ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ សាំ‌យូ‌អែល 24 - អាល់គីតាប អាល់គីតាប
១ សាំ‌យូ‌អែល 24

ណាពី​ទត​មិន​ដាច់​ចិត្ត​សម្លាប់​ស្តេច​សូល

1 កាល​ស្តេច​សូល​វិល​មក​ពី​ច្បាំង​ជា​មួយ​ពួក​ភីលី‌ស្ទីន​វិញ គេ​ជម្រាប​ស្តេច​ថា៖ «ទត​រស់​នៅ​ក្នុង​តំបន់​វាល​រហោ‌ស្ថាន​អេន-គេឌី»។

2 ស្តេច​នាំ​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​បី​ពាន់​នាក់ ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល ចេញ​ទៅ​តាម​រក​ទត និង​ពួក​គាត់​នៅ​ទល់​មុខ​ថ្ម​ពពែ​ព្រៃ។

3 ស្តេច​សូល​បាន​ឆ្លង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្តេច​ក៏​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ ទត និង​ពួក​គាត់​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។

4 អស់​អ្នក​ដែល​នៅ​ជា​មួយ​ជម្រាប​ទត​ថា៖ «នេះ​ជា​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​បាន​សន្យា​ជា​មួយ​អ្នក​ថា “យើង​នឹង​ប្រគល់​បច្ចា‌មិត្ត​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្តេច​តាម​អ្នក​យល់​ឃើញ​ទៅ​ចុះ»។ ទត​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​អាវ​វែង​របស់​ស្តេច​សូល។

5 ប៉ុន្តែ ក្រោយ​ពេល​កាត់​ជាយ​អាវ​វែង​របស់​ស្តេច​សូល​រួច​ហើយ ចិត្ត​របស់​គាត់​ញាប់​ញ័រ​ជា​ខ្លាំង។

6 ទត​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «សូមអុលឡោះ‌តាអាឡា​ទប់​ខ្ញុំ​កុំ​ឲ្យ​សម្លាប់​ចៅ‌ហ្វាយ​របស់​ខ្ញុំ ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង​ជា​ស្តេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ស្តេច​ដែលអុលឡោះ‌តាអាឡា​បាន​តែង‌តាំង​ទេ»។

7 ទត​បាន​ឃាត់​ពួក​គាត់ ដោយ‌សារ​ពាក្យ​សំដី​ទាំង​នោះ គឺ​គាត់​ហាម​ពួក​គេ​មិន​ឲ្យ​សម្លាប់​ស្តេច​សូល។ ស្តេច​សូល​ចេញ​ពី​រអាង​ភ្នំ បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

8 បន្តិច​ក្រោយ​មក ទត​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ស្តេច​សូល​ថា៖ «ស្តេច​ជា​អម្ចាស់​នៃ​ខ្ញុំ!»។ ស្តេច​សូល​ងាក​មក ទត​អោន​មុខ​ចុះ​គោរព​ដល់​ស្តេច។

9 គាត់​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​ចេះ​តែ​ស្តាប់​ពាក្យ​របស់​អស់​អ្នក​ដែល​ជម្រាប​ស្តេច​ថា “ទត​ចង់​ព្យាបាទ​ស្តេច”ដូច្នេះ?

10 ស្តេច​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ប្រគល់​ស្តេច​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ កាល​ស្តេច​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​ឲ្យ​ខ្ញុំ​សម្លាប់​ស្តេច តែ​ខ្ញុំ​មិន​ធ្វើ​តាម​ឡើយ។ ខ្ញុំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិតអុលឡោះ‌តាអាឡា​បាន​តែង​តាំង​គាត់ជា​ស្តេច​ហើយ”។

11 សូម​ជម្រាប​លោក‌ឪពុក សូម​មើល​មក​ជាយ​អាវ​វែង ដែល​នៅ​ក្នុង​ដៃ​ខ្ញុំ​នេះ។ ខ្ញុំ​គ្រាន់​តែ​កាត់​ជាយ​អាវ​វែង តែ​ខ្ញុំ​មិន​សម្លាប់​លោក​ទេ។ ដូច្នេះ សូម​ស្តេច​ជ្រាប​ឲ្យ​ច្បាស់​ថា ខ្ញុំ​គ្មាន​គំនិត​អាក្រក់​ចង់​សម្លាប់ ឬ​បះ‌បោរ​ប្រឆាំង​នឹង​លោក‌ឪពុក​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​លោក​ដែរ គឺ​មាន​តែ​ស្តេច​ប៉ុណ្ណោះ ដែល​ចេះ​តែ​តាម​ប្រហារ​ជីវិត​ខ្ញុំ។

12 សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្តី​ឲ្យ​យើង​ទាំង​ពីរ។ អុលឡោះ‌តាអាឡា​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ចំពោះ​អំពើ​ដែល​ស្តេច​ប្រព្រឹត្ត​ដល់​ខ្ញុំ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​មិន​សម្លាប់​ស្តេច​ទេ

13 ដូច​សុភាសិត​ពី​ព្រេង​នាយ​ចែង​ថា “មនុស្ស​អាក្រក់​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់”។ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​នឹង​មិន​សម្លាប់​ស្តេច​ឡើយ។

14 តើ​ស្តេច​អ៊ីស្រ‌អែល ចេញ​មក​ច្បាំង​នឹង​នរណា? ស្តេច​ដេញ​តាម​នរណា? គឺ​ស្តេច​ដេញ​តាម​ខ្ញុំ ដែល​ប្រៀប​ដូច​ជា​ឆ្កែ​ងាប់ ឬ​ចៃ​មួយ​ដ៏​តូច។

15 សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​ចៅ‌ក្រម កាត់​ក្តី​ឲ្យ​យើង​ទាំង​ពីរ។ ទ្រង់​នឹង​ពិនិត្យ​ពិច័យ ហើយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​នឹង​ការ‌ពារ​ខ្ញុំ ព្រម​ទាំង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ជា​មិន​ខាន»។

16 កាល​ទត​មាន​ប្រសាសន៍​សេចក្តី​ទាំង​នោះ​ចប់​សព្វ​គ្រប់​ហើយ ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «ទត កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ ស្តេច​សូល​ចាប់​ផ្តើម​យំ​យ៉ាង​ខ្លាំង។

17 បន្ទាប់​មក ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ទត​ថា៖ «កូន​ជា​មនុស្ស​សុចរិត​ជាង​ឪពុក ព្រោះ​កូន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ឪពុក តែ​ឪពុក​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។

18 ថ្ងៃ​នេះ កូន​បាន​បង្ហាញ​ចិត្ត​សប្បុរស​មក​លើ​ឪពុក​យ៉ាង​ជាក់​ស្តែង ដ្បិតអុលឡោះ‌តាអាឡា​ប្រគល់​ឪពុក​ទៅ​ក្នុង​កណ្តាប់​ដៃ​កូន តែ​កូន​មិន​សម្លាប់​ឪពុក​ទេ។

19 ធម្មតា​កាល​ណា​មនុស្ស​ម្នាក់​ជួប​ប្រទះ​នឹង​បច្ចា‌មិត្ត​ហើយ គេ​មិន​ដែល​ទុក​ឲ្យ​បច្ចា‌មិត្ត​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ស្រួលៗ​ទេ។ សូមអុលឡោះ‌តាអាឡា​ប្រទាន​រង្វាន់​ដល់​កូន​ចំពោះ​អំពើ​ល្អ ដែល​កូន​បាន​ប្រព្រឹត្ត​មក​លើ​ឪពុក​នៅ​ថ្ងៃ​នេះ។

20 ឪពុក​ក៏​ដឹង​ច្បាស់​ថា ថ្ងៃ​មួយ​កូន​នឹង​ឡើង​គ្រង​រាជ្យ ហើយ​រាជា​ណា‌ចក្រ​អ៊ីស្រ‌អែល​នឹង​បាន​ស្ថិត‌ស្ថេរ ក្រោម​ការ​គ្រប់‌គ្រង​របស់​កូន។

21 ដូច្នេះ សូម​កូន​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ឥឡូវ​នេះ​ចុះ​ថា កូន​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​របស់​ឪពុក​ដែល​នៅ​ជំនាន់​ក្រោយ​ទេ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ឈ្មោះ​របស់​ឪពុក ត្រូវ​លុប​បំបាត់​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ឪពុក​ដែរ»។

22 ទត​ក៏​ស្បថ​ជូន​ស្តេច។ បន្ទាប់​មក ស្តេច​សូល​វិល​ទៅ​កាន់​‌ម៉ាស្ទិទ​វិញ ចំណែក​ឯ​ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies