ស្តេចហេសេគាសួរយោបល់ណាពីអេសាយ1 កាលស្តេចហេសេគាទទួលដំណឹងនេះ ស្ដេចហែកអាវវែងចោល យកបាវមកស្លៀក រួចទៅដំណាក់របស់អុលឡោះតាអាឡា។ 2 ស្តេចចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំង និងលោកសេបណាជាស្មៀនស្តេច ព្រមទាំងអ៊ីមុាំចាស់ៗដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបណាពីអេសាយ ជាកូនរបស់លោកអម៉ូស។ 3 ពួកគេជម្រាបគាត់ដូចតទៅ៖ «ស្តេចហេសេគាមានប្រសាសន៍ថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។ 4 ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថអុលឡោះតាអាឡា ជាម្ចាស់ដែលនៅអស់កល្ប។ ប្រហែលជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នក ឮពាក្យរបស់មេទ័ពនោះដែរ ហើយទ្រង់មុខជាដាក់ទោសគេ ព្រោះតែពាក្យដែលទ្រង់បានឮ។ ហេតុនេះ សូមទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់អ្មក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។ 5 មន្ត្រីរបស់ស្តេចហេសេគានាំគ្នាទៅជួបអេសាយ 6 ហើយអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវជម្រាបស្តេចថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “កុំភ័យខ្លាច ព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីប្រមាថមាក់ងាយយើងនោះឡើយ។ 7 បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវសម្លាប់ដោយមុខដាវនៅស្រុកនោះ”»។ ការគំរាមកំហែងសាជាថ្មីពីសំណាក់ស្ដេចសានហេរីប8 មេទ័ពបានវិលទៅជួបស្ដេចអាស្ស៊ីរីវិញ ក្នុងពេលដែលស្ដេចកំពុងតែលើកទ័ពចេញពីក្រុងឡាគីស ទៅវាយយកក្រុងលីបណា។ 9 ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយស្តេចទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបស្តេចហេសេគា ដោយផ្ដាំថា៖ 10 «ចូរប្រាប់ស្តេចហេសេគា ជាស្ដេចស្រុកយូដាដូចតទៅ “សូមកុំឲ្យព្រះរបស់ស្តេច គឺព្រះដែលស្តេចទុកចិត្ត បញ្ឆោតស្តេចដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។ 11 ស្តេចជ្រាបស្រាប់ហើយថា នៅជំនាន់មុនៗ ស្ដេចស្រុកអាស្ស៊ីរីបានបំផ្លាញនគរទាំងប៉ុន្មានអស់គ្មានសល់។ ចុះស្តេចវិញ តើស្តេចស្មានថានឹងរួចខ្លួនកើតឬ? 12 ពេលអយ្យកោរបស់យើងកំទេចនគរកូសាន ខារ៉ាន រេសែត និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេឡើយ។ 13 រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។ ពាក្យទូរអារបស់ស្តេចហេសេគា14 ស្តេចហេសេគាទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្ដេចឡើងទៅដំណាក់ យកលិខិតនោះលាតបង្ហាញអុលឡោះតាអាឡា។ 15 ស្តេចហេសេគាទូរអាអង្វរអុលឡោះតាអាឡាដូចតទៅ៖ 16 «ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ ទ្រង់ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាប មានតែទ្រង់មួយគត់ដែលជាម្ចាស់របស់នគរទាំងប៉ុន្មាននៅលើផែនដី ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។ 17 អុលឡោះតាអាឡាជាម្ចាស់អើយ សូមស្ដាប់ខ្ញុំ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលផង! សូមទ្រង់ស្តាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ អុលឡោះដ៏នៅអស់កល្ប! 18 ឱអុលឡោះតាអាឡាជាម្ចាស់អើយ ស្ដេចស្រុកអាស្ស៊ីរីពិតជាបានកំទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេមែន 19 ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាអ្វីទេ គឺគ្រាន់តែជារូបឈើ ឬថ្មដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។ 20 ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ ឥឡូវនេះសូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែអុលឡោះតាអាឡាប៉ុណ្ណោះដែលជាម្ចាស់!»។ 21 ពេលនោះ អេសាយ ជាកូនរបស់លោកអម៉ូស ចាត់គេឲ្យទៅជម្រាបស្តេចហេសេគាថា៖ «ស្តេចបានទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ស្ដីអំពីសានហេរីបជាស្ដេចរបស់ស្រុកអាស្ស៊ីរី។ នេះជាបន្ទូលឆ្លើយតបរបស់អុលឡោះតាអាឡា។ 22 អុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹងស្ដេចនោះថា: សានហេរីបអើយ! ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី នឹងប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹម នឹងគ្រវីក្បាលចំអកឲ្យអ្នក។ 23 តើអ្នកបានជេរ និងត្មះតិះដៀលនរណា? តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា? គឺអ្នកហ៊ានព្រហើនដាក់អុលឡោះដ៏វិសុទ្ធ ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ 24 អ្នកបានប្រើពួកបម្រើរបស់អ្នក ឲ្យមកជេរអុលឡោះ។ អ្នកពោលថា: ដោយអញមានរទេះចំបាំងច្រើន អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ និងដើមស្រឡៅដ៏ល្អៗ។ អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ ហើយចូលទៅដល់ព្រៃស្រោងផង។ 25 អញបានជីកអណ្ដូង ហើយផឹកទឹក ពេលអញឈានជើងជាន់តំបន់ទន្លេនីល ទឹកនៅតាមដៃទន្លេនឹងរីងអស់ជាមិនខាន។ 26 សានហេរីបអើយ អ្នកមិនដឹងទេឬថា យើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ! ឥឡូវនេះ យើងធ្វើឲ្យសម្រេច ដើម្បីកំទេចក្រុងដែលមានកំពែងដ៏រឹងមាំ ឲ្យក្លាយទៅជាគំនរឥដ្ឋ។ 27 អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ។ ពួកគេប្រៀបដូចជាស្មៅនៅតាមទីវាល ឬដូចរុក្ខជាតិនៅតាមចម្ការ និងដូចស្មៅដែលដុះនៅលើដំបូលផ្ទះ ពេលខ្យល់ក្ដៅពីទិសខាងកើតបក់មក វាក៏ក្រៀមអស់ទៅ។ 28 ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់។ ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ចូល ឬច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ។ 29 អ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសំដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។ 30 ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសំគាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះ និងឆ្នាំក្រោយ អ្នករាល់គ្នាបរិភោគស្រូវដែលដុះឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះ ច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។ 31 អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ ប្រៀបដូចជាដើមឈើដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។ 32 ដោយចិត្តស្រឡាញ់ដ៏លើសលប់របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នឹងទុកឲ្យប្រជាជនមួយចំនួននៅសេសសល់ក្នុងក្រុងយេរូសាឡឹម ហើយឲ្យប្រជាជនមួយចំនួនរួចជីវិតនៅលើភ្នំស៊ីយ៉ូន។ 33 ចំពោះស្ដេចស្រុកអាស្ស៊ីរីវិញ អុលឡោះតាអាឡាមានបន្ទូលថា “ស្ដេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬក៏ប្រើខែល និងលើកដីដើម្បីវាយលុកក្រុងនេះដែរ។ 34 ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលមកក្នុងក្រុងនេះឡើយ” -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 35 យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមយើង និងយល់ដល់ទត ជាអ្នកបម្រើរបស់យើង»។ 36 ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។ 37 ស្តេចសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅនៅក្រុងនីនីវេវិញ។ 38 ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្រាពីរនាក់របស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានសម្លាប់ស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ បុត្រាមួយនាក់ទៀតនាមអេសារ-ហាដោន បានឡើងស្នងរាជ្យ។ |
© 2014 United Bible Societies, UK.
United Bible Societies