Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ សាំ‌យូ‌អែល 3 - អាល់គីតាប


អុលឡោះ‌តាអាឡា​ត្រាស់​ហៅ​កុមារ​សាំយូ‌អែល

1 កុមារ​សាំយូ‌អែល​នៅ​បម្រើអុលឡោះ‌តាអាឡា​ជា​មួយ​លោក​អេលី។ នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​កម្រ​មាន​បន្ទូល​មក​កាន់​ប្រជា‌ជន​អ៊ីស្រ‌អែល​ណាស់ ហើយ​ក៏​កម្រ​ឲ្យ​នរណា​ម្នាក់​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មក​ពី​ទ្រង់​ដែរ។

2 ពេល​នោះ​ភ្នែក​របស់​លោក​អេលី​ចាប់​ផ្តើម​ងងឹត​មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​អេលី​សម្រាន្ត​នៅ​ក្នុង​បន្ទប់​របស់​គាត់

3 រីឯ​ចង្កៀង​ដែល​គេ​ដុត​ក្នុង​ទី​សក្ការៈ មិន​ទាន់​រលត់​នៅ​ឡើយ ហើយ​កុមារ​សាំយូ‌អែល​ដេក​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ត្រង់​កន្លែង​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រីរបស់​អុលឡោះ។

4 ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!»

5 ហើយ​រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​អេលី​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ!»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។

6 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្តង​ទៀត សាំយូ‌អែល​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ គាត់​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ​កូន​អើយ!»។

7 កុមារ​សាំយូ‌អែល​មិន​ទាន់​ស្គាល់អុលឡោះ‌តាអាឡា​ទេ ដ្បិត​មក​ទល់​ពេល​នោះ ទ្រង់​ពុំ​ធ្លាប់​មាន​បន្ទូល​មក​កាន់​គេ​នៅ​ឡើយ។

8 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្តង​ទៀត ជា​លើក​ទី​បី។ កុមារ​សាំយូ‌អែល​ក៏​ក្រោក​ឡើង​រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ​លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ ពេល​នោះ លោក​អេលី​យល់​ថាអុលឡោះ‌តាអាឡា​មាន​បន្ទូល​ហៅ​ក្មេង​នេះ។

9 លោក​អេលី​ប្រាប់​សាំយូ‌អែល​ថា៖ «ទៅ​ដេក​វិញ​ចុះ ប្រសិន​បើ​មាន​ឮ​សំឡេង​ហៅ​ម្តង​ទៀត ត្រូវ​ឆ្លើយ​ថា “សូមអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​ចុះ ខ្ញុំ ជា​អ្នក​បម្រើ រង់​ចាំ​ស្តាប់​ហើយ”»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ដដែល​វិញ។

10 អុលឡោះ‌តាអាឡា​មក​ឈរ​នៅ​ក្បែរ​នោះ ហើយ​មាន​បន្ទូល​ហៅ​ដូច​លើក​មុនៗ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល!» កុមារ​សាំយូ‌អែល​ឆ្លើយ​ថា៖ «សូម​មាន​បន្ទូល​មក​ចុះ ខ្ញុំ​ជា​អ្នក​បម្រើ រង់​ចាំ​ស្តាប់​ទ្រង់​ហើយ»។

11 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​កុមារ​សាំយូ‌អែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់​កើត​ឡើង​នៅ​ស្រុក​អ៊ីស្រ‌អែល។ នរណា​ក៏​ដោយ ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។

12 នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អេលី​ស្រប​តាម​សេចក្តី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់​តាំង​ពី​ដើម​ដល់​ចប់។

13 យើង​បាន​ប្រាប់​គាត់​រួច​ហើយ​ថា យើង​នឹង​ដាក់​ទោស​គ្រួសារ​របស់​គាត់​រហូត​ត​ទៅ ព្រោះ​តែ​កំហុស​ដែល​កូនៗ​របស់​គាត់​បាន​ប្រព្រឹត្ត ហើយ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា កូនៗ​របស់​គាត់​ប្រមាថ​មើល​ងាយ​យើង តែ​គាត់​មិន​ស្តី​បន្ទោស​កូន​ទេ។

14 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​ក្រុម​គ្រួសារ​អេលី​យ៉ាង​ម៉ឺង‌ម៉ាត់​ថា យើង​មិន​លើក​លែង​ទោស​របស់​ពួក​គេ​ទេ ទោះ​បី​ពួក​គេ​យក​គូរបាន ឬ​ជំនូន​អ្វី​មក​ជូន​យើង​ក៏​ដោយ»។

15 កុមារ​សាំយូ‌អែល​ដេក​រហូត​ដល់​ព្រឹក រួច​ក៏​បើក​ទ្វារ​‌ម៉ាស្ទិទ​របស់អុលឡោះ‌តាអាឡា។ កុមារ​សាំយូ‌អែល​មិន​ហ៊ាន​ជម្រាប​លោក​អេលី អំពី​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ ដែល​អុលឡោះ​សំដែង​ឲ្យ​ខ្លួន​ឃើញ​ឡើយ។

16 លោក​អេលី​ហៅ​កុមារ​សាំយូ‌អែល​ថា៖ «កូន​សាំយូ‌អែល​អើយ!»។ សាំយូ‌អែល​ឆ្លើយ «បាទ!»។

17 គាត់​សួរ​ថា៖ «តើ​អុលឡោះ​មាន​បន្ទូល​មក​កូន​ឯង​ដូច​ម្តេច​ខ្លះ? កុំ​លាក់​នឹង​តា​អី ប្រសិន​បើ​កូន​លាក់​ពាក្យ​ពេចន៍​ណា​មួយ​ដែល​អុលឡោះ​មាន​បន្ទូល​ប្រាប់​នោះ សូម​ទ្រង់​ដាក់​ទោស​កូន​យ៉ាង​ធ្ងន់​ចុះ!»។

18 កុមារ​សាំយូ‌អែល​ក៏​រៀប​រាប់​បន្ទូល​របស់​អុលឡោះ​ទាំង​អស់​ប្រាប់​លោក​អេលី ដោយ​ឥត​លាក់​លៀម​ពាក្យ​ណា​មួយ​ឡើយ។ គាត់​និយាយ​ថា៖ «ទ្រង់​ជាអុលឡោះ‌តាអាឡា​សូម​ទ្រង់​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ!»។

19 សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង អុលឡោះ‌តាអាឡានៅ​ជា​មួយ​គាត់ ហើយ​គ្រប់​សេចក្តី​ដែល​គាត់​ថ្លែង​ក្នុង​នាម​របស់​ទ្រង់​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។

20 ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេបា ប្រជា‌ជន​គ្រប់ៗ​គ្នា​ទទួល​ស្គាល់​ថា សាំយូ‌អែល​ពិត​ជា​ណាពី​របស់អុលឡោះ‌តាអាឡា​មែន។

21 អុលឡោះ‌តាអាឡា​នៅ​តែ​បន្ត​មក​ស៊ីឡូ។ នៅ​ទី​នោះ អុលឡោះ‌តាអាឡា​សំដែង​ឲ្យ​សាំយូ‌អែល​ស្គាល់ តាម​រយៈ​បន្ទូល​របស់​ទ្រង់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម