ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ សាំ‌យូ‌អែល 2 - អាល់គីតាប អាល់គីតាប
១ សាំ‌យូ‌អែល 2

ទំនុក​តម្កើង​របស់​នាង​ហាណា

1 ពេល​នោះ នាង​ហា‌ណា​ទូរអា​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង អុលឡោះ‌តាអាឡា​លើក​ខ្ញុំ​ឡើង​ឲ្យ​បាន​ខ្ពស់​មុខ ខ្ញុំ​អាច​ហា​មាត់​និយាយ​តទល់​នឹង​ខ្មាំង​សត្រូវ​វិញ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។

2 គ្មាន​នរណា​ម្នាក់​វិសុទ្ធ ដូចអុលឡោះ‌តាអាឡា​ទេ គ្មាន​នរណា​ម្នាក់​ដូច​ទ្រង់​ឡើយ ហើយ​ក៏​គ្មាន​ថ្ម​ដា​ណា​រឹង​មាំ ដូច​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ដែរ។

3 កុំ​ចេះ​តែ​ពោល​ពាក្យ​អួត​បំប៉ោង​ឡើយ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​សំដី​ព្រហើន ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់ ដែល​ជ្រាប​សព្វ​គ្រប់​ទាំង​អស់ ទ្រង់​វិនិច្ឆ័យ​គ្រប់​អំពើ​របស់​មនុស្ស។

4 ទ្រង់​កាច់​បំបាក់​ធ្នូ​របស់​ទាហាន​ដ៏​ខ្លាំង​ពូកែ តែ​ទ្រង់​ប្រទាន​កម្លាំង ដល់​មនុស្ស​ទន់​ខ្សោយ។

5 អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​បរិបូណ៌ បែរ​ជា​នាំ​គ្នា​ស្វែង​រក​អាហារ​ចំអែត​ក្រពះ រីឯ​អ្នក​ដែល​ធ្លាប់​តែ​អត់​ឃ្លាន បែរ​ជា​មាន​អាហារ​បរិបូណ៌​ទៅ​វិញ។ ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​អារ សំរាល​កូន​ដល់​ទៅ​ប្រាំ​ពីរ​ដង តែ​ស្ត្រី​សាយ​កូន បែរ​ជា​គ្មាន​កូន​ទៅ​វិញ។

6 ជីវិត​របស់​មនុស្ស ត្រូវ​ស្លាប់ ឬ​រស់ ស្រេច​តែ​លើអុលឡោះ‌តាអាឡា គេ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ផ្នូរ​ខ្មោច ឬ​ឡើង​មក​វិញ ក៏​ស្រេច​តែ​លើ​ទ្រង់​ដែរ

7 មនុស្ស​យើង​មាន ឬ​ក្រ ស្រេច​តែ​លើអុលឡោះ‌តាអាឡា ទ្រង់​បន្ទាប​នរណា​ក៏​បាន ឬ​លើក​នរណា​ឡើង​ក៏​បាន។

8 ទ្រង់​លើក​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​ធូលី​ដី ហើយ​ដក​មនុស្ស​ក្រី‌ក្រ​ចេញ​ពី​គំនរ​សំរាម ដើម្បី​ឲ្យ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំ ព្រម​ទាំង​បាន​គ្រង​រាជ​ដ៏​រុង‌រឿង ដ្បិតអុលឡោះ‌តាអាឡា​បាន​តែង‌តាំង​គ្រឹះ​នៃ​ផែនដី ហើយ​ទ្រង់​ដាក់​ពិភព​លោក នៅ​លើ​គ្រឹះ​នេះ។

9 ទ្រង់​ថែ​រក្សា​ដំណើរ​ជីវិត របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ រីឯ​មនុស្ស​អាក្រក់​វិញ គេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹត ដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យ​ជំនះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​បាន​ឡើយ។

10 អស់​អ្នក​ដែល​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា មុខ​ជា​ត្រូវ​អន្តរាយ ទ្រង់​ធ្វើ​ឲ្យ​មាន​រន្ទះ​ពី​លើ​មេឃ បាញ់​ចំ​ពួក​គេ។ អុលឡោះ‌តាអាឡា​នឹង​វិនិច្ឆ័យ​ទោស​ផែនដី​ទាំង​មូល ទ្រង់​ប្រទាន​កម្លាំង​ដល់​ស្តេច ដែល​ទ្រង់​ជ្រើស‌រើស ព្រម​ទាំង​ប្រទាន​អំណាច​ដល់​ស្តេច ដែល​ទ្រង់​បាន​តែង​តាំង»។

11 បន្ទាប់​មក លោក​អែល‌កាណា​ក៏​វិល​ទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រ៉ាម៉ា​វិញ រីឯ​កុមារ​សាំយូ‌អែល​នៅ​បម្រើអុលឡោះ‌តាអាឡា ជា​មួយ​អ៊ីមុាំ​អេលី។

កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី

12 កូន​ប្រុស​របស់​លោក​អេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់អុលឡោះ‌តាអាឡា​ទេ។

13 ទោះ​បី​អ្នក​ទាំង​នោះ​មាន​មុខ‌ងារ​ជា​អ៊ីមុាំ​ក្តី គេ​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន ដូច​ត​ទៅ: កាល​ណា​មាន​គេ​យក​គូរបាន​មក​ជូន​អុលឡោះអ្នក​បម្រើ​របស់​អ៊ីមុាំ ក៏​ចូល​មក​ចំ​ពេល​ដែល​គេ​ចំអិន​សាច់ ទាំង​កាន់​សម​មុខ​បី​មក​ជា​មួយ​ផង។

14 អ្នក​បម្រើ​នោះ​យក​សម​ចាក់​សាច់​ដែល​គេ​ស្ងោរ នៅ​ក្នុង​ខ្ទះ ក្នុង​ឆ្នាំង ឬ​ក្នុង​ថ្លាង ហើយ​សាច់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជាប់​នឹង​សម​នោះ អ៊ីមុាំ​ប្រមូល​យក​ទាំង​អស់។ ពួក​គេ​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដែល​មក​ធ្វើ​គូរបាន​នៅ​ស៊ីឡូ។

15 ជួន​កាល​មុន​ពេល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​អ៊ីមុាំ​មក​និយាយ​នឹង​អ្នក​ដែល​ធ្វើ​គូរបាន​ថា៖ «ចូរ​ប្រគល់​សាច់​ដែល​ត្រូវ​អាំង​នេះ​ជូន​អ៊ីមុាំ​ទៅ ដ្បិត​គាត់​មិន​ទទួល​សាច់​ឆ្អិន​ពី​អ្នក​ទេ គឺ​គាត់​ទទួល​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។

16 ប្រសិន​បើ​អ្នក​នោះ​ឆ្លើយ​ថា «ត្រូវ​ដុត​ខ្លាញ់​ជា​មុន​សិន រួច​សឹម​អ្នក​យក​តាម​ចិត្ត​ចុះ!» នោះ​អ្នក​បម្រើ​ពោល​ឡើង​ថា «ទេ! ត្រូវ​ឲ្យ​ខ្ញុំ​ឥឡូវ​នេះ​មក បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​យក​ដោយ​ប្រើ​កម្លាំង​បាយ!»។

17 អំពើ​បាប​ដែល​កូន​ប្រុស​របស់​លោក​អេលី​ប្រព្រឹត្ត​នោះ ទាស់​នឹង​បំណង​របស់អុលឡោះ‌តាអាឡា​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​ប្រមាថ​មើល​ងាយ​គូរបាន​របស់​អុលឡោះ។

កុមារ​សាំយូ‌អែល​នៅ​ស៊ីឡូ

18 កុមារ​សាំយូ‌អែល​បំពេញ​ការ‌ងារ នៅ​ចំពោះអុលឡោះ‌តាអាឡា គាត់​ពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេសឯក។

19 រៀង​រាល់​ឆ្នាំ ម្តាយ​តែងតែ​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា​មួយ​ប្ដី ដើម្បី​ធ្វើ​គូរបាន​ប្រចាំ​ឆ្នាំ។

20 លោក​អេលី​ជូន​ពរ​លោក​អែល‌កាណា និង​នាង​ហាណា​ថា៖ «សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន ឲ្យ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ជូន​ទៅអុលឡោះ‌តាអាឡា!»។ បន្ទាប់​មក​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

21 អុលឡោះ‌តាអាឡា​ប្រោស​ប្រណី​ដល់​នាង​ហាណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សំរាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង​នៅ​ចំពោះអុលឡោះ‌តាអាឡា។

លោក​អេលី​ស្តី​បន្ទោស​កូនៗ​របស់​គាត់

22 លោក​អេលី​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ គាត់​ឮ​គេ​និយាយ​ពី​អំពើ​ផ្សេងៗ ដែល​កូន​ប្រុស​ទាំង​ពីរ​របស់​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ជា​ពិសេស គាត់​ឮ​ថា កូន​របស់​គាត់​តែងតែ​ដេក​ជា​មួយ​ស្រីៗ ដែល​ធ្វើ​ការ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

23 លោក​អេលី​ក៏​ពោល​ទៅ​កូនៗ​របស់​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​អំពើ​អាក្រក់​របស់​កូន​គ្រប់ៗ​គ្នា។

24 កូន​អើយ​មិន​ត្រូវ​ធ្វើ​បែប​នេះ​ឡើយ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​កូន​នោះ អាក្រក់​ហួស​ហេតុ​ណាស់!

25 ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ម្នាក់​ទៀត អុលឡោះ​នឹង​រក​ខុស​ត្រូវ​ឲ្យ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើអុលឡោះ‌តាអាឡា តើ​នឹង​មាន​នរណា​រក​ខុស​ត្រូវ​ឲ្យ?»។ កូនៗ​លោក​អេលី​ពុំ​ព្រម​ស្តាប់​តាម​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ដ្បិតអុលឡោះ‌តាអាឡា​បាន​សម្រេច​ប្រហារ​ជីវិត​ពួក​គេ​ចោល។

26 រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា និង​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្ស‌ម្នា​ទាំង‌ឡាយ។

ណាពី​ម្នាក់​ប្រកាស​ពី​ការ​ដាក់​ទោស​គ្រួសារ​លោក​អេលី

27 មាន​អ្នក​ជំនិត​មួយ​នាក់​របស់​អុលឡោះបាន​មក​ជួប​លោក​អេលី​ពោល​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “កាល​បុព្វ‌បុរស​របស់​អ្នក​ស្ថិត​នៅ​ស្រុក​អេស៊ីប ជា​ទាសករ​របស់​ស្តេច​ហ្វៀរ៉អ៊ូន យើង​បាន​សំដែង​ឲ្យ​គេ​ស្គាល់​យើង។

28 យើង​ជ្រើស​រើស​ហារូន ជា​បុព្វ‌បុរស​របស់​អ្នក ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​បំពេញ​មុខ‌ងារ​ជា​អ៊ីមុាំ ដើម្បី​ឡើង​ទៅ​អាសនៈ​ដុត​គ្រឿង​ក្រអូប និង​ពាក់​អាវ​អេផូដ​បម្រើ​យើង។ យើង​បាន​ចែក​សាច់​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល យក​មក​ដុត​ជា​គូរបាន​ជូន​យើង ឲ្យ​ពូជ‌ពង្ស​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។

29 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​គូរបាន និង​ជំនូន​ដែល​យើង​បង្គាប់​ឲ្យ​ប្រជា‌ជន​យក​មក​ជូន នៅ​ក្នុង​‌ម៉ាស្ទិទ​របស់​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​លើក​តម្កើង​កូន​របស់​អ្នក​ជាង​យើង ដោយ​បណ្តោយ​ឲ្យ​កូន​យក​ចំណែក​ជំនូន​ល្អៗ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌ជន​របស់​យើង យក​ទៅ​បំប៉ន​ខ្លួន​ឯង​ដូច្នេះ?”

30 ហេតុ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រឹក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្តល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល​ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!

31 ទៅ​អនាគត យើង​នឹង​ធ្វើ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក​បាក់​កម្លាំង ហើយ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។

32 អ្នក​នឹង​ឃើញ​ទុក្ខ​ព្រួយ​នៅ​ក្នុង​‌ម៉ាស្ទិទ​របស់​យើង។ ប្រជា‌ជន​អ៊ីស្រ‌អែល​នឹង​ទទួល​សេចក្តី​សុខ​ចំរើន រីឯ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក​វិញ គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។

33 ទោះ​ជា​យ៉ាង​ណា​ក្តី យើង​នឹង​ទុក​ឲ្យ​មាន​មនុស្ស​ម្នាក់​ក្នុង​ពូជ‌ពង្ស​របស់​អ្នក បំពេញ​មុខ‌ងារ​នៅ​ជិត​អាសនៈ​របស់​យើង ដើម្បី​ឲ្យ​អ្នក​ឈឺ​ចិត្ត និង​បាត់​បង់​សេចក្តី​សង្ឃឹម។ រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ​នឹង​ត្រូវ​ស្លាប់ ក្នុង​ពេល​កំពុង​តែ​ពេញ​វ័យ។

34 អ្នក​នឹង​ឃើញ​ការ​ដែល​កើត​មាន​ចំពោះ​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក គឺ​ហូប‌នី និង​ភីនេ‌ហាស ទុក​ជា​ទី​សំគាល់។ ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ។

35 បន្ទាប់​មក យើង​ជ្រើស​រើស​យក​អ៊ីមុាំ​ម្នាក់ ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត និង​តាម​គោល​គំនិត​របស់​យើង។ យើង​នឹង​ឲ្យ​គេ​មាន​ពូជ‌ពង្ស​មួយ​ដែល​មាន​ស្ថិរ‌ភាព គេ​នឹង​បម្រើ​ស្តេច​ដែល​យើង​តែង​តាំង​ជា​រៀង​រហូត។

36 ពេល​នោះ​ពូជ‌ពង្ស​របស់​អ្នក ដែល​នៅ​សេស‌សល់ នឹង​មក​ក្រាប​សំពះ​អ្នក​នោះ ដើម្បី​សុំ​ប្រាក់ និង​សុំ​អាហារ​ទាំង​អង្វរ​ថា “សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ នៅ​បំពេញ​ការ‌ងារ​ជា​អ៊ីមុាំ​ជា​មួយ​អ្នក ដើម្បី​ឲ្យ​ខ្ញុំ​មាន​អាហារ​ខ្លះ​សម្រាប់​បរិភោគ​ផង”»។

© 2014 United Bible Societies, UK.

United Bible Societies