ក្តីមេត្តាករុណារបស់អុលឡោះនាំឲ្យអ្នកជឿរួចពីចំណងអំពើបាប1 ដូច្នេះ យើងត្រូវគិតដូចម្ដេច? តើយើងត្រូវប្រព្រឹត្ដអំពើបាបតទៅមុខទៀត ដើម្បីឲ្យក្តីមេត្តាករុណារបស់អុលឡោះរឹតតែចំរើនឡើង? 2 ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយតើឲ្យយើងនៅតែប្រព្រឹត្ដអំពើបាបតទៅទៀតដូចម្ដេចកើត! 3 តើបងប្អូនមិនជ្រាបទេឬ យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសានោះ គឺយើងបានជ្រមុជ រួមជាមួយអ៊ីសាដែលស្លាប់។ 4 ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយអ៊ីសា យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយគាត់ដែរ។ ដូច្នេះ អាល់ម៉ាហ្សៀសបានរស់ឡើងវិញ ដោយសារសិរីរុងរឿង របស់អុលឡោះជាបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។ 5 ប្រសិនបើយើងបានរួមស្លាប់ជាមួយអ៊ីសាដែលស្លាប់ យើងក៏នឹងបានរួមជាមួយអ៊ីសាដែលមានជីវិតរស់ឡើងវិញដែរ។ 6 យើងដឹងថា ចរិតចាស់របស់យើងបានជាប់ឆ្កាងជាមួយអ៊ីសារួចហើយ ដើម្បីឲ្យខ្លួនយើង ដែលជាប់បាបនេះត្រូវវិនាសសាបសូន្យ កុំឲ្យយើងធ្វើជាខ្ញុំបម្រើរបស់បាបតទៅទៀត 7 ដ្បិតអ្នកដែលស្លាប់ មិនទាក់ទាមនឹងបាបទៀតទេ។ 8 ដូច្នេះ ប្រសិនបើយើងរួមស្លាប់ជាមួយអាល់ម៉ាហ្សៀស យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយគាត់ដែរ 9 ព្រោះយើងដឹងថា អាល់ម៉ាហ្សៀសដែលរស់ឡើងវិញនោះ គាត់លែងស្លាប់ហើយ មច្ចុរាជគ្មានអំណាចលើគាត់ទៀតទេ 10 ដ្បិតអ៊ីសាបានស្លាប់នោះ គឺស្លាប់ឲ្យបានរួចផុតពីអំណាចបាបម្ដងជាសូរេច។ ឥឡូវនេះ អ៊ីសាបានរស់នោះ គឺរស់សម្រាប់អុលឡោះ។ 11 រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថា ខ្លួនបានស្លាប់រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់ សម្រាប់អុលឡោះ ដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា។ 12 ដូច្នេះ មិនត្រូវទុកឲ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ 13 ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើទុច្ចរិតដែរ គឺត្រូវជូនខ្លួនទៅអុលឡោះ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបម្រើអុលឡោះ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើសុចរិត។ 14 បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់ហ៊ូកុំទេ គឺស្ថិតនៅក្រោមក្តីមេត្តាករុណារបស់អុលឡោះវិញ។ អូមាត់អ៊ីសាជាអ្នកបម្រើរបស់សេចក្ដីសុចរិត15 បើដូច្នេះ ដោយយើងមិនស្ថិតនៅក្រោមអំណាចនៃហ៊ូកុំ តែស្ថិតនៅក្រោមក្តីមេត្តាករុណា តើយើងត្រូវតែប្រព្រឹត្ដអំពើបាបឬ? ទេ មិនកើតទេ! 16 បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាប ដែលនាំឲ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់បង្គាប់អុលឡោះដែលនាំឲ្យបងប្អូនបានសុចរិត។ 17 សូមអរគុណអុលឡោះ! ពីដើមបងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ដ តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល 18 បងប្អូនក៏បានរួចពីអំណាចបាប មកបម្រើសេចក្ដីសុចរិតវិញ។ 19 ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យធ្វើជាខ្ញុំបម្រើនៃអំពើសៅហ្មង និងអំពើទុយ៌ស ដែលនាំឲ្យប្រឆាំងនឹងអុលឡោះយ៉ាងណា ឥឡូវនេះ ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន ធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិតដើម្បីឲ្យបងប្អូនបានបរិសុទ្ធយ៉ាងនោះដែរ។ 20 កាលបងប្អូននៅជាខ្ញុំបម្រើរបស់បាបនៅឡើយ បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។ 21 កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់! 22 តែឥឡូវនេះបងប្អូនបានរួចពីអំណាចបាប មកបម្រើអុលឡោះវិញ។ បងប្អូនបានផលដែលធ្វើឲ្យបងប្អូនទៅជាបរិសុទ្ធ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច 23 ដ្បិតលទ្ធផល នៃបាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់អុលឡោះវិញ គឺជីវិតអស់កល្បជានិច្ច រួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង។ |
© 2014 United Bible Societies, UK.
United Bible Societies