1 ឱប្រសិនបើព្រះអង្គនឹងវែកផ្ទៃមេឃ ហើយយាងចុះមក ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះព្រះអង្គ 2 ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីធ្វើឲ្យពួកខ្មាំងសត្រូវព្រះអង្គបានស្គាល់ព្រះនាមព្រះអង្គ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះព្រះអង្គ 3 នៅគ្រាដែលព្រះអង្គបានធ្វើការគួរស្ញែងខ្លាច ដែលយើងខ្ញុំមិនបានម៉ៃចិត្តសោះ នោះព្រះអង្គបានយាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះព្រះអង្គ។ 4 ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីព្រះអង្គ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ព្រះអង្គឡើយ។ 5 ព្រះអង្គតែងតែប្រោសដល់អ្នកដែលមានចិត្តរីករាយ ហើយប្រព្រឹត្តដោយសុចរិត គឺដល់ពួកអ្នកដែលនឹកចាំពីព្រះអង្គ ក្នុងអស់ទាំងផ្លូវរបស់ព្រះអង្គ តែព្រះអង្គមានសេចក្ដីក្រោធដោយព្រោះយើងខ្ញុំធ្វើបាប ព្រោះយើងខ្ញុំបាននៅជាប់ក្នុងអំពើទាំងនោះ ជាយូរមកហើយ។ 6 ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ ដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់ យកយើងខ្ញុំទៅដូចជាខ្យល់។ 7 គ្មានអ្នកណាអំពាវនាវដល់ព្រះនាមព្រះអង្គ ឬដាស់តឿនខ្លួនអ្នកឲ្យចាប់តោងព្រះអង្គឡើង ដ្បិតព្រះអង្គបានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។ 8 ប៉ុន្តែ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តរបស់ព្រះអង្គទាំងអស់គ្នា។ 9 ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គកុំក្រោធខ្លាំងឡើយ សូមកុំនឹកចាំពីអំពើទុច្ចរិតជាដរាបដែរ សូមមើល សូមព្រះអង្គពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។ 10 អស់ទាំងទីក្រុងបរិសុទ្ធរបស់ព្រះអង្គ បានត្រឡប់ជាទីចោលស្ងាត់ហើយ ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់ ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ។ 11 ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលបុព្វបុរសរបស់យើងខ្ញុំបានសរសើរដល់ព្រះអង្គ នោះត្រូវគេដុតចោលហើយ ទីកន្លែងដែលយើងខ្ញុំពេញចិត្តទាំងអស់ ក៏ត្រូវខូចអស់ដែរ។ 12 ឱព្រះយេហូវ៉ាអើយ ក្រោយពីឃើញហេតុការណ៍នេះកើតឡើងហើយ តើព្រះអង្គនៅតែអត់សង្កត់ព្រះហឫទ័យឬ? តើព្រះអង្គនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ? |
© 2016 United Bible Societies
Bible Society in Cambodia