ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ សាំ‌យូ‌អែល 22 - អាល់គីតាប អាល់គីតាប
២ សាំ‌យូ‌អែល 22

ទំនុក‌តម្កើង​របស់​ណាពី​ទត

1 ក្រោយ​ពេលអុលឡោះ‌តាអាឡា​រំដោះ​ស្តេច​ទត ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ហើយ ស្តេច​ទត​សូត្រ​ទំនុក‌តម្កើង​ជូនអុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖

2 «អុលឡោះ‌តាអាឡា​ជា​ថ្ម​ដា​ការ‌ពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​រំដោះ​ខ្ញុំ។

3 អុលឡោះ​ជា​ថ្ម​ដា​សម្រាប់​ឲ្យ​ខ្ញុំ​ពឹង​ជ្រក ទ្រង់​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ និង​ជា​ជំរក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ។ ទ្រង់​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ជន​ឃោរ‌ឃៅ។

4 ពេល​ខ្ញុំ​ស្រែក​រក​ទ្រង់ ទ្រង់​សង្គ្រោះ​ខ្ញុំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ សូម​លើក​តម្កើងអុលឡោះ‌តាអាឡា!

5 សេចក្តី​ស្លាប់​រួប​រឹត​ខ្ញុំ រីឯ​សេចក្តី​វិនាស​អន្ត‌រាយ​ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។

6 សេចក្តី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ ប្រៀប​បី​ដូច​ជា សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។

7 នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រកអុលឡោះ‌តាអាឡា ខ្ញុំ​ស្រែក​ហៅ​រក​ម្ចាស់​របស់​ខ្ញុំ ទ្រង់​ស្តាប់​ឮ​សំឡេង​ខ្ញុំ ពី​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ ហើយ​ស្នូរ​សំរែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់​ទ្រង់។

8 នៅ​ពេល​ទ្រង់​ខឹង ផែនដី​កក្រើក​ញាប់‌ញ័រ ផ្ទៃ​មេឃ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា។

9 មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ច្រមុះ របស់​ទ្រង់ ទ្រង់​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក​ពី មាត់​របស់​ទ្រង់​ដែរ។

10 ទ្រង់​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់​នៅ​ពី​ក្រោម ជើង​ផង។

11 ទ្រង់​នៅ​លើ​ម៉ាឡា‌អ៊ីកាត់មាន​ស្លាប ហើយ​ហោះ​មក ទ្រង់​ចេញ​មក ដោយ​នៅ​លើ វាយោ​ដូច​នៅ​លើ​ស្លាប​បក្សី។

12 ទ្រង់​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក ធ្វើ​ជា​ជំរំ។

13 មាន​ផ្លេក​បន្ទោរ​ភ្លឺ​នៅ​ខាង​មុខ​ទ្រង់ ហើយ​មាន​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។

14 អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ផ្គរ‌លាន់​នៅ​លើ​មេឃ ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​សំឡេង​មក​ពី​លើ។

15 ទ្រង់​បាញ់​ព្រួញ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កំចាត់‌កំចាយ​ពួក​គេ។ ទ្រង់​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។

16 ដោយ‌សារ​បន្ទូល​គំរាម​របស់អុលឡោះ‌តាអាឡា និង​ដោយ‌សារ​ខ្យល់​ព្យុះ​ដែល​បក់​ចេញ​មក​ពី ច្រមុះ​របស់​ទ្រង់ បាត​សមុទ្រ​លេច​ចេញ​មក ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។

17 ទ្រង់​បាន​លាត​ដៃ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ ទ្រង់​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ

18 ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ ដ៏​ខ្លាំង​ពូកែ និង​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ហើយ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ផង។

19 នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​ធ្វើ​ជា​បង្អែក​ដល់​ខ្ញុំ។

20 ទ្រង់​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ទ្រង់​រំដោះ​ខ្ញុំ មក​ពី​ទ្រង់​ស្រឡាញ់​ខ្ញុំ។

21 អុលឡោះ‌តាអាឡា​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្តី​សុចរិត​របស់​ខ្ញុំ ទ្រង់​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

22 ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ម្ចាស់​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។

23 ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ទ្រង់ ខ្ញុំ​មិន​បាន​បំពាន​លើ​ហ៊ូកុំ​របស់​ទ្រង់​ទេ។

24 ទ្រង់​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រុង​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។

25 ហេតុ​នេះ អុលឡោះ‌តាអាឡា​ប្រោស‌ប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ។

26 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​សំដែង​ចិត្ត ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ទ្រង់​សំដែង​ចិត្ត​ស្មោះ​សរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​សរ។

27 ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ទ្រង់​ក៏​សំដែង​ថា ទ្រង់​បរិសុទ្ធ​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញ ទ្រង់​សំដែង​ថា​ទ្រង់​ឈ្លាស‌វៃ។

28 ទ្រង់​សង្គ្រោះ​មនុស្ស​ទន់‌ទាប ទ្រង់​មើល​មក​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​ពួក​គេ។

29 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ពន្លឺ​របស់​ខ្ញុំ ហើយ​ទ្រង់​ក៏​បំភ្លឺ​ភាព​ងងឹត​របស់ ខ្ញុំ​ដែរ។

30 ទ្រង់​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ​វាយ​លុក ខ្មាំង​សត្រូវ និង​ឲ្យ​ខ្ញុំ​អាច​លោត​រំលង កំពែង​ក្រុង​របស់​ពួក​គេ។

31 មាគ៌ា​របស់​អុលឡោះ​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ បន្ទូល​សន្យា​របស់​ទ្រង់​ពិត​ទាំង​ស្រុង ទ្រង់​ជា​ខែល​ការ‌ពារ​អស់​អ្នក​ដែល​មក ជ្រក​កោន​នឹង​ទ្រង់។

32 មាន​តែអុលឡោះ‌តាអាឡា​មួយ​ទេ​ដែល​ពិត ជា​ម្ចាស់ មាន​តែ​ម្ចាស់​របស់​យើង​មួយ​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្ម​ដា​ឲ្យ​យើង​ជ្រក​កោន។

33 អុលឡោះ​ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ទ្រង់​រៀប‌ចំ​មាគ៌ា​របស់​ខ្ញុំ​ឲ្យ​បាន ល្អ​ឥត​ខ្ចោះ។

34 ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន ដូច​សត្វ​ក្តាន់ ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។

35 ទ្រង់​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។

36 ទ្រង់​ការ‌ពារ និង​សង្គ្រោះ​ខ្ញុំ ទ្រង់​គាំ​ទ្រ​ខ្ញុំ ហើយ​ទ្រង់​លើក​ខ្ញុំ​ឡើង ដោយ​ចិត្ត​មេត្តា។

37 ទ្រង់​ការ‌ពារ​ខ្ញុំ​មិន​ឲ្យ​ខ្មាំង​សត្រូវ ដេញ​ទាន់ មិន​ឲ្យ​ខ្ញុំ​ភ្លាត់​ជើង​ដួល​ឡើយ។

38 ខ្ញុំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ និង​បំផ្លាញ​ពួក​គេ ហើយ​ខ្ញុំ​មិន​ត្រឡប់​មក​វិញ​ទេ ដរាប​ទាល់​តែ​បាន​កំទេច​ពួក​គេ​អស់។

39 ខ្ញុំ​កំទេច និង​កាប់​សម្លាប់​ពួក​គេ មិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ខ្ញុំ។

40 ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ធ្វើ​សឹក និង​បង្ក្រាប​ខ្មាំង​សត្រូវ។

41 ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព​រត់ នៅ​មុខ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល ស្អប់​ខ្ញុំ​វិនាស​សូន្យ​អស់​ទៅ។

42 ពួក​គេ​នាំ​គ្នា​សម្លឹង​រក​មើល​ជំនួយ តែ​គ្មាន​នរណា​ជួយ​ពួក​គេ​ឡើយ គេ​ស្រែក​ហៅអុលឡោះ‌តាអាឡា តែ​ទ្រង់​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។

43 ខ្ញុំ​កំទេច​ពួក​គេ​ឲ្យ​ម៉ដ្ត ដូច​ធូលី​ដី ខ្ញុំ​ជាន់​ឈ្លី​ពួក​គេ​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។

44 ទ្រង់​បាន​រំដោះ​ឲ្យ​ខ្ញុំ​រួច​ពី ការ​បះ‌បោរ​របស់​ប្រជា‌ជន ហើយ​ទុក​ឲ្យ​ខ្ញុំ​ធ្វើ​ជា​មេ​ដឹក​នាំ លើ​ប្រជា‌ជាតិ​នានា ប្រជា‌ជន​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ខ្ញុំ។

45 ជន​បរទេស​នាំ​គ្នា​ស្តាប់​បង្គាប់​ខ្ញុំ ហើយ​ពេល​ខ្ញុំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។

46 ជន​បរទេស​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ទី​ជំរក​របស់​គេ​មក ទាំង​ភ័យ​ញាប់​ញ័រ។

47 ជយោអុលឡោះ‌តាអាឡា! សូម​សរសើរ​តម្កើង​ទ្រង់ ដែល​ជា​ថ្ម​ដា​របស់​ខ្ញុំ! សូម​លើក​តម្កើង​អុលឡោះជា​ថ្ម​ដា ដែល​បាន​សង្គ្រោះ​ខ្ញុំ!

48 ដ្បិត​ទ្រង់​បាន​ឲ្យ​ខ្ញុំ​មាន​ជ័យ‌ជំនះ លើ​ខ្មាំង​សត្រូវ ទ្រង់​បាន​បន្ទាប​ប្រជា‌ជន​នានា ឲ្យ​មក​នៅ​ក្រោម​អំណាច​ខ្ញុំ

49 ហើយ​ទ្រង់​បាន​ដក​ខ្ញុំ​ឲ្យ​រួច​ផុត​ពី កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ! ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ខ្ពស់​ជាង បច្ចា‌មិត្ត​របស់​ខ្ញុំ និង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ឃោរ‌ឃៅ។

50 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សរសើរ​តម្កើង ទ្រង់​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ឱអុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​នឹង​ច្រៀង​លើក តម្កើង​នាម​របស់​ទ្រង់។

51 ទ្រង់​ប្រទាន​ការ​សង្គ្រោះ​ដ៏​ធំ​ធេង ដល់​ស្តេច​ដែល​ទ្រង់​បាន​តែង‌តាំង។ ទ្រង់​សំដែង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ ស្តេច​ដែល​ទ្រង់​បាន​តែង​តាំង គឺ​ចំពោះ​ទត និង​ពូជ‌ពង្ស រៀង​រហូត​ត​ទៅ»។

© 2014 United Bible Societies, UK.

United Bible Societies