យ៉ូប 6 - អាល់គីតាបណាពីអៃយ៉ូបរអ៊ូរទាំនឹងមិត្តភក្ដិរបស់គាត់ 1 អៃយ៉ូបមានប្រសាសន៍ថា៖ 2 «ប្រសិនបើគេថ្លឹងការឈឺចាប់របស់ខ្ញុំ ប្រសិនបើគេយកទុក្ខលំបាករបស់ខ្ញុំដាក់លើជញ្ជីង 3 គេនឹងឃើញវាធ្ងន់ជាងខ្សាច់ នៅតាមឆ្នេរសមុទ្រទៅទៀត។ ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច 4 ដ្បិតព្រួញរបស់អុលឡោះជាម្ចាស់ដ៏មានអំណាចបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ អុលឡោះធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតំរៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។ 5 ពេលមានស្មៅខៀវខ្ចីស៊ី តើលាព្រៃដែលស្រែកឬទេ? ពេលមានចំបើងស៊ី តើគោចេះតែរោទ៍ដែរឬ? 6 តើគេអាចបរិភោគម្ហូបសាប ដោយមិនបង់អំបិលកើតឬ? តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ? 7 ខ្ញុំមិនចង់បរិភោគអាហារទាំងនោះទេ ព្រោះជាអាហារដែលខ្ញុំស្អប់ខ្ពើម។ 8 សូមឲ្យសំណូមពររបស់ខ្ញុំបានសម្រេច ហើយសូមអុលឡោះប្រោសប្រទាន តាមសេចក្ដីសង្ឃឹមរបស់ខ្ញុំ។ 9 គឺសូមអុលឡោះមេត្តាកិនកំទេចខ្ញុំ សូមទ្រង់ប្រើអំណាច បង្ហើយអាយុជីវិតរបស់ខ្ញុំទៅចុះ! 10 ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែ ហើយទោះបីខ្ញុំឈឺចាប់ដល់កំរិតក្ដី ក៏ខ្ញុំមានអំណរសប្បាយដែរ ព្រោះខ្ញុំមិនបានបោះបង់ចោលបន្ទូលរបស់ទ្រង់ដ៏វិសុទ្ធឡើយ។ 11 ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹម ហើយខ្ញុំក៏គ្មានគោលដៅអ្វី ដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។ 12 តើខ្ញុំមានកម្លាំងរឹងដូចថ្ម ហើយរូបកាយដូចលង្ហិនឬ? 13 ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងទៀតហើយ ហើយខ្ញុំបាត់បង់អ្វីៗទាំងអស់ដែលជាបង្អែក។ 14 អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួល ចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួន បើមិនដូច្នេះទេ គេមុខជាលែងគោរព កោតខ្លាចអុលឡោះ។ 15 បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្ត ដូចទឹកជ្រោះដែលរីង ដូចជ្រលងដងអូរដែលគ្មានទឹក។ 16 នៅចុងរដូវត្រជាក់ ទឹកអូរទាំងនោះប្រែជាល្អក់កករ ព្រោះតែភ្លៀង និងទឹកកករលាយ។ 17 នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែង ព្រោះតែកំដៅថ្ងៃ។ 18 ក្បួនអ្នកដំណើរវង្វេងផ្លូវ នាំគ្នាចូលទៅវាលរហោស្ថាន ហើយវិនាសបាត់បង់អស់ទៅ។ 19 ក្បួនអ្នកដំណើរពីស្រុកថេម៉ាន នាំគ្នាសម្លឹងមើលអូរទាំងនោះ ក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នា សង្ឃឹមលើអូរទាំងនោះ 20 ប៉ុន្តែ ពួកគេត្រូវអាម៉ាស់ ព្រោះតែទុកចិត្តលើអូរទាំងនោះ ហើយពួកគេខកចិត្តនៅពេលទៅដល់។ 21 នៅពេលនេះ អស់លោកក៏ដូច្នោះដែរ អស់លោកឃើញខ្ញុំមានអាសន្ន ហើយបែរជាភ័យខ្លាច! 22 ខ្ញុំមិនដែលសុំឲ្យអស់លោក យករបស់អ្វីមួយមកឲ្យខ្ញុំ ឬយកប្រាក់របស់អស់លោកមកជួយខ្ញុំឡើយ។ 23 ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃ របស់មនុស្សឃោរឃៅដែរ។ 24 សូមប្រៀនប្រដៅខ្ញុំផង នោះខ្ញុំនឹងនៅស្ងៀម សូមប្រាប់ខ្ញុំផង តើខ្ញុំធ្វើខុសត្រង់ណា? 25 បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ មិនសមហេតុសមផលទេ។ 26 ពាក្យដែលខ្ញុំនិយាយនេះ តើអស់លោកចង់បន្ទោសកន្លែងណា តើអស់លោកយល់ថាពាក្យសំដីរបស់ មនុស្សអស់សង្ឃឹម ឥតបានការឬ? 27 អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រា ហើយសូម្បីតែមិត្តសម្លាញ់ ក៏អស់លោកមិនញញើតនឹងលក់ដែរ។ 28 ឥឡូវនេះ ចូរបែរមកមើលមុខខ្ញុំឲ្យចំ តើខ្ញុំនិយាយបំផ្លើសត្រង់ណា? 29 ខ្ញុំសូមអង្វរទៅចុះ កុំចោទខ្ញុំជ្រុលពេក ហើយក៏កុំអយុត្តិធម៌បែបនេះដែរ កុំចោទខ្ញុំជ្រុលពេក ខ្ញុំគ្មានកំហុសអ្វីសោះ។ 30 តើអណ្ដាតខ្ញុំដែលគ្រលាស់ចេញមកនូវពាក្យទុច្ចរិត ហើយមាត់របស់ខ្ញុំស្រដីចេញមក នូវពាក្យអពមង្គលឬទេ? |
© 2014 United Bible Societies, UK.
United Bible Societies