Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពួក​កូន​របស់​លោក​អើរ៉ុន

1 នេះ​ជា​ខ្សែ​ស្រឡាយ​របស់​អើរ៉ុន និង​លោក​ម៉ូសេ​នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជា‌មួយ​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ី‌ណាយ។

2 ពួក​កូន​របស់​លោក​អើរ៉ុន​មាន​ឈ្មោះ ណាដាប ជា​កូន​ច្បង អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ

3 នេះ​ជា​ឈ្មោះ​កូន​របស់​អើរ៉ុន ដែលទទួល​ការ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​សង្ឃ ហើយ​លោក​បាន​តែង​តាំង​ពួកគេ​ឲ្យ​បម្រើ​ការ‌ងារ​ជា​សង្ឃ។

4 ណាដាប និង​អ័ប៊ីហ៊ូវ បាន​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ពេល​ដែល​គេ​យក​ភ្លើង​មិន​បរិសុទ្ធ​ទៅ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ អ្នក​ទាំង​ពីរ​នេះ​គ្មាន​កូន​ទេ។ អេលាសារ និង​អ៊ីថាម៉ារ បាន​បម្រើ​ការ‌ងារ​ជា​សង្ឃ នៅ​ចំពោះ​អើរ៉ុន ជា​ឪពុក​របស់​គេ។


កិច្ច‌ការ​របស់​ពួក​លេវី

5 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

6 «ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​មក​ជិត ហើយ​ឲ្យ​គេ​ឈរ​នៅ​មុខ​សង្ឃ​អើរ៉ុន ដើម្បី​ឲ្យ​គេ​បាន​ជួយ​ការងារ​គាត់។

7 គេ​ត្រូវ​បំពេញ​កិច្ច‌ការ​ឲ្យ​គាត់ និង​ឲ្យ​ក្រុម​ជំនុំ​ទាំង​អស់​នៅ​មុខ​ត្រសាល​ជំនុំ ដើម្បី​បម្រើ​កិច្ច‌ការ​នៅ​ក្នុង​រោង​ឧបោសថ។

8 គេ​ត្រូវ​ថែ‌ទាំ​ប្រដាប់‌ប្រដា​ទាំង​អស់​របស់​ត្រសាល​ជំនុំ ហើយ​បំពេញ​មុខងារ​បម្រើ​ជួស​មុខ​ឲ្យ​ពួក​អ៊ីស្រា‌អែល នៅ​ក្នុង​រោង​ឧបោសថ។

9 អ្នក​ត្រូវ​ប្រគល់​ពួក​លេវី​ទៅ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​គេ​ចេញ​ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​គាត់។

10 អ្នក​ត្រូវ​តែង​តាំង​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ឲ្យ​បំពេញ​មុខងារ​ជា​សង្ឃ ហើយ​អ្នក​ដទៃ​ណា​ដែល​ចូល​មក​ជិត នោះ​នឹង​ត្រូវ​ស្លាប់»។

11 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

12 «មើល៍ យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ជា​ស្នង​ជំនួស​កូន​ច្បង​ទាំង​អស់​ដែល​កើត​ពី​ផ្ទៃ ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល។ ពួក​លេវី​ជា​ចំណែក​របស់​យើង

13 ដ្បិត​អស់​ទាំង​កូន​ច្បង​ជា​ចំណែក​របស់​យើង ព្រោះ​កាល​យើង​បាន​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ នោះ​យើង​បាន​ញែក​អស់​ទាំង​កូន​ច្បង​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទុក​សម្រាប់​យើង គឺ​ទាំង​មនុស្ស និង​សត្វ​ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌យេហូវ៉ា»។

14 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា៖

15 «ចូរ​រាប់​កូន​ចៅ​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក តាម​ពូជ​អំបូរ ត្រូវ​រាប់​គ្រប់​ទាំង​កូន​ប្រុសៗ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ»។

16 ដូច្នេះ លោក​ម៉ូសេ​ក៏​រាប់​ចំនួន​ពួកគេ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌អង្គ​បាន​បង្គាប់។

17 ពួក​កូន​របស់​លេវី​មាន​ឈ្មោះ​ដូច​តទៅ៖ គើសុន កេហាត់ និង​ម្រ៉ារី។

18 ពួក​កូន​របស់​គើសុន តាម​ពូជ​អំបូរ​របស់​គេ​មាន លិបនី និង​ស៊ីម៉ាយ។

19 ពួក​កូន​របស់​កេហាត់ តាម​ពូជ​អំបូរ​របស់​គេ​មាន អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល។

20 ពួក​កូន​របស់​ម្រ៉ារី តាម​ពូជ​អំបូរ​របស់​គេ​មាន ម៉ាលី និង​មូស៊ី។ នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​ពួក​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ។

21 តំណ​ត​ពី​គើសុន​មក មាន​ត្រកូល​លិបនី និង​ត្រកូល​ស៊ីម៉ាយ។ នេះ​ហើយ​ជា​ពូជ​អំបូរ​គើសុន

22 ចំនួន​ពួក‌គេ​ដែល​បាន​រាប់​អស់​ទាំង​ប្រុសៗ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ​មាន ៧ ៥០០ នាក់។

23 ពូជ​អំបូរ​គើសុន​ត្រូវ​បោះជំរំ​នៅ​ទិស​ខាង​លិច ខាង​ក្រោយ​រោង​ឧបោសថ

24 ជាមួយ​អេលា‌សាប់ ជា​កូន​ឡាអែល និង​ជា​មេ​លើ​វង្សា‌នុវង្ស​របស់​គើ​សុន​ជា​ឪពុក។

25 ការ​ទទួល​ខុស​ត្រូវ​របស់​កូន​ចៅ​គើសុន​នៅ​ក្នុង​ត្រសាល​ជំនុំ គឺ​រោង​ឧបោសថ ត្រសាល និង​គម្រប​ត្រសាល ព្រម​ទាំង​វាំង‌នន​ទ្វារ​ចូល​ត្រសាល​ជំនុំ

26 រនាំង​ទី‌លាន វាំង‌នន​ទ្វារ​ចូល​ទី‌លាន ដែល​បាំង​ជុំ‌វិញ​រោង​ឧបោសថ និង​អាស‌នា ព្រម​ទាំង​ខ្សែ​ចង​សម្រាប់​បម្រើ​កិច្ច‌ការ​ទាំង​អស់​នេះ។

27 តំណ​ត​ពី​កេហាត់​មក មាន​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រុន និង​ត្រកូល​អ៊ូស៊ាល។ នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កេហាត់។

28 ចំនួន​ប្រុសៗ​ទាំង​អស់ រាប់​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ​មាន ៨ ៦០០ នាក់។ អ្នក​ទាំង​នេះ​មាន​ភារកិច្ច​ថែរក្សា​ទី​បរិសុទ្ធ។

29 ពូជ​អំបូរ​កេហាត់​ត្រូវ​បោះ​ជំរំ​នៅ​ខាង​ត្បូង​រោង​ឧបោសថ

30 ជាមួយ​អេលី‌សាផាន ជា​កូន​អ៊ូស៊ាល និង​ជា​មេ​លើ​វង្សានុវង្ស​របស់​កេហាត់​ជា​ឪពុក។

31 ការ​ទទួល​ខុស​ត្រូវ​របស់​គេ គឺ​ហិប​នៃ​សេចក្ដី‌សញ្ញា តុ ជើង​ចង្កៀង អាស‌នា និង​ប្រដាប់‌ប្រដា​សម្រាប់​ទី​បរិសុទ្ធ​ដែល​ពួក​សង្ឃ​ប្រើ​ប្រាស់ វាំង‌នន គឺ​របស់​ទាំង​អស់​ដែល​បម្រើ​ឲ្យ​កិច្ច‌ការ​នេះ។

32 អេលាសារ ជា​កូន​របស់​សង្ឃ​អើរ៉ុន ត្រូវ​ធ្វើ​ជា​ប្រធាន​លើ​មេ​ដឹកនាំ​របស់​ពួក​លេវី ហើយ​ត្រូវ​មើល​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​ថែរក្សា​ទី​បរិសុទ្ធ។

33 តំណ​ត​ពី​ម្រ៉ារី​មក មាន​ត្រកូល​ម៉ាស់លី និង​ត្រកូល​មូស៊ី។ នេះ​ហើយ​ជា​ពូជ​អំបូរ​ម្រ៉ារី។

34 ចំនួន​របស់​ពួក‌គេ រាប់​ប្រុសៗ​ទាំង​អស់​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ​មាន ៦ ២០០ នាក់។

35 មេ​លើ​វង្សានុវង្ស​នៃ​ពូជ​អំបូរ​ម្រ៉ារី គឺ​ស៊ូរីអែល ជា​កូន​របស់​អ័ប៊ី‌ហែល។ ពួកគេ​ត្រូវ​បោះ​ជំរំ​នៅ​ខាង​ជើង​រោង​ឧបោសថ។

36 កូន​ចៅ​ម្រ៉ារី មាន​បន្ទុក​ទទួល​ខុស​ត្រូវ​គ្រោង​របស់​រោង​ឧបោសថ រនុក សសរ ជើង​សសរ និង​ប្រដាប់‌ប្រដា​របស់​គ្រឿង​ទាំង​នោះ គឺ​របស់​ទាំង​អស់​ដែល​បម្រើ​ឲ្យ​កិច្ច‌ការ​នេះ

37 ព្រម​ទាំង​សសរ​ទី‌លាន​នៅ​ជុំ‌វិញ ជើង​សសរ ចម្រឹង និង​ខ្សែ​សន្ធឹង​ដែរ។

38 អស់​អ្នក​ដែល​ត្រូវ​បោះ​ជំរំ​នៅ​ខាង​កើត ខាង​មុខ​រោង​ឧបោសថ គឺ​នៅ​មុខ​ត្រសាល​ជំនុំ​ទិស​ខាង​ថ្ងៃ​រះ គឺ​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​កូន​របស់​លោក មាន​បន្ទុក​ទទួល​ខុស​ត្រូវ​កិច្ច​ការ​នៅ​ក្នុង​ទី​បរិសុទ្ធ គឺ​ពិធី​ផ្សេងៗ​ដែល​ត្រូវ​ធ្វើ​ជួស​មុខ​ឲ្យ​ពួក​អ៊ីស្រា‌អែល ឯ​អ្នក​ដទៃ​ណា​ដែល​មក​ជិត នោះ​នឹង​ត្រូវ​ស្លាប់។

39 ពួក​លេវី​ទាំង​អស់ ដែល​លោក​ម៉ូសេ និង​លោក​អើរ៉ុន​បាន​រាប់​តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ​របស់​គេ គឺ​ប្រុសៗ​ទាំង​អស់​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង សរុប​ទាំង​អស់​មាន​ចំនួន ២២ ០០០ នាក់។


ការ​លោះ​កូន​ច្បង

40 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​រាប់​អស់​ទាំង​កូន​ប្រុស​ច្បង​របស់​ពួក​អ៊ីស្រា‌អែល ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ គឺ​រាប់​ចំនួន​តាម​ឈ្មោះ​របស់​គេ។

41 ប៉ុន្តែ អ្នក​ត្រូវ​យក​ពួក​លេវី​សម្រាប់​យើង ជា​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល យើង​ជា​ព្រះ‌យេហូវ៉ា ហើយ​ហ្វូង​សត្វ​របស់​ពួក​លេវី ជា​ស្នង​អស់​ទាំង​កូន​ច្បង​ក្នុង​ចំណោម​សត្វ​របស់​ពួក​អ៊ីស្រា‌អែល​ដែរ»។

42 ដូច្នេះ​លោក​ម៉ូសេ​ក៏​រាប់​អស់​ទាំង​កូន​ប្រុស​ច្បង​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។

43 អស់​ទាំង​កូន​ប្រុស​ច្បង ដែល​បាន​រាប់​តាម​ចំនួន​ឈ្មោះ​របស់​គេ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ សរុប​ទាំង​អស់​មាន​ចំនួន ២២ ២៧៣ នាក់។

44 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

45 «ចូរ​យក​ពួក​លេវី​ជា​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ហើយ​ហ្វូង​សត្វ​របស់​ពួក​លេវី ជា​ស្នង​ហ្វូង​សត្វ​របស់​គេ​ដែរ ដ្បិត​ពួក​លេវី​ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌យេហូវ៉ា។

46 ឯ​តម្លៃ​លោះ​មនុស្ស​ទាំង​ពីរ​រយ​ចិត​សិប​បី​នាក់ ក្នុង​ចំណោម​កូន​ប្រុស​ច្បង​នៃ​ពួក​អ៊ីស្រា‌អែល ដែល​លើស​ពី​ចំនួន​ពួក​លេវី

47 នោះ​អ្នក​ត្រូវ​យក​ប្រាក់​ម្នាក់​ប្រាំ​សេកែល ជា​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​មួយ​សេកែល​ត្រូវ​ជា​ម្ភៃ​កេរ៉ា។

48 ប្រាក់​សម្រាប់​លោះ​ពួក​អ្នក​ដែល​លើស​ពី​ចំនួន​ពួក​លេវី ត្រូវ​ប្រគល់​ឲ្យ​អើរ៉ុន និង​ពួកកូន​របស់​គាត់»។

49 ដូច្នេះ លោក​ម៉ូសេ​ក៏​យក​ប្រាក់​ថ្លៃ​លោះ ពី​អស់​អ្នក​ដែល​លើស​ពី​ចំនួន​មនុស្ស​ដែល​បាន​លោះ ដោយ​ពួក​លេវី

50 គឺ​លោក​បាន​យក​ប្រាក់​នោះ ពី​កូន​ប្រុស​ច្បង ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល បាន​ចំនួន មួយ​ពាន់​បីរយ​ហុក​ប្រាំ​សេកែល ជា​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

51 ហើយ​លោក​ម៉ូសេ​ប្រគល់​ប្រាក់​ថ្លៃ​លោះ​នោះ​ដល់​អើរ៉ុន និង​ពួក​កូន​របស់​លោក ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម