ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ សាំ‌យូ‌អែល 17 - អាល់គីតាប អាល់គីតាប
១ សាំ‌យូ‌អែល 17

កូលីយ៉ាត​ប្រមាថ​កង‌ទ័ព​អ៊ីស្រ‌អែល

1 ពួក​ភីលី‌ស្ទីន​ប្រមូល​ផ្តុំ​កង‌ទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេ‌កា។

2 រីឯ​ស្តេច​សូល និង​ទាហាន​អ៊ីស្រ‌អែល ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ដែរ ហើយ​បោះ​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ​អេឡា រួច​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ភីលី‌ស្ទីន។

3 ពួក​ភីលី‌ស្ទីន ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង ពួក​អ៊ីស្រ‌អែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​កង‌ទ័ព​ទាំង​ពីរ។

4 មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលី‌ស្ទីន អ្នក​នោះ​ឈ្មោះ​កូលីយ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កំពស់​ប្រមាណ​បី​ម៉ែត្រ។

5 គាត់​ពាក់​មួក​ធ្វើ​ពី​លង្ហិន និង​អាវ​ក្រោះ​មាន​ទម្ងន់​ប្រមាណ​ហា‌សិប​ប្រាំ​ពីរ​គីឡូ​ក្រាម ធ្វើ​ពី​លង្ហិន​ដែរ។

6 គាត់​មាន​ប្រដាប់​ស្រោប​ជើង​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​មាន​ស្ន​ធ្វើ​ពី​លង្ហិន​ពាក់​ឆៀង​ដែរ។

7 ដង​លំពែង​របស់​គាត់​មាន​រាង​ធំ​ដូច​ផ្សំ​កី​តម្បាញ ផ្លែ​លំពែង​នោះ​ធ្វើ​ពី​ដែក មាន​ទម្ងន់​ប្រមាណ​ប្រាំ​ពីរ​គីឡូ​ក្រាម។ មាន​ទាហាន​ម្នាក់​ទៀត​កាន់​ខែល​ដើរ​ពី​មុខ​គាត់។

8 គាត់​ឈរ​ហើយ​ស្រែក​ទៅ​កាន់​ពល​ទ័ព​អ៊ីស្រ‌អែល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ចាំ​បាច់​រៀប​ទ័ព​ច្បាំង​ដូច្នេះ? អញ​ជា​ជន‌ជាតិ​ភីលី‌ស្ទីន រីឯ​ពួក​ឯង​ជា​កញ្ជះ​របស់​ស្តេច​សូល។ ចូរ​រើស​ម្នាក់​ក្នុង​ចំណោម​ពួក​ឯង​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​អញ។

9 ប្រសិន​បើ​វា​ច្បាំង​ឈ្នះ​អញ ហើយ​សម្លាប់​អញ នោះ​ពួក​អញ​នឹង​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​របស់​ពួក​ឯង តែ​ប្រសិន​បើ​អញ​ឈ្នះ ហើយ​សម្លាប់​វា​បាន ពួក​ឯង​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​កញ្ជះ ហើយ​នៅ​បម្រើ​ពួក​អញ​វិញ»។

10 ទាហាន​ភីលី‌ស្ទីន​នោះ​និយាយ​ទៀត​ថា៖ «ថ្ងៃ​នេះ អញ​នឹង​បំបាក់​មុខ​ពល​ទ័ព​អ៊ីស្រ‌អែល! ចូរ​ឲ្យ​ម្នាក់​ចេញ​មក​ប្រយុទ្ធ​គ្នា​ជា​មួយ​អញ​មើល៍!»។

11 កាល​ស្តេច​សូល និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ឮ​ពាក្យ​សំដី​របស់​ទាហាន​ភីលី‌ស្ទីន​នោះ ក៏​ញាប់‌ញ័រ​ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។

ទត​ប្រយុទ្ធ​នឹង​កូលីយ៉ាត

12 ទត ជា​កូន​របស់​លោក​អ៊ីសាយ ពី​អំបូរ​អេប្រា‌តា ដែល​រស់​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា។ លោក​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំ​បី​នាក់។ នៅ​ជំនាន់​ស្តេច​សូល គាត់​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។

13 កូន​ប្រុស​ច្បង​ទាំង​បី​របស់​គាត់ គឺ​អេលាប អប៊ី‌ណាដាប់ និង​សាម៉ា បាន​ចេញ​ទៅ​ច្បាំង រួម​ជា​មួយ​ស្តេច​សូល

14 រីឯ​ទត​ជា​កូន​ពៅ។ ពេល​ដែល​បងៗ​ទាំង​បី​ចេញ​ទៅ​ជា​មួយ​ស្តេច​សូល​អស់​ទៅ

15 ទត​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ឃ្វាល​ចៀម​ឲ្យ​ឪពុក​នៅ​ភូមិ​បេថ្លេ‌ហិម។

16 កូលីយ៉ាត​ជា​ជន‌ជាតិ​ភីលី‌ស្ទីន​នោះ បាន​ចេញ​មក​សំឡុត​ពល​ទ័ព​អ៊ីស្រ‌អែល ទាំង​ព្រឹក​ទាំង​ល្ងាច អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។

17 ថ្ងៃ​មួយ​លោក​អ៊ីសាយ​និយាយ​ទៅ​កាន់​ទត ជា​កូន​ថា៖ «ចូរ​យក​លាជ​មួយ​ថង់ និង​នំបុ័ង​ដប់​ដុំ​នេះ ទៅ​ឲ្យ​បងៗ​នៅ​កន្លែង​បោះ​ទ័ព​យ៉ាង​លឿន។

18 ចូរ​យក​ប្រូម៉ាស​ដប់​ដុំ​នេះ ទៅ​ជូន​លោក​មេ‌ទ័ព​របស់​គេ​ដែរ។ កូន​ត្រូវ​សួរ​សុខ​ទុក្ខ​បងៗ ហើយ​យក​អ្វី​មួយ​ជា​សំគាល់​មក​ផង ដើម្បី​បញ្ជាក់​ថា​ពួក​គេ​បាន​សេចក្តី​សុខ​ហើយ។

19 ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ស្តេច​សូល និង​ពល​ទាហាន​អ៊ីស្រ‌អែល​ទាំង​មូល នៅ​តាម​ជ្រលង​ភ្នំ​អេឡា ហើយ​កំពុង​តែ​ច្បាំង​ជា​មួយ​ពួក​ភីលី‌ស្ទីន»។

20 ទត​ក្រោក​ពី​ព្រលឹម ទុក​ហ្វូង​ចៀម​ឲ្យ​អ្នក​គង្វាល ម្នាក់​មើល​ថែ​ទាំ រួច​យក​ស្បៀង​អាហារ​ទាំង​នោះ​ចេញ​ដំណើរ​ទៅ តាម​បង្គាប់​របស់​លោក​អ៊ីសាយ។ ពេល​ទត​ទៅ​ដល់​កន្លែង​បោះ​ទ័ព ពល​ទាហាន​កំពុង​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ ព្រម​ទាំង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង។

21 ទាហាន​អ៊ីស្រ‌អែល និង​ទាហាន​ភីលី‌ស្ទីន​រៀប​ទ័ព នៅ​ប្រឈម​មុខ​គ្នា ដើម្បី​ប្រយុទ្ធ។

22 ទត​ប្រគល់​ឥវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ​រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។

23 ពេល​ទត​កំពុង​តែ​សំណេះ​សំណាល​ជា​មួយ​បងៗ ទាហាន​ភីលី‌ស្ទីន ឈ្មោះ​កូលីយ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ខាង​មុខ​ជួរ​ទ័ព​របស់​ខ្លួន ហើយ​ស្រែក​សួរ​ពួក​អ៊ីស្រ‌អែល​នូវ​ពាក្យ​ដដែល ទត​ក៏​បាន​ឮ​ពាក្យ​ទាំង​នោះ​ដែរ។

24 កាល​ឃើញ​កូលីយ៉ាត​ចេញ​មក ទាហាន​អ៊ីស្រ‌អែល​នាំ​គ្នា​រត់​ប្រសេច​ប្រសាច ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

25 ទាហាន​អ៊ីស្រ‌អែល​និយាយ​គ្នា​ថា៖ «អ្នក​ឃើញ​ជន​នោះ​ទេ? វា​ចេញ​មក​សំឡុត​ពល​ទ័ព​អ៊ីស្រ‌អែល​យើង! អ្នក​ណា​សម្លាប់​វា​បាន ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ព្រម​ទាំង​លើក​បុត្រី​ឲ្យ ហើយ​គ្រួសារ​របស់​អ្នក​នោះ​ក៏​បាន​រួច​ពន្ធ​នៅ​ស្រុក​អ៊ីស្រ‌អែល​ដែរ»។

26 ទត​សួរ​ទាហាន​ដែល​នៅ​ជិត​ខ្លួន​ថា៖ «តើ​អ្នក​ដែល​សម្លាប់​ជន​ភីលី‌ស្ទីន​នោះ ហើយ​លុប​លាង​ការ​អាម៉ាស់​របស់​អ៊ីស្រ‌អែល នឹង​ទទួល​អ្វី​ជា​រង្វាន់? ជន​ភីលី‌ស្ទីន ជា​សាសន៍​មិន​ខតាន់​នេះ​ជា​នរណា បាន​ជា​ហ៊ាន​បំបាក់​មុខ​ពល​ទ័ព​របស់​អុលឡោះ​ដែល​នៅ​អស់‌កល្ប​ជានិច្ច​ដូច្នេះ?»។

27 ពួក​ទាហាន​ឆ្លើយ​តាម​ពាក្យ​ដែល​ស្តេច​បាន​សន្យា​ថា នឹង​ប្រទាន​ចំពោះ​អ្នក​ដែល​វាយ​ឈ្នះ​ជន​ភីលី‌ស្ទីន​នោះ។

28 លោក​អេលាប​ជា​បង​បង្អស់​ឮ​ទត​និយាយ​ជា​មួយ​នឹង​ពល​ទាហាន​ដូច្នេះ គាត់​ខឹង​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោ‌ស្ថាន​នោះ​ឲ្យ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិល‌រប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។

29 ទត​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។

30 ទត​បែរ​ចេញ​ពី​បង សួរ​ទាហាន​ម្នាក់​ទៀត​នូវ​សំនួរ​ដដែល​នោះ ពួក​ទាហាន​ក៏​ឆ្លើយ​តប​មក​វិញ​ដូច​ពី​មុន​ដែរ។

31 កាល​ពល​ទ័ព​ទាំង​មូល​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ទត​និយាយ គេ​ក៏​នាំ​គ្នា​ទៅ​ជម្រាប​ស្តេច​សូល ហើយ​ស្តេច​ឲ្យ​គេ​ទៅ​ហៅ​ទត​មក។

32 ទត​ជម្រាប​ស្តេច​សូល​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បាក់​ទឹក​ចិត្ត ដោយ‌សារ​តែ​ជន​ភីលី‌ស្ទីន​នោះ​ឡើយ! ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ស្តេច នឹង​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​វា»។

33 ស្តេច​សូល​និយាយ​ទៅ​កាន់​ទត​ថា៖ «អ្នក​មិន​អាច​វាយ​ឈ្នះ​ជន​ភីលី‌ស្ទីន​នេះ​បាន​ទេ អ្នក​នៅ​ក្មេង​ណាស់ ហើយ​វា​ជា​អ្នក​ចំបាំង​តាំង​ពី​ក្មេង​ម៉្លេះ»។

34 ទត​ជម្រាប​ស្តេច​សូល​ថា៖ «ខ្ញុំ​ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក​ខ្ញុំ ពេល​ណា​មាន​តោ ឬ​ខ្លា​ឃ្មុំ​មក​ចាប់​កូន​ចៀម​នៅ​ក្នុង​ហ្វូង​នោះ

35 ខ្ញុំ​ចេញ​ទៅ​តាម​វា​ភ្លាម ខ្ញុំ​បាន​វាយ​ដណ្តើម​យក​កូន​ចៀម​ពី​មាត់​របស់​វា​មក​វិញ។ បើ​វា​លោត​សង្គ្រប់​លើ​ខ្ញុំ ខ្ញុំ​ក៏​ច្បាម​ពុក​ចង្កា​វា បោក​សម្លាប់​តែ​ម្តង។

36 ជន​ភីលី‌ស្ទីន ជា​សាសន៍​មិន​ខតាន់​នេះ​នឹង​ត្រូវ​ស្លាប់ ដូច​តោ ឬ​ខ្លា​ឃ្មុំ ដែល​ខ្ញុំ​បាន​សម្លាប់​នោះ​ជា​មិន​ខាន ដ្បិត​វា​បំបាក់​មុខ​កង‌ទ័ព​របស់​អុលឡោះ​ដែល​នៅ​អស់‌កល្ប​ជានិច្ច»។

37 ទត​ពោល​បន្ត​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​តែងតែ​ជួយ​ខ្ញុំ ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លា​ឃ្មុំ ទ្រង់​មុខ​ជា​ជួយ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ជន​ភីលី‌ស្ទីន​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ស្តេច​សូល​បាន​បញ្ជា​ទៅ​កាន់​ទត​ថា៖ «ទៅ​ចុះ! សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក»។

38 ស្តេច​សូល​យក​អាវ​សឹក​របស់​ខ្លួន​ផ្ទាល់ មក​បំពាក់​ឲ្យ​ទត គឺ​គាត់​យក​មួក​លង្ហិន មក​បំពាក់​លើ​ក្បាល ព្រម​ទាំង​បំពាក់​អាវ​ក្រោះ​ឲ្យ​ដែរ។

39 ទត​យក​ដាវ​របស់​ស្តេច​សូល​មក​ស្ពាយ​លើ​អាវ​សឹក ហើយ​សាក​ល្បង​ដើរ​ល​មើល ព្រោះ​ពុំ​ដែល​បាន​ពាក់​គ្រឿង​សឹក​ដូច្នេះ​នៅ​ឡើយ។ ប៉ុន្តែ ទត​ជម្រាប​ស្តេច​សូល​ថា៖ «ជា​មួយ​គ្រឿង​សឹក​ទាំង​នេះ​ខ្ញុំ​ដើរ​មិន​រួច​ទេ ព្រោះ​ខ្ញុំ​ពុំ​ធ្លាប់​ពាក់​សោះ»។ ទត​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចោល

40 ហើយ​យក​ដំបង​មក​កាន់ រើស​ក្រួស​រលោងៗ​ប្រាំ​គ្រាប់ ពី​ក្នុង​ជ្រោះ​មក​ដាក់​ក្នុង​កូន​ថង់​មួយ រួច​ដាក់​ថង់​យាម ព្រម​ទាំង​កាន់​ខ្សែ​ដង្ហក់ ដើរ​ឆ្ពោះ​ទៅ​តទល់​នឹង​ជន​ភីលី‌ស្ទីន។

41 រីឯ​ជន​ភីលី‌ស្ទីន​នោះ​វិញ ក៏​ដើរ​ចូល​មក​រក​ទត​ដែរ ដោយ​មាន​ម្នាក់​កាន់​ខែល​ដើរ​ពី​មុខ។

42 ពេល​ជន​ភីលី‌ស្ទីន​ក្រឡេក​មើល​មក​ទត​វា​មើល​ងាយ ព្រោះ​ឃើញ​គាត់​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ​ស្រស់​ល្អ។

43 ជន​ភីលី‌ស្ទីន​នោះ​ជេរ​ទត​ថា៖ «តើ​អញ​ជា​ឆ្កែ​ឬ​បាន​ជា​ឯង​កាន់​ដំបង​មក​វាយ​អញ​ដូច្នេះ?»។ វា​ក៏​យក​ឈ្មោះ​ព្រះ​របស់​វា​មក​ដាក់​បណ្តាសា​ទត។

44 វា​ពោល​មក​កាន់​ទត​ថា៖ «មក​ជិត​អញ​មក៍! អញ​នឹង​យក​សាច់​ឯង​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី!»។

45 ទត​ឆ្លើយ​ទៅ​វិញ​ថា៖ «ឯង​កាន់​ដាវ កាន់​លំពែង និង​ស្ន​មក​វាយ​អញ រីឯ​អញ​វិញ អញ​មក​វាយ​ឯង ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ពល​ទ័ព​អ៊ីស្រ‌អែល​ដែល​ឯង​បាន​បំបាក់​មុខ។

46 ថ្ងៃ​នេះអុលឡោះ‌តាអាឡា​ប្រគល់​ឯង​មក​ក្នុង​កណ្តាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង ទៀត​ផង។ ថ្ងៃ​នេះ អញ​ក៏​យក​ខ្មោច​ទាហាន​ភីលី‌ស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រ‌អែល​មាន​អុលឡោះ​ជួយ​ការ‌ពារ។

47 សហគមន៍​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​ដឹង​ថា អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​យើង​មាន​ជ័យ​ជំនះ ពុំ​មែន​ដោយ​ដាវ ឬ​លំពែង​ទេ ដ្បិតអុលឡោះ‌តាអាឡា​ច្បាំង​ជំនួស​យើង ទ្រង់​នឹង​ប្រគល់​ពួក​ឯង​មក​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​យើង»។

48 ពេល​នោះ​ជន​ភីលី‌ស្ទីន​ដើរ​តម្រង់​ចូល​មក​រក​ទត ទត​ក៏​រត់​យ៉ាង​លឿន​ទៅ​តទល់​នឹង​វា។

49 ទត​លូក​ដៃ​ក្នុង​កូន​ថង់​យ៉ាង​រហ័ស យក​ក្រួស​មួយ​គ្រាប់​មក​ដាក់​នឹង​ខ្សែ​ដង្ហក់ បាញ់​ចំ​ថ្ងាស​ជន​ភីលី‌ស្ទីន​នោះ។ គ្រាប់​ក្រួស​ធ្លុះ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ភីលី‌ស្ទីន វា​ក៏​ដួល​ផ្កាប់​មុខ។

50 ទត​វាយ​ឈ្នះ​ជន​ភីលី‌ស្ទីន ដោយ‌សារ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់។ ទត​ប្រហារ​ជន​ភីលី‌ស្ទីន​នោះ ដោយ​ឥត​ប្រើ​ដាវ​ឡើយ។

51 ទត​រត់​ចូល​ទៅ​ជិត​ជន​ភីលី‌ស្ទីន ហើយ​ហូត​ដាវ​របស់​វា​ពី​ស្រោម​សម្លាប់​វា ហើយ​កាត់​ក​ផង។ ពេល​កង‌ទ័ព​ភីលី‌ស្ទីន​ឃើញ​វីរ‌ជន​របស់​ខ្លួន​ស្លាប់​ដូច្នេះ ពួក​គេ​នាំ​គ្នា​រត់​អស់​ទៅ។

52 កង‌ទ័ព​អ៊ីស្រ‌អែល និង​កង‌ទ័ព​យូដា​ក៏​ស្ទុះ​ឡើង នាំ​គ្នា​ស្រែក​ហ៊ោ ហើយ​ដេញ​តាម​ពួក​ភីលី‌ស្ទីន​រហូត​ដល់​ច្រក​ចូល​ជ្រលង​ភ្នំ និង​រហូត​ដល់​មាត់​ទ្វារ​ក្រុង​អេក្រូន។ សាក‌សព​របស់​ពួក​ភីលី‌ស្ទីន​ដេក​ដួល ហូរ​ហែ​តាម​ផ្លូវ​ទៅ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ និង​ក្រុង​អេក្រូន។

53 ក្រោយ​ពី​បាន​ដេញ​តាម​ពួក​ភីលី‌ស្ទីន​រួច​ហើយ កង‌ទ័ព​អ៊ីស្រ‌អែល​វិល​មក​ប្រមូល​យក​ជយ‌ភ័ណ្ឌ ក្នុង​កន្លែង​បោះ​ទ័ព​របស់​ពួក​ភីលី‌ស្ទីន។

54 ទត​យក​ក្បាល​ជន​ភីលី‌ស្ទីន​នោះ មក​ក្រុង​យេរូ‌សាឡឹម ហើយ​យក​គ្រឿង​សាស្ត្រា‌វុធ​របស់​វា មក​ទុក​ក្នុង​តង់ត៍​របស់​ខ្លួន។

ណាពី​ទត​ចូល​ជួប​ស្តេច​សូល

55 កាល​ស្តេច​សូល​ឃើញ​ទត​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ភីលី‌ស្ទីន គាត់​ក៏​សួរ​លោក​អប៊ី‌នើរ​ជា​មេ‌ទ័ព​ថា៖ «អប៊ី‌នើរ! តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា?»។ លោក​អប៊ី‌នើរ​ឆ្លើយ​តប​វិញ​ថា៖ «បាទ​ខ្ញុំ​មិន​ដឹង​ទាល់​តែ​សោះ»។

56 ស្តេច​បញ្ជា​ថា៖ «សូម​លោក​សាក​សួរ​មើល យុវជន​នោះ​ជា​កូន​របស់​អ្នក​ណា?»។

57 ក្រោយ​ពី​បាន​សម្លាប់​ជន​ភីលី‌ស្ទីន​នោះ​ហើយ ទត​វិល​មក​វិញ។ លោក​អប៊ី‌នើរ​នាំ​គាត់​ចូល​ទៅ​ជួប​ស្តេច​សូល ពេល​នោះ​ទត​កាន់​ក្បាល​ជន​ភីលី‌ស្ទីន​ទៅ​ជា​មួយ​ផង។

58 ស្តេច​បាន​សាក​សួរ​ថា៖ «អ្នក​កំលោះ​អើយ! តើ​អ្នក​ជា​កូន​នរណា?»។ ទត​ប្រាប់​ថា៖ «ខ្ញុំ​ជា​កូន​របស់​លោក​អ៊ីសាយ ជា​អ្នក​បម្រើ​របស់​ស្តេច នៅ​ភូមិ​បេថ្លេ‌ហិម»។

© 2014 United Bible Societies, UK.

United Bible Societies