ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ហូសេ 9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ហូសេ 9

ការ​ដាក់​ទោស​ដល់​អំពើ​បាប​របស់​អ៊ី​ស្រាអែល

1 ឱ​អ៊ីស្រា‌អែល​អើយ កុំ​ត្រេក​អរ កុំ​សប្បាយ​រីក‌រាយ​ដូច​សាសន៍ឯទៀតៗ​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដោយបោះ​បង់ចោល​ព្រះ​របស់​ខ្លួន អ្នកចូល​ចិត្ត​នឹង​ទទួល​ក​ម្រៃពីអំពើ​ពេស្យា​ចារ នៅលើ​អស់​ទាំង​ទី​លាន​បោក​ស្រូវ។

2 ដូច្នេះ ទី​លាន​បោក​ស្រូវ និង​ធុង​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​មិន​ចិញ្ចឹម​គេ​ទៀតឡើយ ហើយ​ស្រា​ថ្មី​ក៏​នឹង​គ្មាន​ទៀត​ដែរ។

3 គេ​នឹង​លែង​រស់​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា ឯ​អេប្រាអិម​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​បរិភោគ​អាហារ​ដែល​ស្មោក‌គ្រោក នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ។

4 គេ​នឹង​លែង​ច្រួច​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​យញ្ញ‌បូជា​របស់​គេ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ឡើយ យញ្ញ‌បូជា​របស់​គេ​នឹង​បាន​ដូច​ជា នំបុ័ង​របស់​អ្នក​កាន់​ទុក្ខ​ដល់​គេ អស់​អ្នក​ដែល​បរិភោគ​នឹង​ត្រូវ​ស្មោក‌គ្រោក នំបុ័ង​របស់​គេ​នឹង​បាន​សម្រាប់​តែ ចម្អែត​ខ្លួន​គេ​ប៉ុណ្ណោះ គឺ​នឹង​មិន​ដែល​ចូល​ទៅ​ក្នុង​ដំណាក់ របស់​ព្រះ‌យេហូវ៉ា​ឡើយ។

5 តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​យ៉ាង​ណា នៅ​ថ្ងៃ​បុណ្យ​ដែល​បាន​កំណត់ និង​នៅ​ថ្ងៃ​បុណ្យ​របស់​ព្រះ‌យេហូវ៉ា?

6 ដ្បិត​មើល៍ គេ​កំពុង​គេច​ចេញ​ពី​ការ​ហិន​វិនាស តែ​សាសន៍​អេស៊ីព្ទ​នឹង​កៀរ​ប្រមូល​គេ ក្រុង​ណូព​នឹង​បញ្ចុះ​សព​គេ ឯ​គ្រឿង​ប្រាក់​ដែល​គាប់​ចិត្ត​គេ នឹងក្លាយ​ទៅ​ជា​របស់​ដើម​កន្ទេច‌អាល ហើយ​បន្លា​នឹង​ដុះ​ក្នុង​ទី​លំ‌នៅ​របស់​គេ។

7 ថ្ងៃដាក់​ទោស​បាន​មកដល់​ហើយ គឺ​ថ្ងៃ​តប​ស្នង​តាម​អំពើ ដែល​គេ​បាន​ប្រព្រឹត្ត​មក​ដល់​ហើយ អ៊ីស្រា‌អែល​ស្រែក​ឡើង​ថា "ហោរា​នេះ​ឆ្កួត មនុស្ស​ដែល​មាន​និស្ស័យ​ខាង​វិញ្ញាណ​នេះ ឡប់​សតិ​ហើយ!" តែ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​សម្បើម និង​អំពើ​សម្អប់​ដ៏​ខ្លាំងរបស់​អ្នក​វិញ។

8 អ្នក​ចាំ​យាម​របស់​អេប្រាអិម​បាន​នៅ​ជា​មួយ​ព្រះ​នៃ​ខ្ញុំ តែ​ហោរា​សុទ្ធ​តែ​ជា​ឡប់ សម្រាប់​ចាប់​សត្វ នៅ​គ្រប់​ទាំង​ផ្លូវ​របស់​គេ ហើយ​ជា​សេចក្ដី​សម្អប់ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ខ្លួន

9 គេ​បាន​បង្ខូច​ចិត្ត​គេ​ទៅ​យ៉ាង​ជ្រៅ ដូច​កាល​នៅ​គ្រា​គី‌បៀរ ព្រះ‌អង្គ​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​តប​ស្នង​ចំពោះ​បាប​គេ​ដែរ។

10 យើង​បាន​ប្រទះ​នឹង​អ៊ីស្រា‌អែល ដូច​ជា​ប្រទះ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ទី​រហោ‌ស្ថាន យើង​បាន​ឃើញ​ដូន​តា​របស់​អ្នក​រាល់​គ្នា ដូច​ជា​ផ្លែ​ដំបូង​នៅ​លើ​ដើម​ល្វា គឺ​នៅ​រដូវ​ដំបូង។ ប៉ុន្ដែ គេ​បាន​ទៅ​ដល់​បាល-ពេអរ ហើយ​បាន​ថ្វាយ​ខ្លួន​ដល់​រូប​ព្រះ​គួរ​ខ្មាស ក៏​ត្រឡប់​ជា​គួរ​ខ្ពើម​ឆ្អើម ដូច​របស់​ដែល​គេ​ស្រឡាញ់​នោះ។

11 សិរីល្អ​របស់​អេប្រាអិម​នឹង​ហើរ​ទៅ​បាត់​ដូច​សត្វ​ស្លាប គ្មាន​កូន​កើតមក គ្មាន​កូន​នៅ​ក្នុង​ផ្ទៃ ឬ​កូន​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ​ទៀត​ឡើយ!

12 ទោះ​បើ​គេ​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​ធំ​ឡើង ក៏យើង​នឹងដក​ហូត​គេ​ទៅ រហូត​ទាល់​តែ​ឥត​មាន​នៅ​សល់។ វេទនា​ដល់​គេ​ហើយ ពេល​ណាយើង​ចាក​ចេញ​ពី​គេ!

13 យើង​បាន​ឃើញ​ថា អេប្រាអិម​ប្រៀប​ដូច​ជា​ដើម​ចាក ដែល​ទើប​នឹង​ដាំ​នៅ​ក្នុង​ស្មៅខៀវ​ខ្ចី តែ​អេប្រាអិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន ចេញ​មក​ឲ្យ​គេ​សម្លាប់​វិញ។

14 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ដល់​គេ តើ​ត្រូវ​ប្រទាន​អ្វី? សូម​ប្រទាន​ឲ្យ​គេ​មាន​ផ្ទៃ​ដែល​រលូត​កូន និង​ដោះ​ដែល​រីង​ស្ងួត។

15 អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​សុទ្ធ​តែ​នៅ​ត្រង់​គីល‌កាល ដ្បិត​គឺ​នៅ​ទី​នោះ​ដែល​យើង​បាន​ស្អប់​គេ យើង​នឹង​បណ្តេញ​គេ​ចេញ​ពី​ដំណាក់​របស់​យើង ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត យើង​នឹង​លែង​ស្រឡាញ់​គេ​ទៀត​ហើយ ពួក​មេ​របស់​គេ​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ។

16 អេប្រាអិមនឹង​ត្រូវ​វាយ ហើយ​ឫស​របស់​គេ​បាន​ក្រៀម​ទៅ គេ​នឹង​មិន​បង្កើត​ផល​ទៀត​ឡើយ ទោះ​បើ​គេ​បង្កើត​កូន​បាន​ក៏​ដោយ ក៏​យើង​នឹង​ប្រហារ​កូន​សម្លាញ់​របស់​គេដែរ។

17 ព្រះ​របស់​ខ្ញុំ​នឹង​បោះ​បង់​ចោល​គេ ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌អង្គ​ទេ គេ​នឹង​សាត់​អណ្តែត​នៅ​កណ្ដាល​អស់​ទាំង​សាសន៍។

© 2016 United Bible Societies

Bible Society in Cambodia