ស្តេចអប៊ីយ៉ាសោយរាជ្យនៅស្រុកយូដា1 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលស្តេចយេរ៉ូបោម ស្តេចអប៊ីយ៉ាឡើងសោយរាជ្យ នៅស្រុកយូដា។ 2 ស្តេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម ម្តាយរបស់ស្តេចមាននាមថា មីកាយ៉ា ជាកូនរបស់លោកអូរាល អ្នកក្រុងគីបៀរ។ ស្តេចអប៊ីយ៉ា និងស្តេចយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក។ 3 ស្តេចអប៊ីយ៉ាបានលើកទ័ពចំនួន ៤០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាចចេញទៅប្រយុទ្ធ។ រីឯស្តេចយេរ៉ូបោម ក៏បានលើកទ័ពចំនួន ៨០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាចចេញមកតទល់នឹងស្តេចយេរ៉ូបោមដែរ។ 4 ស្តេចអប៊ីយ៉ាបានឡើងទៅឈរនៅលើកំពូលភ្នំសេម៉ារែប ដែលស្ថិតនៅតាមជួរភ្នំអេប្រាអ៊ីម ហើយនិយាយទៅកាន់ស្តេចយេរ៉ូបោម និងកងទ័ពអ៊ីស្រអែលថា៖ «ចូរស្តាប់យើង! 5 អ្នករាល់គ្នាត្រូវដឹងថា អុលឡោះតាអាឡា ជាម្ចាស់នៃអ៊ីស្រអែល ប្រទានឲ្យស្តេចទត និងរាជវង្ស សោយរាជ្យលើអាណាចក្រអ៊ីស្រអែលរហូតតទៅ គឺជាសម្ពន្ធមេត្រីដែលមិនអាចប្រែប្រួលបានឡើយ។ 6 ប៉ុន្តែ យេរ៉ូបោមកូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន ដែលជាបុត្ររបស់ស្តេចទត បានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។ 7 មនុស្សពាល និងមនុស្សមិនបានការ បានចូលដៃជាមួយស្តេចយេរ៉ូបោម ហើយពួកគេមានប្រៀបលើស្តេចរេហូបោម ជាបុត្ររបស់ស្តេចស៊ូឡៃម៉ាន។ ស្តេចរេហូបោមនៅក្មេងខ្ចី ខ្វះបទពិសោធន៍ ពុំអាចទប់ទល់នឹងពួកគេបានទេ។ 8 ឥឡូវនេះអ្នករាល់គ្នាគិតប្រឆាំងតទល់នឹងរាជអំណាចរបស់អុលឡោះតាអាឡា ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃកូនចៅរបស់ស្តេចទតទៀត។ អ្នករាល់គ្នាមានកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏មានរូបកូនគោមាស ដែលស្តេចយេរ៉ូបោមបានសិតធ្វើជាព្រះឲ្យអ្នករាល់គ្នាគោរពបម្រើ នៅជាមួយដែរ។ 9 អ្នករាល់គ្នាបានបណ្តេញពួកអ៊ីមុាំបម្រើអុលឡោះតាអាឡា ជាពូជពង្សរបស់ហារូន និងពួកលេវីចេញ រួចជ្រើសរើសបូជាចារ្យ តាមរបៀបសាសន៍ដទៃ គឺឲ្យតែនរណាយកគោបាមួយ និងចៀមឈ្មោលប្រាំពីរមក នោះគេមុខតែបានទទួលការតែងតាំងជាបូជាចារ្យនៃវត្ថុដែលជាព្រះក្លែងក្លាយ។ 10 រីឯពួកយើងវិញ អុលឡោះតាអាឡាជាម្ចាស់របស់យើង ហើយយើងមិនបោះបង់ចោលទ្រង់ឡើយ។ ពួកអ៊ីមុាំដែលបំពេញមុខងារបម្រើអុលឡោះតាអាឡា សុទ្ធតែជាកូនចៅរបស់ណាពីហារូន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។ 11 ពួកធ្វើគូរបានដុត និងគ្រឿងក្រអូបចំពោះអុលឡោះតាអាឡា រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏វិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិប័តន៍តាមសេចក្តីដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងបានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលទ្រង់។ 12 មើលចុះ អុលឡោះនិងពួកអ៊ីមុាំដែលបម្រើទ្រង់ស្ថិតនៅជាមួយពួកយើង ហើយនាំមុខពួកយើង។ ពួកអ៊ីមុាំត្រៀមខ្លួននឹងផ្លុំត្រែ ដើម្បីប្រកាសវាយលុកអ្នករាល់គ្នា។ កូនចៅអ៊ីស្រអែលអើយ! ចូរកុំធ្វើសឹកទល់នឹងអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នាឡើយ ដ្បិតអ្នករាល់គ្នាពុំអាចឈ្នះជាដាច់ខាត!»។ 13 ស្តេចយេរ៉ូបោមបានចាត់ទ័ពខ្លះឲ្យវាងទៅបង្កប់ខ្លួននៅខាងក្រោយទ័ពយូដា ដូច្នេះមានកងទ័ពអ៊ីស្រអែល ស្ថិតនៅពីមុខកងទ័ពយូដាផង ហើយក៏មានទ័ពបង្កប់នៅខាងក្រោយកងទ័ពយូដាដែរ។ 14 កាលកងទ័ពយូដាក្រឡេកមើលទៅ ឃើញមានទ័ពនៅពីមុខផង ពីក្រោយផង ដូច្នេះពួកគេស្រែកអង្វរអុលឡោះតាអាឡា ហើយពួកអ៊ីមុាំក៏ផ្លុំត្រែឡើងដែរ។ 15 កងទ័ពយូដាបន្លឺជយឃោស ហើយនៅពេលដែលកងទ័ពយូដាស្រែកឡើង អុលឡោះតាអាឡាបានវាយប្រហារស្តេចយេរ៉ូបោម និងកងទ័ពអ៊ីស្រអែល នៅមុខស្តេចអប៊ីយ៉ា និងកងទ័ពយូដា។ 16 ទាហានអ៊ីស្រអែលបាក់ទ័ពរត់នៅចំពោះមុខកងទ័ពយូដា អុលឡោះបានប្រគល់ពួកគេ ក្នុងកណ្តាប់ដៃរបស់កងទ័ពយូដា។ 17 ស្តេចអប៊ីយ៉ា និងកងទ័ពយូដា ធ្វើឲ្យអ៊ីស្រអែលបរាជ័យយ៉ាងធ្ងន់ គឺគេបានប្រហារទាហានដ៏ពូកែនៃកងទ័ពអ៊ីស្រអែលអស់ ៥០០ ០០០ នាក់។ 18 នៅគ្រានោះ កូនចៅអ៊ីស្រអែលត្រូវអាម៉ាស់យ៉ាងខ្លាំង រីឯកូនចៅយូដាវិញ ពួកគេបានទទួលជោគជ័យ ព្រោះពួកគេពឹងផ្អែកលើអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ខ្លួន។ 19 ស្តេចអប៊ីយ៉ាដេញតាមស្តេចយេរ៉ូបោម ហើយដណ្តើមយកបានក្រុងខ្លះពីស្តេចយេរ៉ូបោម គឺក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ ក្រុងយេសាណា និងស្រុកភូមិនៅជុំវិញ ក្រុងអេប្រុន និងស្រុកភូមិនៅជុំវិញ។ 20 ក្នុងរជ្ជកាលរបស់ស្តេចអប៊ីយ៉ា ស្តេចយេរ៉ូបោមចុះទន់ខ្សោយ ហើយបន្ទាប់មកអុលឡោះតាអាឡាបានប្រហារស្តេចឲ្យស្លាប់ទៅ។ 21 ផ្ទុយទៅវិញ ស្តេចអប៊ីយ៉ាពង្រឹងអំណាចយ៉ាងរឹងមាំ។ ស្តេចមានប្រពន្ធដប់បួននាក់ មានបុត្រាម្ភៃពីរនាក់ និងបុត្រីដប់ប្រាំមួយនាក់។ 22 កិច្ចការផ្សេងៗទៀតរបស់ស្តេចអប៊ីយ៉ា គឺអ្វីៗដែលស្តេចបានធ្វើ និងពាក្យសំដីដែលស្តេចបានថ្លែង សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអត្ថាធិប្បាយរបស់ណាពីអ៊ីដោ។ |
© 2014 United Bible Societies, UK.
United Bible Societies