ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 5 - អាល់គីតាប អាល់គីតាប
យ៉ូប 5

1 ឥឡូវ​នេះ សូម​អ្នក​ស្រែក​ចុះ ក្រែង​លោ​មាន​នរណា​ម្នាក់ ឆ្លើយ​តប​មក​អ្នក។ តើ​អ្នក​អាច​ហៅ​ម៉ាឡា‌អ៊ីកាត់​ណា​មួយ ឲ្យ​មក​ជួយ​បាន?

2 ការ​មួម៉ៅ​រមែង​សម្លាប់​មនុស្ស​ល្ងី‌ល្ងើ ការ​ក្ដៅ​ក្រហាយ​ក៏​រមែង​ធ្វើ​ឲ្យ មនុស្ស​ចោល‌ម្សៀត​បាត់​បង់​ជីវិត​ដែរ។

3 ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ល្ងី‌ល្ងើ​ចំរុង​ចំរើន ប៉ុន្តែ រំពេច​នោះ ខ្ញុំ​ក៏​ដាក់​បណ្ដាសា ផ្ទះ​របស់​គេ​ថា:

4 សូម​កុំ​ឲ្យ​កូន​ចៅ​របស់​គេ​មាន​ទី​ពឹង​ពាក់ ហើយ​កុំ​ឲ្យ​មាន​នរណា​ការពារ​គេ នៅ​ពេល​ចៅ‌ក្រម​ដាក់​ទោស។

5 សូម​ឲ្យ​មនុស្ស​អត់​បាយ​នាំ​គ្នា​មក ដណ្ដើម​យក​ភោគ‌ផល​របស់​គេ ទោះ​បី​មាន​បន្លា​ជុំ‌វិញ​ចម្ការ​ក៏​ដោយ។ សូម​ឲ្យ​មនុស្ស​ស្រេក​ឃ្លាន​នាំ​គ្នា​មក រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ។

6 អំពើ​ទុច្ចរិត​មិន​មែន​ដុះ​ចេញ​ពី​ធូលី​ដី​ទេ ហើយ​ទុក្ខ​វេទនា​ក៏​មិន​មែន​ដុះ​ចេញ​ពី​ដី​ដែរ។

7 មនុស្ស​កើត​មក ដើម្បី​រង​ទុក្ខ​វេទនា ដូច​ផ្កា​ភ្លើង​ខ្ទាត​ឡើង​ទៅ​ក្នុង​លំហ​អាកាស​ដែរ។

8 ប្រសិន​បើ​ខ្ញុំ​មាន​ទុក្ខ​ដូច​អ្នក​វិញ ខ្ញុំ​នឹង​ស្រែក​អង្វរ​អុលឡោះ ខ្ញុំ​លើក​យក​រឿង​ហេតុ​របស់​ខ្ញុំ មក​ជម្រាប​ជូន​ទ្រង់។

9 ទ្រង់​ធ្វើ​ការ​ដ៏​អស្ចារ្យ រក​ស្វែង​យល់​មិន​បាន ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ មាន​ចំនួន​ច្រើន​ឥត​គណនា។

10 ទ្រង់​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​មក​លើ​ផែនដី និង​ប្រទាន​ឲ្យ​មាន​ទឹក​ស្រោច​ស្រព​ស្រែ​ចម្ការ។

11 ទ្រង់​លើក​មនុស្ស​ទន់‌ទាប​ឡើង ហើយ​ជួយ​សង្គ្រោះ​អ្នក​ដែល​កាន់​ទុក្ខ។

12 ទ្រង់​រំលាយ​គម្រោង‌ការ​មនុស្ស​មាន​ល្បិច មិន​ឲ្យ​គេ​សម្រេច​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ។

13 ទ្រង់​យក​កល‌ល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់ ហើយ​ធ្វើ​ឲ្យ​យោបល់​ដ៏​ប៉ិន‌ប្រសប់ របស់​ពួក​គេ ប្រែ​ជា​ឥត​បាន​ការ។

14 នៅ​ពេល​ថ្ងៃ ពួក​គេ​ជំពប់​ជើង ដូច​ដើរ​នៅ​ពេល​យប់​ងងឹត ហើយ​ពួក​គេ​ដើរ​ស្ទាបៗ នៅ​កណ្ដាល​ថ្ងៃ​ត្រង់ ដូច​ដើរ​នៅ​ពេល​យប់​ដែរ។

15 ប៉ុន្តែ ទ្រង់​សង្គ្រោះ​ជន​ទុគ៌ត ឲ្យ​រួច​ផុត​ពី​មុខ​ដាវ ពី​ចង្កូម និង​ពី​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ។

16 ទ្រង់​ប្រទាន​សេចក្ដី​សង្ឃឹម ដល់​មនុស្ស​ទន់​ខ្សោយ តែ​ទ្រង់​បំបិទ​មាត់​មនុស្ស​ទុច្ចរិត។

17 ហេតុ​នេះ អ្នក​ដែល​ត្រូវ​អុលឡោះ​ស្តី​ប្រដៅ ពិត​ជា​មាន​សុភ‌មង្គល​មិន​ខាន។ មិន​ត្រូវ​មាក់‌ងាយ​ការ​ស្តី​បន្ទោស​របស់​អុលឡោះ ដែល​ប្រកប​ដោយ​អំណាច​ឡើយ។

18 អុលឡោះ​ធ្វើ​ឲ្យ​ឈឺ​ចាប់ តែ​ទ្រង់​នឹង​ព្យាបាល​ឡើង​វិញ ទ្រង់​ធ្វើ​ឲ្យ​របួស តែ​ទ្រង់​នឹង​ព្យាបាល​មុខ​របួស​នេះ ដោយ​អំណាច​របស់​ទ្រង់​ផ្ទាល់។

19 ទ្រង់​ជួយ​អ្នក​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ ចំនួន​ប្រាំ​មួយ​ដង តែ​នៅ​គ្រា​ទី​ប្រាំ‌ពីរ ការ​អាក្រក់​នឹង​ពុំ​អាច កើត​មាន​ដល់​អ្នក​ទេ។

20 នៅ​ពេល​កើត​ទុរ្ភិក្ស ទ្រង់​រំដោះ​អ្នក​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​ពេល​កើត​សង្គ្រាម ទ្រង់​រំដោះ​អ្នក​ពី​មុខ​ដាវ។

21 ទ្រង់​នឹង​ការពារ​អ្នក​ពី​ពាក្យ បរិហារ​របស់​អ្នក​ដទៃ ហើយ​អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ ដែល​កើត​ឡើង​ដែរ។

22 អ្នក​នឹង​មិន​ញញើត នៅ​ចំពោះ​មុខ មហន្ត‌រាយ ការ​អត់​ឃ្លាន សត្វ​សាហាវ​មិន​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច។

23 ស្រែ​ចម្ការ​របស់​អ្នក​នឹង​គ្មាន​ដុំ​ថ្ម ហើយ​គ្មាន​សត្វ​សាហាវ​មក​យាយី​អ្នក​ទេ។

24 អ្នក​នឹង​បាន​សុខ‌សាន្ត​នៅ​ក្នុង ទី​លំ‌នៅ​របស់​អ្នក ហើយ​ពេល​អ្នក​មើល​ទៅ​ហ្វូង​សត្វ ក៏​មិន​ឃើញ​មាន​បាត់​បង់​ដែរ។

25 អ្នក​នឹង​ឃើញ​ពូជ‌ពង្ស​របស់​អ្នក កើន​ចំនួន​ច្រើន​ឡើង កូន​ចៅ​របស់​អ្នក​កើន​ចំនួន ដូច​ស្មៅ​ដុះ​នៅ​តាម​ទី​វាល។

26 អ្នក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។

27 យើង​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​ឃើញ​ថា​ពិត​ជា​កើត​មាន​ដូច្នេះ​មែន។ ហេតុ​នេះ ចូរ​ត្រង‌ត្រាប់​ស្ដាប់ ហើយ​យក​ជា​មេ​រៀន​ចុះ!»។

© 2014 United Bible Societies, UK.

United Bible Societies