ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ជន‌គណនា 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ជន‌គណនា 2

សេចក្ដី‌បង្គាប់​អំពី​ការ​បោះ​ជំរំ និង​ការ​ធ្វើ​យុទ្ធ​ដំណើរ

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

2 «ពួក​អ៊ីស្រា‌អែល​ត្រូវ​បោះ​ជំរំ​តាម​កន្លែង​រៀង​ខ្លួន នៅ​ក្បែរ​ទង់‌ជ័យ តាម​គោល​តម្រុយ​វង្សានុវង្ស​របស់​ឪពុក​ខ្លួន។ គេ​ត្រូវ​បោះ​ជំរំ​នៅ​ជុំ​វិញ ដោយ​បែរ​មុខ​ទៅ​រក​ត្រសាល​ជំនុំ។

3 អស់​អ្នក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ខាង​កើត​ជា​ទិស​ថ្ងៃ​រះ ជា​ជំរំ​កង​ពល​នៃ​កុល‌សម្ព័ន្ធ​យូដា តាម​អង្គ‌ភាព​របស់​គេ។ មេ​ដឹក​នាំ​លើ​កូន​ចៅ​យូដា គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់

4 ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៧៤ ៦០០ នាក់។

5 អស់​អ្នក​ដែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​អ៊ីសាខារ ហើយ​មេ​ដឹកនាំ​របស់​ពួក​អ៊ីសាខារ គឺ​នេថា‌នេល ជា​កូន​របស់​ស៊ូហារ

6 ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៤ ៤០០ នាក់។

7 បន្ទាប់​មក កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន មេ​ដឹក​នាំ​លើ​កូន​ចៅ​សាប់‌យូ‌ឡូន គឺ​អេលាប ជា​កូន​របស់​ហេឡូន

8 ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៧ ៤០០ នាក់។

9 នៅ​ក្នុង​ជំរំ​របស់​ពួក​យូដា តាម​អង្គ‌ភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១៨៦ ៤០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទី​មួយ។

10 នៅ​ខាង​ត្បូង ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​រូបេន តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹក​នាំ​លើ​កូន​ចៅ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ

11 ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៦ ៥០០ នាក់។

12 អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​ស៊ីម្មាន ហើយ​មេ​ដឹក​នាំ​លើ​កូន​ចៅ​ស៊ីម្មាន គឺ​ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ

13 ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៩ ៣០០ នាក់។

14 បន្ទាប់​មក កុល‌សម្ព័ន្ធ​កាដ មេ​ដឹក​នាំ​លើ​កូន​ចៅ​កាដ គឺ​អេលា‌សាប ជា​កូន​របស់​ដេហ៊ូអែល

15 ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៥ ៦៥០ នាក់។

16 នៅ​ក្នុង​ជំរំ​របស់​ពួក​រូបេន តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទីពីរ។

17 បន្ទាប់​មក ត្រសាល​ជំនុំ ត្រូវ​ចេញ​ដំណើរ​ជា‌មួយ​ជំរំ​របស់​ពួក​លេវី នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ គេ​ត្រូវ​ចេញ​ដំណើរ​តាម​របៀប​ដែល​គេ​បោះ​ជំរំ តាម​លំ‌ដាប់​លំ‌ដោយ គឺ​គ្រប់​គ្នា​តាម​កន្លែង​រៀង​ខ្លួន តាម​ទង់‌ជ័យ​រៀង​ខ្លួន។

18 នៅ​ខាង​លិច ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​អេប្រា‌អិម តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹកនាំ​លើ​កូន​ចៅ​អេប្រាអិម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូដ

19 ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤០ ៥០០ នាក់។

20 នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ហើយ​មេ​ដឹកនាំ​លើ​ពួក​កូន​ចៅ​ម៉ាណា‌សេ គឺ​កាម៉ា‌លាល ជា​កូន​របស់​ផ្តាស៊ើរ

21 ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៣២ ២០០ នាក់។

22 បន្ទាប់​មក កុល‌សម្ព័ន្ធ​បេនយ៉ាមីន មេ​ដឹកនាំ​លើ​ពួក​កូន​ចៅ​បេនយ៉ាមីន គឺ​អ័ប៊ីដាន ជា​កូន​របស់​គីដា‌ហូនី

23 ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៣៥ ៤០០ នាក់។

24 នៅ​ក្នុង​ជំរំ​របស់​ពួក​អេប្រាអិម តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១០៨ ១០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទី​បី។

25 នៅ​ខាង​ជើង ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​ដាន់ តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹកនាំ​លើ​កូន​ចៅ​ដាន់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ

26 ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៦២ ៧០០ នាក់។

27 អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​អេស៊ើរ ហើយ​មេ​ដឹកនាំ​លើ​ពួក​កូន​ចៅ​អេស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន

28 ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤១ ៥០០ នាក់។

29 បន្ទាប់​មក កុល‌សម្ព័ន្ធ​ណែប‌ថាលី មេ​ដឹកនាំ​លើ​កូន​ចៅ​ណែប‌ថាលី គឺ​អ័ហ៊ីរ៉ា ជា​កូន​របស់​អេណាន់

30 ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៣ ៤០០ នាក់។

31 នៅ​ក្នុង​ជំរំ​របស់​ពួក​ដាន់ សរុប​ទាំង​អស់​មាន​ចំនួន ១៥៧ ៦០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ ចុង​ក្រោយ តាម​អង្គភាព​របស់​ខ្លួន»។

32 នេះ​ហើយ​ជា​ពួក​អ៊ីស្រា‌អែល​ដែល​គេ​បាន​រាប់ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ជំរំ តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ៦០៣ ៥៥០ នាក់។

33 ប៉ុន្តែ ឯ​ពួក​លេវី គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។

34 ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​បោះ​ជំរំ​តាម​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។

© 2016 United Bible Societies

Bible Society in Cambodia