ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ពង្សាវ‌តារ‌ក្សត្រ 6 - អាល់គីតាប អាល់គីតាប
១ ពង្សាវ‌តារ‌ក្សត្រ 6

ការ​សង់​ម៉ាស្ជិទ

1 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់​ដំណាក់​ជូន អុលឡោះ‌តាអាឡា នៅ​ឆ្នាំ​ទី​បួន‌រយ‌ប៉ែត‌សិប ក្រោយ​ពេល​កូន​ចៅ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ស្តេច​ស៊ូឡៃ‌ម៉ាន ក្នុង​ខែ​ពិសាខ​ដែល​ត្រូវ​ជា​ខែ​ទី​ពីរ។

2 ដំណាក់​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ជូនអុលឡោះ‌តាអាឡា មាន​បណ្តោយ​ប្រវែង​ហុក‌សិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កំពស់​សាម‌សិប​ហត្ថ។

3 បន្ទប់​ល្វែង​នៅ​ខាង​មុខ​ទី‌សក្ការៈ​នៃ​ដំណាក់ មាន​បណ្តោយ​ប្រវែង​ម្ភៃ​ហត្ថ ស្រប​តាម​ប្រវែង​ទទឹង​ដំណាក់ រីឯ​ទទឹង​របស់​បន្ទប់ មាន​ប្រវែង​ដប់​ហត្ថ។

4 នៅ​តាម​ជញ្ជាំង​ដំណាក់ ស៊ូឡៃ‌ម៉ាន​បាន​ឲ្យ​គេ​ធ្វើ​បង្អួច​ដែល​មាន​ដាក់​ចម្រឹង​ផង។

5 ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​សង់​បន្ទប់​អម ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ដំណាក់ ពោល​គឺ​ម៉ាស្ជិទ និង​ទី‌សក្ការៈ។ បន្ទប់​អម​ទាំង​នោះ​ស្ថិត​នៅ​ជុំ‌វិញ​ដំណាក់។

6 ជាន់​ខាង​ក្រោម មាន​ទទឹង​ប្រាំ​ហត្ថ ជាន់​កណ្តាល​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ និង​ជាន់​ខាង​លើ​មាន​ទទឹង​ប្រាំ​ពីរ​ហត្ថ។ ជញ្ជាំង​ខាង​ក្រៅ​ដំណាក់ ពី​ក្រោម​ទៅ​លើ មាន​កំរាស់​មិន​ស្មើ​គ្នា​ទេ ធ្វើ​ដូច្នេះ ចៀស‌វាង​ចោះ​ជញ្ជាំង​ដំណាក់ សម្រាប់​ដាក់​ឈើ​ធ្នឹម។

7 គេ​សង់​ដំណាក់ ដោយ​ប្រើ​ថ្ម​ដែល​គេ​ដាប់​ទុក​ជា​មុន ហេតុ​នេះ ក្នុង​ពេល​សង់ គេ​ពុំ​ឮ​ស្នូរ​ញញួរ​ដែក​ដាប់ ឬ​គ្រឿង​ប្រដាប់​ធ្វើ​ពី​ដែក​ណា​មួយ​នៅ​ក្នុង​ដំណាក់​ទេ។

8 ទ្វារ​ចូល​បន្ទប់​ជាន់​ខាង​ក្រោម ស្ថិត​នៅ​ប៉ែក​ខាង​ស្តាំ​នៃ​ដំណាក់ ហើយ​មាន​ជណ្តើរ​មួយ​សម្រាប់​ឡើង​ទៅ​ជាន់​កណ្តាល និង​ពី​ជាន់​កណ្តាល​ទៅ​ជាន់​ខាង​លើ។

9 ក្រោយ​ពី​សង់​ដំណាក់​រួច​ហើយ ស៊ូឡៃ‌ម៉ាន​សង់​ពិដាន និង​ធ្នឹម​អំពី​ឈើ​តាត្រៅ។

10 ស៊ូឡៃ‌ម៉ាន​ក៏​បាន​សង់​បន្ទប់​អម​នៅ​ជុំ‌វិញ​ដំណាក់​ដែរ បន្ទប់​ទាំង​នោះ​មាន​កំពស់​ប្រាំ​ហត្ថ ក្នុង​ជាន់​នីមួយៗ ហើយ​ភ្ជាប់​នឹង​ជញ្ជាំង​ដំណាក់ ដោយ​ឈើ​តាត្រៅ។

11 ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា៖

12 «អ្នក​កំពុង​តែ​សង់​ដំណាក់​នេះ​សម្រាប់​យើង។ ប្រសិន​បើ​អ្នក​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង ប្រសិន​បើ​អ្នក​គោរព​តាម​វិន័យ​របស់​យើង ហើយ​ប្រសិន​បើ​អ្នក​កាន់ និង​ធ្វើ​តាម​បទ​បញ្ជា​របស់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ទត​ជា​បិតា​របស់​អ្នក។

13 យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល យើង​នឹង​មិន​បោះ​បង់​ចោល​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ»។

ការ​តុប‌តែង​លំអ​ក្នុង​ម៉ាស្ជិទ

14 ក្រោយ​បាន​សង់​ដំណាក់​រួច​ហើយ ស្តេច​ស៊ូឡៃ‌ម៉ាន

15 ឲ្យ​គេ​ពាស​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ តាំង​ពី​ក្រោម​រហូត​ដល់​ពិដាន ព្រម​ទាំង​ក្រាល​ក្តារ​ពី​ឈើ​កកោះ​ដែរ។

16 ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ គាត់​ឲ្យ​គេ​រៀប‌ចំ​ធ្វើ​ជា​ទី‌សក្ការៈ និង​ទី‌សក្ការៈ​បំផុត។

17 បន្ទប់​ធំ​ដែល​នៅ​ខាង​មុខ​ទី‌សក្ការៈ​មាន​បណ្តោយ​សែ‌សិប​ហត្ថ។

18 ឈើ​តាត្រៅ​ដែល​គេ​ពាស​ផ្នែក​ខាង​ក្នុង​ដំណាក់ មាន​ឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គេ​ពាស​ជញ្ជាំង​ទាំង​អស់​ពី​ឈើ​តាត្រៅ ដោយ​ឥត​ឃើញ​ថ្ម​ឡើយ។

19 ស៊ូឡៃ‌ម៉ាន​រៀប‌ចំ​ទី‌សក្ការៈ​នៅ​ផ្នែក​ខាង​ក្រោយ​ដំណាក់ សម្រាប់​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា។

20 ជ្រុង​នីមួយៗ​របស់​ទី‌សក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ កំពស់​ម្ភៃ​ហត្ថ ហើយ​ស្រោប​មាស​សុទ្ធ​ទាំង​អស់។ រីឯ​អាសនៈ មាន​ពាស​ទៅ​ដោយ​ឈើ​តាត្រៅ។

21 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​យក​មាស​សុទ្ធ​មក​ស្រោប​ប៉ែក​ខាង​ក្នុង​ដំណាក់ ហើយ​យក​ច្រវាក់​ធ្វើ​ពី​មាស​មក​ចង​ខណ្ឌ​នៅ​មុខ​ទី‌សក្ការៈ ដែល​គាត់​បាន​ស្រោប​មាស​ដែរ។

22 ដូច្នេះ ដំណាក់​ទាំង​មូល​សុទ្ធ​តែ​ស្រោប​មាស អាសនៈ នៅ​ខាង​មុខ​ទី‌សក្ការៈ​ក៏​ស្រោប​មាស​ដែរ។

23 នៅ​ក្នុង​ទី‌សក្ការៈ ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ឆ្លាក់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​មួយ​គូ​ធ្វើ​អំពី​ឈើ​អូលីវ ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ។

24 ស្លាប​នីមួយៗ​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទី​មួយ មាន​ប្រវែង​ប្រាំ​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ដប់​ហត្ថ។

25 ស្លាប​ទាំង​ពីរ​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទី​ពីរ ក៏​មាន​ប្រវែង​ដប់​ហត្ថ​ដែរ។ ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ មាន​ទំហំ និង​ទ្រង់​ទ្រាយ​ដូច​គ្នា។

26 ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទី​មួយ​មាន​កំពស់​ដប់​ហត្ថ ហើយ​រូប​ទី​ពីរ​ក៏​មាន​កំពស់​ប៉ុន​គ្នា​ដែរ។

27 ស៊ូឡៃ‌ម៉ាន​ដាក់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​នៅ​កណ្តាល​ទី‌សក្ការៈ ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ម៉ាឡា‌អ៊ីកាត់​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ម៉ាឡា‌អ៊ីកាត់​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ម៉ាឡា‌អ៊ីកាត់​នីមួយៗ​លាត‌ទល់​គ្នា​នៅ​ចំ​កណ្តាល​ទី‌សក្ការៈ។

28 ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ស្រោប​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​នេះ ដោយ​មាស។

29 នៅ​តាម​ជញ្ជាំង​ដំណាក់​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ស្តេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្ការីក​ផង។

30 រីឯ​ក្តារ​ក្រាល​ដំណាក់​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​សុទ្ធ​តែ​ស្រោប​មាស។

31 នៅ​ច្រក​ចូល​ទី‌សក្ការៈ ស្តេច​ឲ្យ​គេ​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ។ ក្រប​ទ្វារ​នេះ​មាន​កំពស់​មួយ​ភាគ​ប្រាំ​នៃ​ជញ្ជាំង។

32 សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​អូលីវ។ នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ​នោះ ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស គឺ​ទាំង​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ទាំង​ក្បាច់​ដើម​ចាក​សុទ្ធ​តែ​ស្រោប​មាស។

33 រីឯ​ច្រក​ចូល​ម៉ាស្ជិទ ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​ដែរ។ ក្រប​ទ្វារ​នោះ​មាន​កំពស់​មួយ​ភាគ​បួន​នៃ​ជញ្ជាំង។

34 សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​កកោះ សន្លឹក​នីមួយៗ​មាន​ពីរ​ផ្ទាំង ដែល​អាច​បត់​ចូល​គ្នា​បាន។

35 នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ​ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស​តំរូវ​តាម​ក្បាច់​នោះ​ផង។

36 បន្ទាប់​មក ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ធ្វើ​ទីលាន​ខាង​ក្នុង​ពី​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តាត្រៅ​មួយ​ជាន់។

37 ក្នុង​ឆ្នាំ​ទី​បួន នៃ​រជ្ជកាល​ស្តេច​ស៊ូឡៃ‌ម៉ាន​នៅ​ខែ​ពិសាខ គេ​បាន​ចាក់​គ្រឹះ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

38 ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ស្តេច​ស៊ូឡៃ‌ម៉ាន នៅ​ខែ​កត្តិក គឺ​ជា​ខែ​ទី​ប្រាំ​បី គេ​បាន​សង់​ដំណាក់​រួច​ជា​ស្រេច តាម​គម្រោង​សំណង់។ ដូច្នេះ ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ដំណាក់ អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ។

© 2014 United Bible Societies, UK.

United Bible Societies