ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ សាំ‌យូ‌អែល 18 - អាល់គីតាប អាល់គីតាប
១ សាំ‌យូ‌អែល 18

សម្តេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ទត

1 ពេល​ទត​និយាយ​ជា​មួយ​ស្តេច​សូល​ចប់​ហើយ សម្តេច​យ៉ូណា‌ថាន​ក៏​ជំពាក់​ចិត្ត​នឹង​ទត ហើយ​ស្រឡាញ់​ទត​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ។

2 នៅ​ថ្ងៃ​នោះ ស្តេច​សូល​ឃាត់​ទត​ឲ្យ​នៅ​ជា​មួយ គឺ​គាត់​មិន​ឲ្យ​ទត​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​វិញ​ទេ។

3 សម្តេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ទត ព្រោះ​គាត់​ស្រឡាញ់​ទត ដូច​ខ្លួន​ឯង។

4 សម្តេច​យ៉ូណា‌ថាន​បាន​ដោះ​អាវ​ធំ​របស់​សម្តេច មក​បំពាក់​ឲ្យ​ទត ហើយ​ក៏​ប្រគល់​អាវ​សឹក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​សម្តេច ឲ្យ​គាត់​ដែរ។

5 គ្រប់​សមរ‌ភូមិ​ដែល​ស្តេច​សូល​ចាត់​ឲ្យ​ទៅ ទត​តែងតែ​ទទួល​ជោគ​ជ័យ​ជា‌និច្ច។ ស្តេច​សូល​តែង‌តាំង​ទត​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ហើយ​ប្រជា‌ជន​ទាំង​មូល និង​អ្នក​បម្រើ​របស់​ស្តេច​សូល ពេញ​ចិត្ត​នឹង​គាត់​គ្រប់ៗ​គ្នា។

ស្តេច​សូល​ច្រណែន​នឹង​ទត

6 កាល​កង‌ទ័ព​ត្រឡប់​មក​ពី​ច្បាំង​វិញ ក្រោយ​ដែល​ទត​បាន​ប្រហារ​ជន​ភីលី‌ស្ទីន ហើយ​ស្ត្រីៗ​នៅ​គ្រប់​ក្រុង​ក្នុង​ស្រុក​អ៊ីស្រ‌អែល ចេញ​ទៅ​ទទួល​ស្តេច​សូល​ទាំង​ស្រែក​ច្រៀង និង​រាំ​តាម​ចង្វាក់​ស្គរ និង​តូរ្យ​តន្ត្រី ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

7 ស្ត្រី​ទាំង​នោះ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​រីក‌រាយ​ថា៖ «ស្តេច​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​ទត​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។

8 ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​ស្តេច​សូល​ខឹង​ជា​ខ្លាំង គាត់​នឹក​ថា៖ «គេ​សរសើរ​ទត​ថា ប្រហារ​បាន​រាប់​ម៉ឺន​នាក់ រីឯ​អញ​វិញ​ត្រឹម​តែ​រាប់​ពាន់​នាក់។ ដូច្នេះ ទត​នៅ​ខ្វះ​តែ​រាជ្យ​ប៉ុណ្ណោះ»។

9 ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ស្តេច​សូល​ស្អប់​ទត​យ៉ាង​ខ្លាំង។

10 លុះ​ស្អែក​ឡើង អុលឡោះ​បណ្តោយ​ឲ្យ​អ៊ីព្លេស​មក​ចូល​ក្នុង​ស្តេច​សូល​ទៅ​ជា​វិកល‌ចរិត​នៅ​ក្នុង​‌ម៉ាស្ទិទ។ ទត​លេង​ភ្លេង​ជូន​ស្តេច​ដូច​សព្វ​ដង ពេល​នោះ​ស្តេច​សូល​កាន់​លំពែង

11 គាត់​ចោល​លំពែង​ទៅ​ដោយ​នឹក​ថា៖ «អញ​នឹង​គប់​ទម្លុះ​ទត​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង»។ ប៉ុន្តែ ទត​គេច​ផុត​ដល់​ទៅ​ពីរ​លើក។

12 ស្តេច​សូល​ខ្លាច​ទត ព្រោះអុលឡោះ‌តាអាឡា​បាន​បោះ​បង់​ចោល​ស្តេច ហើយ​ទៅ​នៅ​ជា​មួយ​ទត។

13 ហេតុ​នេះ​ហើយ ទើប​ស្តេច​សូល​ឲ្យ​ទត​ចេញ​ឆ្ងាយ​ពី​ស្តេច ដោយ​តែង‌តាំង​គាត់​ជា​មេ‌ទ័ព​ត្រួត​លើ​ទាហាន​មួយ​ពាន់​នាក់។ ទត​ក៏​ដឹក​នាំ​កង‌ទ័ព​ទៅ​ច្បាំង

14 ហើយ​គាត់​តែងតែ​បាន​ទទួល​ជ័យ​ជំនះ​គ្រប់​ពេល​ទាំង​អស់ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ។

15 ពេល​ឃើញ​ទត​មាន​ជ័យ​ជំនះ​ជា​ច្រើន​ដូច្នេះ ស្តេច​សូល​ខ្លាច​គាត់​ក្រៃ‌លែង។

16 ផ្ទុយ​ទៅ​វិញ ប្រជា‌ជន​អ៊ីស្រ‌អែល និង​ប្រជា‌ជន​យូដា​ទាំង​មូល​ស្រឡាញ់​ទត ព្រោះ​គាត់​ដឹក​នាំ​ពួក​គេ​ចេញ​ទៅ​ច្បាំង។

ណាពី​ទត​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​បុត្រី​ស្តេច​សូល

17 ស្តេច​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ទត​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលី‌ស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ទត​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាប ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​សម្រាប់អុលឡោះ‌តាអាឡា»។

18 ទត​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច! តើ​ខ្ញុំ​ជា​នរណា ហើយ​គ្រួសារ និង​អំបូរ​របស់​ឪពុក​ខ្ញុំ​មាន​ឋានៈ​អ្វី នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល បាន​ជា​ខ្ញុំ​អាច​ធ្វើ​ជា​កូន​ប្រសា​ស្តេច​ដូច្នេះ?»។

19 ប៉ុន្តែ នៅ​ពេល​កំណត់​ដែល​ទត​ត្រូវ​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​នាង​ម៉្រាប នោះ​ស្តេច​សូល​បែរ​ជា​លើក​នាង​ទៅ​ឲ្យ​លោក​អទ្រី‌អែល ជា​អ្នក​ក្រុង​មេហូ‌ឡា​ទៅ​វិញ។

20 ពេល​នោះ នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សូល ក៏​ចាប់​ចិត្ត​ស្រឡាញ់​ទត​ដែរ។ មាន​គេ​យក​រឿង​នេះ​ទៅ​ជម្រាប​ស្តេច​សូល ស្តេច​ពេញ​ចិត្ត​ណាស់។

21 ស្តេច​សូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​ឲ្យ​ទត​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​ឲ្យ​ទត​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។ ដូច្នេះ ស្តេច​សូល​ស្នើ​ជា​លើក​ទី​ពីរ ឲ្យ​ទត​ធ្វើ​ជា​កូន​ប្រសា។

22 ស្តេច​សូល​បញ្ជា​អ្នក​បម្រើ​ថា៖ «ចូរ​ទៅ​ប្រាប់​ទត​ជា​សម្ងាត់​ថា “ស្តេច​ពេញ​ចិត្ត​នឹង​លោក​ណាស់ ហើយ​អ្នក​បម្រើ​ទាំង​អស់​ក៏​ស្រឡាញ់​លោក​ដែរ។ ដូច្នេះ សូម​យល់​ព្រម​ធ្វើ​ជា​កូន​ប្រសា​ស្តេច​ទៅ”»។

23 ពួក​អ្នក​បម្រើ​នាំ​ពាក្យ​ទាំង​នោះ ទៅ​ប្រាប់​ទត​ជា​សម្ងាត់។ ទត​ឆ្លើយ​ថា៖ «តើ​អស់​លោក​ស្មាន​ថា​ធ្វើ​ជា​កូន​ប្រសា​ស្តេច​ដូច្នេះ ជា​រឿង​តូច‌តាច​ឬ? ជា​ពិសេស មនុស្ស​ក្រី‌ក្រ​ដូច​ខ្ញុំ ហើយ​គ្មាន​ឋានៈ​សម‌រម្យ​ផង!»។

24 ពួក​អ្នក​បម្រើ​នាំ​ពាក្យ​សំដី​របស់​ទត ទៅ​ជម្រាប​ស្តេច​វិញ។

25 ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​ទៅ​និយាយ​ប្រាប់​ទត​ថា “ស្តេច​មិន​ចង់​បាន​បណ្តា‌ការ​អ្វី ក្រៅ​ពី​ស្បែក​អង្គ‌ជាត​របស់​ពួក​ភីលី‌ស្ទីន​ចំនួន​មួយ​រយ ដើម្បី​សង​សឹក​ខ្មាំង​សត្រូវ​ប៉ុណ្ណោះ”»។ ស្តេច​សូល​មាន​គោល​បំណង​ធ្វើ​ឲ្យ​ទត ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន។

26 ពួក​អ្នក​បម្រើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​ទត ហើយ​ទត​ក៏​យល់​ឃើញ​ថា សំណើ​នេះ​ជា​ការ​សម‌រម្យ ដើម្បី​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច។ មុន​ពេល​កំណត់​ត្រូវ​រៀប​ការ

27 ទត និង​ទាហាន​របស់​គាត់​នាំ​គ្នា​ចេញ​ទៅ​ច្បាំង គាត់​សម្លាប់​ជន‌ជាតិ​ភីលី‌ស្ទីន​ពីរ​រយ​នាក់។ ទត​បាន​កាត់​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ជូន​ស្តេច ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្តេច។ ពេល​នោះ ស្តេច​សូល​ក៏​លើក​នាង​មិកាល់​ជា​បុត្រី ឲ្យ​ធ្វើ​ជា​ភរិយា។

28 ស្តេច​សូល​យល់​ឃើញ​ថា អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ទត ហើយ​ឃើញ​ថា​នាង​មិកាល់​ជា​បុត្រី​ស្រឡាញ់​គាត់​ដែរ

29 ដូច្នេះ ស្តេច​ខ្លាច​ទត​រឹត​តែ​ខ្លាំង​ឡើង ហើយ​ចាត់​ទុក​គាត់​ជា​គូ​សត្រូវ​ចាប់​ពី​ពេល​នោះ​ត​ទៅ។

30 ពួក​មេ‌ទ័ព​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​តែងតែ​នាំ​គ្នា​ចេញ​មក​ទន្ទ្រាន ប៉ុន្តែ គ្រប់​ពេល​ប្រយុទ្ធ ទត​ទទួល​ជ័យ​ជំនះ ច្រើន​ជាង​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​ស្តេច​សូល ជា​ហេតុ​នាំ​ឲ្យ​គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង។

© 2014 United Bible Societies, UK.

United Bible Societies