Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 4 - អាល់គីតាប


ប្រសាសន៍​របស់​លោក​អេលី‌ផាស: អ្នក​ដែល​ត្រូវ​អុលឡោះ​ស្តី​ប្រដៅ ពិត​ជា​មាន​សុភ‌មង្គល​មិន​ខាន!

1 លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖

2 «ប្រសិន​បើ​យើង​ជូន​យោបល់​តែ​មួយ​ម៉ាត់ តើ​អ្នក​ធុញ‌ទ្រាន់​នឹង​ស្ដាប់​ឬ​ទេ? ប៉ុន្តែ តើ​នរណា​ទ្រាំ​មិន​និយាយ​កើត?

3 អ្នក​បាន​ទូន្មាន​មនុស្ស​ជា​ច្រើន ហើយ​អ្នក​ក៏​បាន​ជួយ​មនុស្ស​ជា​ច្រើន ឲ្យ​មាន​កម្លាំង​ឡើង​វិញ​ដែរ។

4 ពាក្យ​ដែល​អ្នក​មាន​ប្រសាសន៍ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ដួល​អាច​ងើប​ឡើង​វិញ អ្នក​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​ទន់​ជង្គង់ អាច​ឈរ​មាំ‌មួន​ឡើង​វិញ​ដែរ។

5 ឥឡូវ​នេះ ដល់​វេន​អ្នក អ្នក​បែរ​ជា​បាក់​ទឹក​ចិត្ត ពេល​ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​អ្នក អ្នក​បែរ​ជា​វិល‌វល់​ក្នុង​ចិត្ត​ទៅ​វិញ។

6 អ្នក​គោរព​កោត​ខ្លាច​អុលឡោះ ហើយ​រស់​នៅ​ដោយ​ទៀង​ត្រង់ ដូច្នេះ ចូរ​មាន​សង្ឃឹម និង​ផ្ញើ​ជីវិត​លើ​ទ្រង់​ចុះ។

7 សូម​អ្នក​គិត​មើល​ចុះ​ថា តើ​មនុស្ស​ស្លូត​ត្រង់​ដែល​វិនាស​សូន្យ ហើយ​មនុស្ស​សុចរិត​ដែល​អន្តរាយ​ឬ​ទេ?

8 ខ្ញុំ​ធ្លាប់​ឃើញ​ថា អស់​អ្នក​ដែល​ភ្ជួរ​រាស់ សាប​ព្រោះ​អំពើ​អាក្រក់ និង​អំពើ​ទុច្ចរិត រមែង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ជា‌និច្ច

9 គឺ​ពួក​គេ​វិនាស​ដោយ‌សារ​កំហឹង​របស់ អុលឡោះ​ដែល​បក់​បោក​មក​លើ​ពួក​គេ ដូច​ព្យុះ​សង្ឃរា។

10 ពួក​គេ​ស្រែក​ដូច​សិង្ហ ហើយ​គ្រហឹម​ដូច​ខ្លា តែ​អុលឡោះ‌តាអាឡា​នឹង​បំបិទ​មាត់ ហើយ​បំបាក់​ចង្កូម​របស់​ពួក​គេ។

11 សិង្ហ​សាហាវ​នឹង​វិនាស​ទៅ​ដោយ​អត់​អាហារ កូន​របស់​វា​នឹង​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី។

12 ខ្ញុំ​បាន​ឮ​សេចក្ដី​មួយ​យ៉ាង​ស្ងាត់ៗ ហើយ​ត្រចៀក​ខ្ញុំ​ស្ដាប់​ឮ​សំឡេង​មួយ យ៉ាង​ស្រាលៗ។

13 ខ្ញុំ​ឮ​សេចក្ដី​នោះ​ក្នុង​សុបិន​នៅ​ពេល​យប់ គឺ​ក្នុង​ពេល​ដែល​មនុស្ស​ដេក​លង់‌លក់​ឥត​ដឹង​ខ្លួន។

14 ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់ ញាប់‌ញ័រ​សព្វ​សព៌ាង្គ‌កាយ

15 គឺ​ហាក់​ដូច​ជា​មាន​ខ្យល់​បក់​មក​ប៉ះ​នឹង ផ្ទៃ​មុខ​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ព្រឺ​សម្បុរ។

16 មាន​ម្នាក់​ឈរ​នៅ​ក្បែរ​ខ្ញុំ តែ​ខ្ញុំ​មើល​មិន​ស្គាល់​ថា​ជា​នរណា​ទេ មាន​ដូច​ជា​ស្រមោល​មួយ​នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក្នុង​ភាព​ស្ងប់​ស្ងាត់​នោះ ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​ថា:

17 “តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ សុចរិត​ជាង​អុលឡោះ តើ​គេ​បរិសុទ្ធ​ជាង​អុលឡោះ​ដែល​បាន​បង្កើត​ខ្លួន​ឬ?

18 សូម្បី​តែ​ពួក​ម៉ាឡា‌អ៊ីកាត់ ជា​អ្នក​បម្រើ​របស់​ទ្រង់ ក៏​ទ្រង់​ទុក​ចិត្ត​ពុំ​បាន​ទៅ​ហើយ ព្រោះ​ទ្រង់​ឃើញ​គេ​មាន​កំហុស

19 នោះ​ចំណង់​បើ​មនុស្ស​ដែល​មាន​ធាតុ​ជា​ដី​ឥដ្ឋ កើត​មក​ពី​ធូលី​ដី ហើយ​ដែល​គេ​អាច​ជាន់​កំទេច​ដូច​ដង្កូវ​នេះ តើ​ឲ្យ​ទ្រង់​ទុក​ចិត្ត​ដូច​ម្ដេច​បាន?

20 ក្នុង​ពេល​តែ​មួយ​ថ្ងៃ មនុស្ស​ត្រូវ​អន្តរាយ ហើយ​វិនាស​សូន្យ​ទៅ ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។

21 ពេល​ខ្សែ​ជីវិត​របស់​គេ​ត្រូវ​ដាច់ គេ​ស្លាប់​ទៅ ទាំង​មិន​យល់​អ្វី​ទាំង​អស់”។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម