Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ សាំ‌យូ‌អែល 21 - អាល់គីតាប


អ្នក​ស្រុក​គីបៀន និង​ពូជ‌ពង្ស​របស់​ស្តេច​សូល

1 ក្នុង​រជ្ជ‌កាល​ស្តេច​ទត មាន​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ។ ស្តេច​ទត​ទូរអា​សួរអុលឡោះ‌តាអាឡា ទ្រង់​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​បណ្តាល​មក​ពី​សូល និង​ពូជ‌ពង្ស​បាន​កាប់​សម្លាប់​អ្នក​ស្រុក​គីបៀន»។

2 ទត​បាន​កោះ​ហៅ​អ្នក​ស្រុក​គីបៀន​មក ដើម្បី​សាក​សួរ(អ្នក​ស្រុក​ពុំ​មែន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូ‌រី​ដែល​នៅ​សេស‌សល់។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ស្បថ​ថា ទុក​ជីវិត​ឲ្យ​ពួក​គេ ប៉ុន្តែ ស្តេច​សូល​រក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ដើម្បី​សំដែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​យូដា​ឃើញ​ថា​ស្តេច​ស្នេហា​ជាតិ)។

3 ស្តេច​ទត​សួរ​ពួក​គេ​ថា៖ «តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ចំពោះ​អ្នក​រាល់​គ្នា? តើ​យើង​អាច​លាង​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ពិធី​ណា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជូន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា»។

4 អ្នក​ស្រុក​គីបៀន​តប​ថា៖ «បំណុល​ដែល​ស្តេច​សូល និង​រាជ‌វង្សា‌នុវង្ស​ជំពាក់​យើង​ខ្ញុំ ពុំ​អាច​សង​ដោយ​មាស ឬ​ប្រាក់​ទេ ឬ​ដោយ​សម្លាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ណា​ម្នាក់​ឡើយ»។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ចង់​បាន យើង​នឹង​ធ្វើ​តាម»។

5 អ្នក​ស្រុក​គីបៀន​ជម្រាប​គាត់​ថា៖ «ស្តេច​សូល​មាន​គោល​បំណង​កំទេច និង​ប្រល័យ​យើង​ខ្ញុំ​ឲ្យ​ផុត​ពូជ ដោយ​ពុំ​ចង់​ទុក​ឲ្យ​នរណា​ម្នាក់​រស់​រាន នៅ​លើ​ទឹក​ដី​អ៊ីស្រ‌អែល​ឡើយ។

6 ដូច្នេះ សូម​ស្តេច​ប្រគល់​មនុស្ស​ប្រាំ​ពីរ​នាក់ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ស្តេច​សូល មក​ឲ្យ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង ក​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​គីបៀរ ជា​ក្រុង​របស់​ស្តេច​សូល ជា​ស្តេច​ដែល​ទ្រង់​បាន​ជ្រើស​រើស»។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។

7 ស្តេច​ទត​សន្តោស​ប្រណី​ដល់​លោក​មេភី‌បូសែត ជា​កូន​របស់​សម្តេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ស្តេច​សូល ព្រោះ​តែ​ពាក្យ​ដែល​គាត់​បាន​ស្បថ ជា​មួយ​សម្តេច​យ៉ូណា‌ថាន នៅ​ចំពោះអុលឡោះ‌តាអាឡា។

8 ទត​បង្គាប់​គេ​ឲ្យ​ទៅ​ចាប់​លោក​អើ‌ម៉ូនី និង​លោក​មេភី‌បូសែត ជា​កូន​របស់​នាង​រីស‌ប៉ា ដែល​ជា​កូន​ស្រី​របស់​លោក​អយ៉ា គឺ​កូន​ដែល​នាង​បាន​បង្កើត​ជូន​ស្តេច​សូល។ គាត់​ក៏​ឲ្យ​គេ​ចាប់​កូន​ប្រុស​ទាំង​ប្រាំ​របស់​នាង​មិកាល់ ជា​បុត្រី​របស់​ស្តេច​សូល គឺ​ជា​កូន​ដែល​នាង​បាន​បង្កើត​ជូន​លោក​អទ្រី‌អែល ជា​កូន​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​មហូ‌ឡា។

9 ទត​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​អ្នក​ស្រុក​គីបៀន ដើម្បី​យក​ទៅ​ចង ក នៅ​លើ​ភ្នំ​ចំពោះអុលឡោះ‌តាអាឡា ពួក​គេ​ទាំង​ប្រាំ​ពីរ​នាក់​បាន​ស្លាប់​ជា​មួយ​គ្នា នៅ​ដើម​រដូវ​ចម្រូត។

10 នាង​រីស‌ប៉ា ជា​កូន​ស្រី​របស់​លោក​អយ៉ា បាន​យក​បាវ​ទៅ​ក្រាល​លើ​ផ្ទាំង​ថ្ម​មួយ ហើយ​ស្ថិត​នៅ​ទី​នោះ តាំង​ពី​ដើម​រដូវ​ចម្រូត រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មក​លើ​សាក‌សព។ នៅ​ពេល​ថ្ងៃ នាង​ដេញ​សត្វ​មិន​ឲ្យ​ហើរ​មក​ទំ​លើ​សាក‌សព នៅ​ពេល​យប់ នាង​បាន​ដេញ​សត្វ​ព្រៃ​ដែរ។

11 គេ​នាំ​ដំណឹង​ទៅ​ជម្រាប​ស្តេច​ទត ពី​ការ​ដែល​នាង​រីស‌ប៉ា ជា​កូន​របស់​លោក​អយ៉ា និង​ជា​ស្នំ​របស់​ស្តេច​សូល​បាន​ប្រព្រឹត្ត។

12 ពេល​នោះ ស្តេច​ទត​ទៅ​យក​ឆ្អឹង​របស់​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ពី​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ។ ក្រោយ​ពេល​ស្តេច​សូល​ទទួល​បរា‌ជ័យ​នៅ​គីល‌បោ ជន‌ជាតិ​ភីលី‌ស្ទីន​បាន​យក​សព​របស់​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន ជា​កូន ទៅ​ព្យួរ​នៅ​ទី‌ធ្លា​ក្រុង​បេត‌សាន ហើយ​អ្នក​ក្រុង​យ៉ាបេស​នាំ​គ្នា​លួច​យក​មក​វិញ។

13 ស្តេច​ទត​នាំ​យក​ឆ្អឹង​របស់​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន ព្រម​ទាំង​ប្រមូល​យក​ឆ្អឹង​របស់​អ្នក​ទាំង​ប្រាំ​ពីរ ដែល​គេ​ចង​ក​នោះ​មក​ដែរ។

14 គេ​បាន​បញ្ចុះ​ឆ្អឹង​របស់​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន ក្នុង​ផ្នូរ​របស់​លោក​គីស ជា​ឪពុក​របស់​ស្តេច​សូល​នៅ​សេឡា ក្នុង​ស្រុក​ពុន‌យ៉ាមីន។ គេ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​បញ្ជា​របស់​ស្តេច​ទត ហើយ​អុលឡោះ​សំដែង​ចិត្ត​មេត្តា‌ករុណា​ដល់​ស្រុក​នោះ​វិញ។


ចំបាំង​តទល់​នឹង​ជន‌ជាតិ​ភីលី‌ស្ទីន

15 ពេល​នោះ ជន‌ជាតិ​ភីលី‌ស្ទីន​បាន​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​សា​ជា​ថ្មី។ ស្តេច​ទត​នាំ​ពល​ទាហាន​ចេញ​ទៅ​វាយ​ជន‌ជាតិ​ភីលី‌ស្ទីន។ ស្តេច​ទត​នឿយ‌ហត់​ជា​ខ្លាំង។

16 ជន‌ជាតិ​ភីលី‌ស្ទីន​ម្នាក់​ឈ្មោះ​យីសប៊ី-បេណូប ជា​កូន​ចៅ​ហារ៉ា‌ផា គាត់​មាន​លំពែង​លង្ហិន​មួយ ទម្ងន់​ជាង​បី​គីឡូ​ក្រាម និង​ប្រដាប់​ដោយ​អាវុធ​ថ្មី។ គាត់​មាន​បំណង​នឹង​សម្លាប់​ស្តេច​ទត។

17 ប៉ុន្តែ លោក​អប៊ី‌សាយ ជា​កូន​របស់​លោក​ស្រី​សេរូ‌យ៉ា​ទៅ​ជួយ​ស្តេច​ទត ហើយ​សម្លាប់​ជន‌ជាតិ​ភីលី‌ស្ទីន​នោះ។ ពល​ទាហាន​ទាំង​អស់​ទទូច​អង្វរ​ស្តេច​ទត សូម​កុំ​ឲ្យ​គាត់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាត់​បង់​គាត់។

18 ក្រោយ​មក​ជន‌ជាតិ​ភីលី‌ស្ទីន ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​សា​ជា​ថ្មី​នៅ​កូប។ ពេល​នោះ លោក​ស៊ីប‌បាកាយ ជា​អ្នក​ស្រុក​ហ៊ូសា បាន​សម្លាប់​សាភ ជា​កូន​ចៅ​ហារ៉ា‌ផា។

19 បន្ទាប់​មក​ទៀត មាន​កើត​ចំបាំង​សា​ជា​ថ្មី​ជា​មួយ​ជន‌ជាតិ​ភីលី‌ស្ទីន នៅ​កូប​ដែរ។ ពេល​នោះ លោក​អែល‌ហា‌ណាន ជា​កូន​របស់​លោក​យារេ-‌អូរេ‌គីម ជា​អ្នក​ភូមិ​បេ‌ថ្លេ‌ហិម បាន​សម្លាប់​កូលីយ៉ាត ជា​អ្នក​ក្រុង​កាថ។ ដង​លំពែង​របស់​កូលីយ៉ាត​មាន​រាង​ដូច​ផ្សំ​របស់​កី​តម្បាញ។

20 បន្ទាប់​មក​ក៏​កើត​មាន​ចំបាំង​សា​ជា​ថ្មី​នៅ​ក្រុង​កាថ។ ពេល​នោះ មាន​ទាហាន​ភីលី‌ស្ទីន​ម្នាក់​មាន​មាឌ​មាំ​មាន​ម្រាម​ដៃ និង​ម្រាម​ជើង ម្ខាងៗ​ប្រាំ​មួយ សរុប​ទាំង​អស់​គាត់​មាន​ម្រាម​ម្ភៃ​បួន ហើយ​គាត់​ជា​កូន​ចៅ​របស់​ហារ៉ា‌ផា​ដែរ។

21 គាត់​បាន​បបួល​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ចេញ​មក​ត‌ទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​សាំ‌ម៉ា និង​ជា​ក្មួយ​របស់​ស្តេច​ទត​បាន​សម្លាប់​អ្នក​នោះ​ចោល​ទៅ។

22 ទាហាន​ភីលី‌ស្ទីន​ទាំង​បួន​នាក់ ដែល​ស្តេច​ទត និង​ពល​ទាហាន​បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​ហារ៉ា‌ផា ជា​អ្នក​ក្រុង​កាថ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម