Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ សាំ‌យូ‌អែល 23 - អាល់គីតាប


ណាពី​ទត​សង្គ្រោះ​ប្រជា‌ជន​នៅ​ក្រុង​កៃឡា

1 ថ្ងៃ​មួយ មាន​មនុស្ស​ម្នាក់​មក​ជម្រាប​ទត​ថា៖ «ពួក​ភីលី‌ស្ទីន​មក​វាយ​ក្រុង​កៃឡា ហើយ​ប្លន់​យក​ស្រូវ​ពី​លាន​បោក​បែន»។

2 ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន​ទាំង​នោះ​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។

3 ប៉ុន្តែ អស់​អ្នក​ដែល​នៅ​ជា​មួយ​ទត ជម្រាប​គាត់​ថា៖ «នៅ​ស្រុក​យូដា​នេះ យើង​ភ័យ​ខ្លាច​ទៅ​ហើយ ចុះ​ទំរាំ​បើ​យើង​ទៅ​ក្រុង​កៃឡា ប្រយុទ្ធ​នឹង​ទ័ព​ភីលី‌ស្ទីន​នោះ តើ​យើង​រឹត​តែ​ភ័យ​យ៉ាង​ណា​ទៅ​ទៀត?»។

4 ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ជា​ថ្មី ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលី‌ស្ទីន មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ»។

5 ទត និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា ហើយ​វាយ​ពួក​ភីលី‌ស្ទីន។ ពួក​គេ​ដណ្តើម​បាន​ហ្វូង​សត្វ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​ភីលី‌ស្ទីន​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ។ ទត​រំដោះ​អ្នក​ក្រុង​កៃឡា តាម​របៀប​នេះ​ឯង។

6 កាល​លោក​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក​ភៀស​ខ្លួន​មក​ជ្រក​ជា​មួយ​ទត​នៅ​ក្រុង​កៃឡា គាត់​បាន​នាំ​អាវ​អេផូដ​មក​ជា​មួយ​ផង។

7 មាន​គេ​មក​ជម្រាប​ស្តេច​សូល​ថា ទត​បាន​ទៅ​ដល់​ក្រុង​កៃឡា។ ស្តេច​សូល​ក៏​និយាយ​ថា៖ «អុលឡោះ​ប្រគល់​វា​មក​ក្នុង​កណ្តាប់​ដៃ​របស់​យើង​ហើយ ដ្បិត​វា​បាន​ឃុំ​ខ្លួន​ឯង ដោយ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​ទ្វារ និង​រនុក។

8 ស្តេច​សូល​ប្រមូល​កង‌ទ័ព​ទាំង​មូល ដើម្បី​ទៅ​ឡោម​ព័ទ្ធ​ចាប់​ទត និង​បក្ស​ពួក​នៅ​ក្រុង​កៃឡា។

9 ទត​ជ្រាប​អំពី​គម្រោង​ការ​អាក្រក់​ដែល​ស្តេច​សូល​គ្រោង​ទុក ដើម្បី​ប្រឆាំង​នឹង​គាត់ គាត់​ក៏​សុំ​ឲ្យ​អ៊ីមុាំ​អបៀ‌ថើរ​យក​អាវ​អេផូដ​មក ដើម្បី​ទូរអា​សួរ​អុលឡោះ។

10 ទត​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ខ្ញុំ​ឮ​ថា ស្តេច​សូល​បំរុង​នឹង​មក​ក្រុង​កៃឡា ដើម្បី​កំទេច​ក្រុង​នេះ ព្រោះ​តែ​ខ្ញុំ។

11 តើ​អ្នក​ក្រុង​កៃ​ឡា​នឹង​ប្រគល់​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ឬ​ទេ? តើ​ស្តេច​នឹង​មក​វាយ​ក្រុង​នេះ ដូច​គេ​ប្រាប់​ខ្ញុំ​នោះ​មែន​ឬ​ទេ។ ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​មេត្តា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង!»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ស្តេច​សូល​នឹង​មក​មែន»។

12 ទត​សួរ​ទៀត​ថា៖ «តើ​អ្នក​ក្រុង​កៃឡា​នេះ​នឹង​ប្រគល់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ពួក​គេ​នឹង​ប្រគល់​មែន!»។

13 ពេល​នោះ​ទត ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ មាន​ចំនួន​ទាំង​អស់​ប្រមាណ​ប្រាំ​មួយ​រយ​នាក់ ក៏​ចាក​ចេញ​ពី​ក្រុង​កៃឡា ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មាន​គេ​ជម្រាប​ស្តេច​សូល​ថា ទត​បាន​រត់​គេច​ចេញ​ពី​ក្រុង​កៃឡា​ហើយ ដូច្នេះ​ស្តេច​ក៏​លែង​ដេញ​តាម​ទត។


ណាពី​ទត​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ

14 ទត​ទៅ​ពួន​នៅ​តាម​វាល​រហោ‌ស្ថាន​ស៊ីភ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ ហើយ​រស់​នៅ​តាម​តំបន់​ភ្នំ​ក្នុង​វាល​រហោ‌ស្ថាន​នោះ។ ស្តេច​សូល​តាម​រក​ទត​ជា‌និច្ច តែ​អុលឡោះ​មិន​ប្រគល់​ទត ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ឡើយ។

15 ទត​ដឹង​ថា ស្តេច​សូល​តែង​លើក​ទ័ព​ស្វែង​រក​សម្លាប់​គាត់ ដូច្នេះ គាត់​ស្នាក់​នៅ​ហូរ៉េ‌សា ក្នុង​វាល​រហោ‌ស្ថាន​ស៊ីភ។

16 ថ្ងៃ​មួយ សម្តេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ស្តេច​សូល​បាន​ទៅ​ជួប​ទត​នៅ​ហូរ៉េ‌សា ដើម្បី​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ពឹង​ផ្អែក​លើ​អុលឡោះ

17 ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ស្តេច​សូល ជា​ឪពុក​ខ្ញុំ មិន​អាច​ធ្វើ​អ្វី​ប្អូន​បាន​ទេ ដ្បិត​ប្អូន​នឹង​សោយ​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បន្ទាប់​ពី​ប្អូន​ប៉ុណ្ណោះ។ ស្តេច​សូល​ជា​ឪពុក​ខ្ញុំ ក៏​ជ្រាប​ការ​នេះ​ដែរ»។

18 អ្នក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា នៅ​ចំពោះអុលឡោះ‌តាអាឡា។ បន្ទាប់​មក សម្តេច​យ៉ូណា‌ថាន​វិល​ត្រឡប់​មក​កាន់​ទី​លំ‌នៅ​វិញ រីឯ​ទត​ស្នាក់​នៅ​ហូរ៉េ‌សា​ដដែល។

19 អស់​អ្នក​ដែល​រស់​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ បាន​ចូល​ទៅ​ជួប​ស្តេច​សូល​នៅ​គីបៀរ ហើយ​ជម្រាប​ថា៖ «ទត​ពួន​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ គឺ​នៅ​ហូរ៉េ‌សា លើ​ភ្នំ​ហា‌គី‌ឡា ដែល​ស្ថិត​នៅ​ខាង​ត្បូង​វាល​យេ‌ស៊ី‌ម៉ូន។

20 សូម​ជម្រាប​ស្តេច បើ​សិន​ជា​ស្តេច​ពេញ​ចិត្ត​ទៅ សូម​ទៅ​ចុះ យើង​ខ្ញុំ​ចាប់​គាត់​ជូន​ស្តេច»។

21 ស្តេច​សូល​និយាយ​ថា៖ «សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ជួយ​ឈឺ​ឆ្អាល​ខ្ញុំ។

22 ឥឡូវ​នេះ សូម​មេត្តា​ទៅ​ពិនិត្យ​មើល​ម្តង​ទៀត ហើយ​យក​ការណ៍​ឲ្យ​បាន​ច្បាស់​ថា វា​ពួន​នៅ​កន្លែង​ណា នរណា​បាន​ឃើញ​វា។ មាន​គេ​ប្រាប់​យើង​ថា វា​នេះ​ឆ្លាត​ណាស់។

23 ចូរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ហើយ​ស៊ើប​អំពី​កន្លែង​ទាំង​ប៉ុន្មាន​ដែល​វា​ធ្លាប់​ពួន រួច​ត្រឡប់​មក​រក​យើង​វិញ ដោយ​នាំ​ពត៌‌មាន​ច្បាស់​លាស់​មក​ផង នោះ​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា។ ប្រសិន​បើ​វា​នៅ​ក្នុង​ស្រុក​មែន​នោះ យើង​នឹង​រក​វា​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​យូដា រហូត​ទាល់​តែ​បាន​ឃើញ»។

24 ពួក​គេ​ក៏​ចេញ​ទៅ​មុន​ស្តេច​សូល វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ​វិញ។ ពេល​នោះ ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ស្ថិត​នៅ​វាល​រហោ‌ស្ថាន​ម៉ាអូន ក្នុង​តំបន់​អារ៉ា‌បា ដែល​នៅ​ខាង​ត្បូង​វាល​យេ‌ស៊ី‌ម៉ូន។

25 ស្តេច​សូល​ព្រម​ទាំង​ពល​ទាហាន ចេញ​ទៅ​តាម​រក​ទត។ មាន​គេ​ប្រាប់​ដំណឹង​នេះ​ដល់​ទត គាត់​ក៏​ទៅ​ពួន​នៅ​តាម​ផ្ទាំង​ថ្ម ក្នុង​វាល​រហោ‌ស្ថាន​ម៉ាអូន។ កាល​ស្តេច​សូល​ជ្រាប​ហើយ គាត់​តាម​រក​ទត​នៅ​វាល​រហោ‌ស្ថាន​នោះ។

26 ស្តេច​សូល​ដើរ​តាម​ជំរាល​ភ្នំ​ម្ខាង រីឯ​ទត និង​ពួក​គាត់​ដើរ​តាម​ជំរាល​ភ្នំ​ម្ខាង​ទៀត។ គាត់​ប្រញាប់‌ប្រញាល់​រត់​គេច​ពី​ស្តេច​សូល ប៉ុន្តែ ស្តេច​សូល និង​ពល​ទាហាន​បាន​ព័ទ្ធ ហើយ​បំរុង​នឹង​ចាប់​ខ្លួន​ពួក​គាត់។

27 ពេល​នោះ​ស្រាប់​តែ​មាន​អ្នក​នាំ​សារ​ម្នាក់ មក​ជម្រាប​ស្តេច​សូល​ថា៖ «សូម​ស្តេច​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលី‌ស្ទីន​កំពុង​តែ​វាយ​លុក​ចូល​ស្រុក​ហើយ!»។

28 ស្តេច​សូល​ក៏​ឈប់​ដេញ​តាម​ទត ហើយ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ថ្ម​នៃ​ការ​បែក​គ្នា»។

29 ទត​ចាក​ចេញ​ពី​តំបន់​នោះ ទៅ​នៅ​អេន-គេឌី ជា​កន្លែង​មួយ​ដែល​ពិបាក​ទៅ​ដល់។។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម