Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហូសេ 8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


អ៊ីស្រា‌អែល​បាន​ងាក​បែរ​ចេញ​ពី​ព្រះ

1 ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​របស់​អ្នក​ចុះ! មាន​សត្រូវ​បោះ​ពួយដូច​ឥន្ទ្រី មក​លើ​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ព្រោះ​ពួក​អ៊ីស្រា‌អែល​បាន​បំពាន លើ​សេចក្ដី​សញ្ញា​របស់​យើង ហើយ​បះ​បោរ​ប្រឆាំង​នឹង​ច្បាប់​របស់​យើង។

2 គេ​ស្រែក​រក​យើង​ថា "ព្រះ​នៃ​ទូល​បង្គំ​អើយ យើង​ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល ស្គាល់​ព្រះ‌អង្គ​ហើយ!"

3 អ៊ីស្រា‌អែល​បាន​បោះ​បង់​ចោល​សេចក្ដី​ល្អ ខ្មាំង​សត្រូវ​នឹង​ដេញ​តាម​គេ។

4 គេ​បាន​តាំង​ស្តេច​ផ្សេងៗ​ឡើង តែ​មិន​មែន​ដោយ‌សារ​យើង​ទេ ក៏​បាន​តាំង​ពួក​មេដឹក​នាំ តែ​យើង​មិន​បាន​ដឹង​ឡើយ។ គេ​បាន​យក​ប្រាក់ និង​មាស​របស់​ខ្លួន​ធ្វើ​ជា​រូប​ព្រះ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។

5 ឱ​សាម៉ារី​អើយ យើង​បាន​បោះ​ចោល​រូប​កូន​គោ​របស់​អ្នក​ហើយ កំហឹង​របស់​យើង​បាន​ឆួល​ឡើង​ទាស់​នឹង​គេ។ តើ​ដល់​ពេល​ណា​ទើប​គេ​ជ្រះ​ស្អាត​វិញ?

6 ដ្បិត​រូប​កូន​គោ​នោះ​កើត​ចេញពី​អ៊ីស្រា‌អែល ជាង​បាន​ធ្វើ​វា​ឡើង វា​មិន​មែន​ជា​ព្រះ​ទេ។ រូប​កូន​គោ​របស់​សាម៉ារី​នឹង​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី។

7 ដ្បិត​គេ​បាន​សាប‌ព្រោះ​ខ្យល់ ហើយ​គេ​នឹង​ច្រូត​បាន​ជា​ខ្យល់​គួច។ ស្រូវ​របស់​គេ​ស្កក ឥត​មាន​គ្រាប់ គ្មាន​អ្វី​យក​មក​ធ្វើ​ម្សៅ​ឡើយ ហើយ​ប្រសិន‌បើ​បាន​ផល នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។

8 អ៊ីស្រា‌អែល​ត្រូវ​លេប​បាត់​ហើយ ឥឡូវ​នេះ គេ​ស្ថិត​នៅ​ក្នុង​ចំណោម​សាសន៍​នានា ដូច​ភាជនៈ​ដែល​គ្មាន​អ្នក​ណា​ចង់​បាន។

9 ដ្បិត​គេ​បាន​ឡើង​ទៅ​ស្រុក​អាស‌ស៊ើរ ដូច​ជា​លា​ព្រៃ​ដែល​នៅ​ដាច់​តែ​ឯង អេប្រាអិម​បាន​ជួល​គូស្នេហ៍។

10 ទោះ​បើ​គេ​ជូន​សំណូក​ដល់​សាសន៍​ដទៃ​ក៏​ដោយ យើង​នឹង​ប្រមូល​ផ្ដុំ​ពួក​គេភ្លាម ហើយ​ស្តេច និង​ពួក​មេ​ដឹក​នាំ នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ភ្លាម​ដែរ ដោយ​ព្រោះ​តែ​បង់​សួយ​សារ‌អាករ។

11 ដោយ​ព្រោះ​អេប្រាអិម​បាន​សង់​អាសនា ច្រើន​ឡើងៗ​សម្រាប់​ធ្វើ​បាប អាសនា​ទាំង​នោះ​ក៏​ត្រឡប់​ជា​ទី ដែលនាំ​ឲ្យ​គេ​ធ្វើ​បាប​ដែរ។

12 ទោះ​បើ​យើង​សរ‌សេរ​អស់​ទាំង​មាត្រា​ច្បាប់ របស់​យើង​ទុក​សម្រាប់​គេ​ក៏​ដោយ ក៏​គេ​ចាត់​ទុក​ជា​ច្បាប់​ដទៃ​ដែរ។

13 រី​ឯ​តង្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​ដល់​យើង នោះ​គេ​សម្លាប់​សត្វ ដើម្បី​ឲ្យ​តែ​បាន​សាច់​ស៊ី​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​មិន​ទទួល​ទេ ឥឡូវ​នេះ ព្រះ‌អង្គ​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​ដាក់​ទោស​អំពើ​បាប​របស់​គេ គេ​នឹង​វិល​ទៅ​ស្រុក​អេស៊ីព្ទ​វិញ។

14 ដ្បិត​អ៊ីស្រា‌អែល​បាន​បំភ្លេច​ព្រះ​ដែល​បង្កើត​ខ្លួន ក៏​សង់​វិមាន​ផ្សេងៗ​ឡើង ហើយ​យូដា​បាន​សង់​ទី​ក្រុង ដែល​មាន​កំផែង​ការ​ពារ​កាន់​តែ​ច្រើន តែ​យើង​នឹង​ចាត់​ភ្លើង​ទៅ​លើ​ទី​ក្រុង​របស់​គេ ភ្លើង​នោះ​នឹង​បំផ្លាញ​ទី​មាំ​មួន​របស់​គេ​ទៅ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម