1 អ្នកណាបង្កើតច្បាប់អយុត្តិធម៌ ហើយចេញបទបញ្ជា ដើម្បីជិះជាន់ប្រជាជន អ្នកនោះនឹងត្រូវវេទនាជាពុំខាន។ 2 ពួកគេឃាត់ជនក្រីក្រមិនឲ្យរកយុត្តិធម៌ ហើយបំបិទសិទ្ធិរបស់ជនទុគ៌តក្នុងចំណោម ប្រជារាស្ត្ររបស់យើង! ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយ ហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា។ 3 ពេលអុលឡោះតាអាឡាដាក់ទោស គឺពេលទ្រង់ធ្វើឲ្យមានខ្យល់ ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមក តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា? តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នាទៅទុកនៅឯណា? 4 គឺអ្នករាល់គ្នាត្រូវតែជាប់ជាឈ្លើយសឹក ឬស្លាប់ដោយមុខដាវប៉ុណ្ណោះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។ អុលឡោះប្រើកងទ័ពអាស្ស៊ីរីជាឧបករណ៍ ដាក់ទោសប្រជារាស្ត្ររបស់ទ្រង់5 ជនជាតិអាស្ស៊ីរីត្រូវវេទនាហើយ! យើងនឹងប្រើពួកគេជាដំបង ដើម្បីធ្វើតាមកំហឹងរបស់យើង។ 6 យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។ 7 ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេ គឺគេមានចិត្តគំនិតផ្សេង គិតតែពីកំទេច និងសម្លាប់រង្គាលប្រជាជាតិជាច្រើនឥតគណនា។ 8 គេពោលថា៖ «មេទ័ពរបស់យើងមានអំណាច ស្មើនឹងស្ដេចឯទៀតៗ។ 9 យើងបានប្រព្រឹត្តចំពោះក្រុងកាលនរ ដូចក្រុងកើកេមីស ហើយយើងក៏បានប្រព្រឹត្តចំពោះក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសាម៉ារី និងក្រុងដាម៉ាសដូចគ្នាដែរ។ 10 បន្ទាប់មក យើងបានយកជ័យជំនះលើនគរ របស់ព្រះក្លែងក្លាយ ដែលមានរូបបដិមា ធំជាងរូបព្រះនៅក្រុងយេរូសាឡឹម និងក្រុងសាម៉ារីទៅទៀត។ 11 យើងបានប្រព្រឹត្តចំពោះក្រុងសាម៉ារី និងព្រះក្លែងក្លាយរបស់គេយ៉ាងណា យើងក៏នឹងប្រព្រឹត្តចំពោះក្រុងយេរូសាឡឹម និងរូបព្រះរបស់គេយ៉ាងនោះដែរ»។ 12 ពេលអុលឡោះតាអាឡាបញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ទ្រង់នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយទ្រង់នឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយប្ញកខ្ពស់ 13 ដ្បិតស្ដេចនោះបានប្រាប់ថា: «យើងទទួលជ័យជំនះ ដោយសារកម្លាំង និងប្រាជ្ញារបស់យើងផ្ទាល់ ដ្បិតយើងមានបញ្ញាវាងវៃ។ យើងបានរំលាយព្រំដែនរបស់ប្រជាជាតិនានា ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិ របស់គេទៀតផង។ យើងបានប្រើឫទ្ធិអំណាចរបស់យើង ទម្លាក់ស្ដេចជាច្រើនចុះពីបល្ល័ង្ក។ 14 យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វ ពីសំបុកដែលមេវាបោះបង់ចោល។ យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដី ឥតមាននរណាម្នាក់ហ៊ានកំរើក ឬហើបមាត់តវ៉ាឡើយ»។ 15 មិនដែលមានពូថៅណាអួតខ្លួនថា ប្រសើរជាងអ្នកដែលប្រើវាទេ ហើយរណារក៏មិនដែលអួតបំប៉ោង ជំទាស់នឹងអ្នកដែលប្រើវាដែរ។ មិនដែលមានព្រនង់ណាបញ្ជាទៅដៃ ដែលកាន់វា ឲ្យកំរើកឡើយ ហើយក៏មិនដែលមានដំបងណាកាន់ អ្នកដែលប្រើវាដែរ! 16 ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នឹងធ្វើឲ្យទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឲ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។ 17 ក្នុងរយៈពេលតែមួយថ្ងៃ អុលឡោះដែលជា ពន្លឺ និងជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ប្រែទៅជាភ្លើង ឆាបឆេះបន្លា និងរពាក់។ 18 ទ្រង់នឹងកំទេចព្រៃព្រឹក្សាដ៏ល្អប្រណីត របស់ពួកគេ ឲ្យរលាយសូន្យ ដូចអ្នកជំងឺដែលកំពុងត្រដរខ្យល់។ 19 ព្រៃរបស់គេនៅសល់ដើមឈើតែបន្តិចបន្តួច សូម្បីតែកូនក្មេងក៏អាចរាប់អស់ដែរ។ ប្រជាជនអ៊ីស្រអែលដែលនៅសេសសល់20 នៅគ្រានោះ ជនជាតិអ៊ីស្រអែលដែលនៅសល់ គឺពូជពង្សរបស់យ៉ាកកូបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។ 21 ប្រជាជនដែលនៅសេសសល់ គឺកូនចៅរបស់យ៉ាកកូបដែលនៅសេសសល់ នឹងនាំគ្នាវិលមករកអុលឡោះដ៏មានអំណាចវិញ។ 22 ប៉ុន្តែ អ៊ីស្រអែលអើយ ទោះបីប្រជាជនរបស់អ្នកមានចំនួនច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក្ដី ក៏មានចំនួនដ៏តូចប៉ុណ្ណោះដែលវិលមកវិញ។ អុលឡោះតាអាឡាបានសម្រេចកំទេចស្រុកនេះ ដើម្បីបង្ហាញសេចក្ដីសុចរិតដ៏លើសលប់របស់ទ្រង់។ 23 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលបានសម្រេចកំទេចស្រុកទាំងមូល។ អុលឡោះនឹងកំទេចស្រុកអាស្ស៊ីរី24 ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ប្រជាជនរបស់យើងដែលរស់នៅក្នុងក្រុងស៊ីយ៉ូនអើយ! មិនត្រូវខ្លាចជនជាតិអាស្ស៊ីរី ដែលកំពុងតែលើកព្រនង់ និងលើកដំបងវាយអ្នករាល់គ្នា ដូចជនជាតិអេស៊ីបធ្លាប់វាយកាលពីមុននោះឡើយ។ 25 បន្តិចទៀត យើងឈប់ខឹងនឹងអ្នករាល់គ្នាហើយ គឺយើងនឹងបំបែរកំហឹងទៅបំផ្លាញពួកគេវិញ»។ 26 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងយករំពាត់ វាយជនជាតិអាស្ស៊ីរី ដូចពីដើម ទ្រង់បានវាយជនជាតិម៉ាឌាននៅក្បែរថ្មអូរិប ទ្រង់នឹងលើកដំបងវាយសមុទ្រ ដូចទ្រង់បានវាយសមុទ្រនៅស្រុកអេស៊ីប។ 27 នៅគ្រានោះ ទ្រង់នឹងយកអំរែក ចេញពីស្មារបស់អ្នករាល់គ្នា ទ្រង់យកនឹមរបស់ខ្មាំងសត្រូវ ចេញពីករបស់អ្នករាល់គ្នា។ នឹមនោះត្រូវខ្ទាតចេញ ដោយសារភាពសម្បូណ៌សប្បាយ ខ្មាំងសត្រូវវាយជិតដល់ក្រុងយេរូសាឡឹម28 កងទ័ពរបស់ខ្មាំងបានចូលទៅដល់ក្រុងអៃយ៉ាត ពួកគេឆ្លងកាត់ក្រុងមីករ៉ូន ហើយទុករបស់របរនៅក្រុងមីគម៉ាស។ 29 គេឆ្លងកាត់ច្រកភ្នំ មកបោះជំរំនៅកេបា ធ្វើឲ្យអ្នកភូមិរ៉ាម៉ាញ័ររន្ធត់ ហើយអស់អ្នកដែលរស់នៅភូមិគីបៀរ ជាភូមិ កំណើតរបស់ស្ដេចសូល នាំគ្នារត់គេចខ្លួន។ 30 អ្នកស្រុកកាលីមអើយ ចូរទ្រហោយំទៅ! អ្នកស្រុកឡាអ៊ីសអើយ ចូរត្រងត្រាប់ស្ដាប់! អ្នកស្រុកអាណាថោតអើយ ម្ដេចក៏វេទនាម៉្លេះ! 31 អ្នកស្រុកម៉ាដម៉េណានឹងរត់បែកខ្ញែកគ្នា អ្នកស្រុកកេប៊ីមនឹងនាំគ្នារត់រកកន្លែងពួន។ 32 នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន គឺគំរាមកំហែងក្រុងយេរូសាឡឹម។ 33 នៅគ្រានោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នឹងកាប់កំទេចមែកទាំងឡាយចោល ទ្រង់នឹងផ្ដួលរំលំដើមឈើខ្ពស់ៗ ហើយកាប់ដើមឈើដែលនៅខ្ពស់ជាងគេ ឲ្យធ្លាក់ចុះមកដី។ 34 ទ្រង់នឹងកាប់រំលំព្រៃរបោះ ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់ នឹងត្រូវរលំដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies