុត្រនេះ មកទូលថ្វាយព្រះករុណា 15 ដើម្បីឲ្យគេស្រាវជ្រាវរកក្នុងសៀវភៅកំណត់ត្រានៃអយ្យកោរបស់ព្រះករុណា យ៉ាងនោះ ព្រះករុណានឹងឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះ ជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច និងដល់ខេត្តនានា ហើយថា កាលពីចាស់បុរាណ គេតែងតែបង្កឲ្យមានចលាចលជានិច្ច។ ហេតុនេះហើយបានជាទីក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។ 16 យើងខ្ញុំសូមទូលព្រះករុណាឲ្យបានជ្រាបថា ប្រសិនបើគេសង់ទីក្រុងនេះឡើងវិញ ហើយកំផែងក៏ហើយជាស្រេច នោះព្រះករុណានឹងលែងមានទឹកដីនៅខាងនាយទន្លេទៀតមិនខាន»។ ចម្លើយរបស់ស្តេចអើថាស៊ើកសេស 17 ស្ដេចក៏ផ្ញើរាជសារតបវិញថា៖ «ជូនចំពោះលោកមេបញ្ជាការរេហ៊ូម និងលោកស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗដែលនៅស្រុកសាម៉ារី និងកន្លែងឯទៀតៗនៃខេត្តខាងនាយទន្លេ សូមឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត។ 18 ចំណែកឯសំបុត្រដែលអស់លោកបានផ្ញើមកយើង នោះគេបានបកប្រែ ហើយអាននៅមុខយើងហើយ។ 19 យើងក៏បានបញ្ជាឲ្យគេពិនិត្យស្រាវជ្រាវ ហើយឃើញថា តាំងពីចាស់បុរាណមក ទីក្រុងនោះបានលើកគ្នាឡើងទាស់នឹងពួកស្តេច ក៏បង្កើតការបះបោរ និងបង្កឲ្យមានចលាចលមែន 20 ហើយក៏មានស្តេចខ្លាំងពូកែ ដែលបានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអាណាខេត្តទាំងមូលខាងនាយទន្លេ មនុស្សក៏បានបង់ពន្ធដារ សួយអាករ និងពន្ធផ្លូវថ្វាយស្តេចទាំងនោះទៀតផង។ 21 ដូច្នេះ ចូរអស់លោកចេញបញ្ជាឲ្យមនុស្សទាំងនោះបញ្ឈប់កិច្ចការនោះទៅ កុំឲ្យគេសង់ទីក្រុងនោះឡើងវិញឡើយ រហូតទាល់តែមានបញ្ជាចេញពីយើង។ 22 ចូរប្រយ័ត្ន មិនត្រូវធ្វេសប្រហែសនឹងកិច្ចការនេះឡើយ។ តើត្រូវឲ្យមានការខូចខាតរីកធំឡើង នាំឲ្យខាតបង់ដល់ស្តេចឬ?» 23 កាលគេបានអានរាជសាររបស់ព្រះបាទអើថាស៊ើកសេស នៅមុខរេហ៊ូម និងស្មៀនស៊ីមសាយ ព្រមទាំងសហការីរបស់គេរួចហើយ គេក៏ប្រញាប់ប្រញាល់ទៅជួបពួកសាសន៍យូដា នៅក្រុងយេរូសាឡិម ហើយបង្ខំឲ្យគេបញ្ឈប់ការសាងសង់ ដោយកម្លាំង និងអំណាច។ 24 ដូច្នេះ កិច្ចការសាងសង់ព្រះដំណាក់របស់ព្រះដែលនៅក្រុងយេរូសាឡិម ក៏ត្រូវបានផ្អាក ហើយកិច្ចការនោះផ្អាករហូតដល់ឆ្នាំទីពីរនៃរជ្ជកាលព្រះបាទដារីយុស ជាស្តេចស្រុកពើស៊ី។ |
© 2016 United Bible Societies
Bible Society in Cambodia