អេសាយ 36 - អាល់គីតាបស្ដេចស្រុកអាស្ស៊ីរីឡោមព័ទ្ធក្រុងយេរូសាឡឹម 1 នៅឆ្នាំទីដប់បួននៃរជ្ជកាលស្តេចហេសេគា ស្តេចសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំ នៅស្រុកយូដា។ 2 បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីចាត់មេទ័ពមួយនាក់ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ គាត់ឈរនៅក្បែរព្រែកជីក ដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។ 3 ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំង ចេញទៅជួបមេទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរីនោះ ដោយមានលោកសេបណាជាស្មៀនស្តេច ព្រមទាំងលោកយ៉ូអាជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។ 4 មេទ័ពរបស់ស្តេចសានហេរីបពោលថា៖ «សូមអស់លោកទៅជម្រាបស្តេចហេសេគាដូចតទៅ: មហាក្សត្រធិរាជ គឺស្តេចរបស់ស្រុកអាស្ស៊ីរី មានប្រសាសន៍ថា តើស្តេចមានអ្វីបានជាមានចិត្តអង់អាចបែបនេះ? 5 ស្តេចស្មានថា ពាក្យសំដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ព ក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើស្តេចពឹងផ្អែកលើនរណាបានជាហ៊ានបះបោរនឹងយើងដូច្នេះ? 6 ស្តេចទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើស្តេចហ្វៀរ៉អ៊ូនជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។ 7 ស្តេចប្រហែលជាមានប្រសាសន៍មកយើងថា “ពួកយើងទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់យើង!”។ ប៉ុន្តែ ស្តេចបានបញ្ជាឲ្យគេកំទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ម្ចាស់នេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យក្រាបថ្វាយបង្គំតែនៅមុខអាសនៈមួយនោះ មែនឬមិនមែន? 8 ឥឡូវនេះ សុំស្តេចសាកល្បងភ្នាល់ជាមួយស្តេចក្រុងអាស្ស៊ីរី ជាចៅហ្វាយរបស់ខ្ញុំទៅ នោះខ្ញុំនឹងជូនសេះពីរពាន់ក្បាល ប្រសិនបើស្តេចរកអ្នកជិះបាន! 9 សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ស្តេចវាយមិនឈ្នះផង ទោះបីស្តេចពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។ 10 មួយវិញទៀត យើងលើកទ័ពមកវាយកំទេចស្រុកនេះ ស្របតាមបំណងរបស់អុលឡោះតាអាឡា ដ្បិតទ្រង់បង្គាប់ឲ្យយើងមកវាយកំទេចស្រុកនេះ»។ 11 ពេលនោះ លោកអេលាគីម លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមអ្នកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអើរ៉ាមមក ដ្បិតយើងខ្ញុំស្ដាប់ភាសាអ្នកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។ 12 មេទ័ពអាស្ស៊ីរីតបវិញថា៖ «ស្តេចរបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកជម្រាបស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្ដេចឲ្យយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯងដូចអស់លោកដែរ»។ 13 បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះឈរស្រែកក្ដែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់បញ្ជារបស់មហាក្សត្រធិរាជ គឺស្តេចក្រុងអាស្ស៊ីរី ដូចតទៅ: 14 ស្តេចមានបញ្ជាថា: កុំទុកឲ្យស្ដេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្ដេចនេះពុំអាចរំដោះអ្នករាល់គ្នាជាដាច់ខាត 15 កុំទុកឲ្យស្ដេចហេសេគានាំអ្នករាល់គ្នាទុកចិត្តលើអុលឡោះតាអាឡា ដោយពោលថា “អុលឡោះតាអាឡាពិតជារំដោះយើង ទ្រង់មិនបណ្ដោយឲ្យក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។ 16 កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតស្តេចក្រុងអាស្ស៊ីរីមានបញ្ជាថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពររបស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ 17 រួចហើយយើងនឹងមកនាំអ្នករាល់គ្នាយកទៅនៅស្រុកមួយទៀត ដែលសម្បូណ៌សប្បាយដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ”។ 18 កុំទុកឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “អុលឡោះតាអាឡានឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីដៃរបស់ស្តេចក្រុងអាស្ស៊ីរីទាល់តែសោះ! 19 តើព្រះរបស់ក្រុងហាម៉ាត ព្រះរបស់ក្រុងអើផាឌ ព្រះរបស់ពួកសេផាវែម ទៅណាបាត់អស់ហើយ? ម្ដេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃរបស់យើង? 20 ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ អុលឡោះតាអាឡាក៏ពុំអាចរំដោះក្រុងយេរូសាឡឹមឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។ 21 ប្រជាជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេទ័ពអាស្ស៊ីរីឡើយ ដ្បិតស្តេចហេសេគា បង្គាប់ពួកគេមិនឲ្យឆ្លើយតបនឹងមេទ័ពនោះជាដាច់ខាត។ 22 លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវស្តេចបរមរាជវាំង លោកសេបណា ជាស្មៀនស្តេច ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ស្តេច នាំគ្នាវិលទៅជួបស្តេចហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលជូនស្តេចនូវពាក្យរបស់មេទ័ពស្ដេចស្រុកអាស្ស៊ីរី។ |
© 2014 United Bible Societies, UK.
United Bible Societies