ការកកើតឡើងវិញនៃកុលសម័ន្ធពុនយ៉ាមីន1 ជនជាតិអ៊ីស្រអែលបានជួបជុំគ្នានៅមីសប៉ា ហើយស្បថថា៖ «ក្នុងចំណោមពួកយើងមិនត្រូវឲ្យនរណាម្នាក់ លើកកូនស្រីខ្លួនទៅឲ្យពួកពុនយ៉ាមីនធ្វើជាប្រពន្ធឡើយ»។ 2 ប្រជាជនអ៊ីស្រអែលចេញទៅបេតអែល ហើយអង្គុយនៅចំពោះអុលឡោះរហូតដល់ល្ងាច ពួកគេយំសោកសង្រេងយ៉ាងខ្លាំង។ 3 គេជម្រាបទ្រង់ថា៖ «ឱអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! ហេតុអ្វីបានជាមានរឿងបែបនេះ កើតឡើងចំពោះជនជាតិអ៊ីស្រអែល? ហេតុអ្វីបានជាថ្ងៃនេះជនជាតិអ៊ីស្រអែលត្រូវបាត់បង់កុលសម្ព័ន្ធមួយ?»។ 4 ស្អែកឡើងប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម ពួកគេសង់អាសនៈមួយនៅទីនោះ ហើយយកសត្វមកធ្វើជាគូរបានដុត និងគូរបានមេត្រីភាព។ 5 បន្ទាប់មក ជនជាតិអ៊ីស្រអែលក៏សួរគ្នាទៅវិញទៅមកថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ តើមានក្រុមណាមួយមិនបានមករួមប្រជុំ នៅចំពោះអុលឡោះតាអាឡានៅមីសប៉ាឬទេ?»។ គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងឱឡារិកថា អ្នកដែលមិនបានមករួមប្រជុំនៅមីសប៉ានឹងត្រូវស្លាប់។ 6 ម៉្យាងទៀតជនជាតិអ៊ីស្រអែលស្តាយកុលសម្ព័ន្ធពុនយ៉ាមីនដែលជាបងប្អូនរបស់ពួកគេ ហើយនិយាយថា៖ «ថ្ងៃនេះ ជនជាតិអ៊ីស្រអែលកំពុងតែបាត់កុលសម្ព័ន្ធមួយ។ 7 តើយើងត្រូវធ្វើដូចម្តេច ដើម្បីរកប្រពន្ធឲ្យពួកពុនយ៉ាមីនដែលនៅរស់ ដ្បិតយើងបានស្បថក្នុងនាមអុលឡោះតាអាឡា ថាមិនលើកកូនស្រីរបស់យើងទៅឲ្យពួកគេធ្វើជាប្រពន្ធឡើយ»។ 8 គេសួរគ្នាទៀតថា៖ «តើមានក្រុមណាមួយ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែលមិនបានមកថ្វាយបង្គំអុលឡោះតាអាឡានៅមីសប៉ាឬទេ?»។ គេរកឃើញថា គ្មាននរណាម្នាក់នៅភូមិយ៉ាបេស ក្នុងស្រុកកាឡាដមកបោះជំរំរួមជាមួយអង្គប្រជុំឡើយ 9 ដ្បិតនៅពេលរាប់ចំនួនប្រជាជនដែលចូលរួមនោះ គេពុំឃើញមាននរណាម្នាក់មកពីភូមិយ៉ាបេសទាល់តែសោះ។ 10 ដូច្នេះ អង្គប្រជុំក៏ចាត់ទាហានដ៏ខ្លាំងពូកែ ចំនួនមួយម៉ឺនពីរពាន់នាក់ ឲ្យទៅភូមិយ៉ាបេសដោយបញ្ជាថា៖ «ចូរទៅប្រហារអ្នកភូមិយ៉ាបេសក្នុងស្រុកកាឡាដ ដោយមុខដាវរួមទាំងស្ត្រី និងក្មេងៗផង។ 11 ត្រូវធ្វើដូចតទៅ គឺសម្លាប់ប្រុសៗទាំងអស់ និងស្ត្រីដែលមានប្ដីរួចហើយទាំងអស់ដែរ»។ 12 ក្នុងចំណោមប្រជាជនភូមិយ៉ាបេសគេឃើញមានស្ត្រីក្រមុំព្រហ្មចារីចំនួនបួនរយនាក់។ ពួកគេក៏នាំស្ត្រីក្រមុំទាំងនោះទៅជំរំស៊ីឡូ ក្នុងស្រុកកាណាន។ 13 បន្ទាប់មក សហគមន៍ទាំងមូលបានចាត់អ្នកនាំពាក្យ ឲ្យទៅនិយាយជាមួយកូនចៅពុនយ៉ាមីនដែលភៀសខ្លួនទៅនៅត្រង់ផ្ទាំងថ្មរីម៉ូននោះថា អ៊ីស្រអែលលើកលែងទោសឲ្យពួកគេហើយ។ 14 នៅគ្រានោះ ពួកពុនយ៉ាមីនក៏នាំគ្នាវិលត្រឡប់មកទីលំនៅរបស់គេវិញ ហើយជនជាតិអ៊ីស្រអែលបានប្រគល់ស្ត្រីនៅភូមិយ៉ាបេស ដែលគេមិនបានសម្លាប់ ឲ្យពួកពុនយ៉ាមីនធ្វើជាប្រពន្ធ។ ប៉ុន្តែ ស្ត្រីទាំងនោះមានចំនួនមិនគ្រប់គ្រាន់សម្រាប់ពួកគេទាំងអស់គ្នាទេ។ 15 ជនជាតិអ៊ីស្រអែលស្តាយកុលសម្ព័ន្ធពុនយ៉ាមីនណាស់ ព្រោះអុលឡោះតាអាឡា បានបំបាត់ពួកគេពីក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែល។ 16 ពេលនោះ អស់លោកអះលីជំអះនៃសហគមន៍និយាយថា៖ «តើយើងត្រូវធ្វើដូចម្តេច ដើម្បីឲ្យពួកពុនយ៉ាមីនដែលនៅរស់អាចមានប្រពន្ធ បើស្ត្រីៗក្នុងកុលសម្ព័ន្ធពុនយ៉ាមីនស្លាប់អស់ទៅហើយ? 17 ពួកពុនយ៉ាមីនត្រូវតែបន្តពូជពង្សរបស់ខ្លួន ដើម្បីកុំឲ្យកុលសម្ព័ន្ធមួយរបស់ជនជាតិអ៊ីស្រអែលរលាយសូន្យឡើយ។ 18 ប៉ុន្តែ យើងមិនអាចលើកកូនស្រីរបស់យើងឲ្យធ្វើជាប្រពន្ធរបស់ពួកគេទេ ពីព្រោះយើងបានស្បថថា “អ្នកណាលើកកូនស្រីឲ្យពួកពុនយ៉ាមីន អ្នកនោះនឹងត្រូវបណ្តាសា”»។ 19 អស់លោកទាំងនោះពោលទៀតថា៖ «រៀងរាល់ឆ្នាំ យើងតែងប្រារព្ធពិធីបុណ្យមួយ ជូនអុលឡោះតាអាឡានៅស៊ីឡូ» (ស៊ីឡូស្ថិតនៅខាងជើងបេតអែល នៅខាងត្បូងលេបូណា និងនៅខាងកើតផ្លូវដែលភ្ជាប់បេតអែលទៅស៊ីគែម)។ 20 ពួកគេបញ្ជាកូនចៅពុនយ៉ាមីនថា៖ «ចូរអ្នករាល់គ្នាទៅលាក់ខ្លួននៅក្នុងចម្ការទំពាំងបាយជូរ 21 ហើយចាំឃ្លាំមើល។ កាលណាមានស្ត្រីក្រមុំចេញពីស៊ីឡូមករាំលេង អ្នករាល់គ្នាត្រូវស្ទុះចេញពីក្នុងចម្ការទំពាំងបាយជូរមក ហើយចាប់នាងទាំងនោះម្នាក់មួយៗ នាំយកទៅក្នុងទឹកដីពុនយ៉ាមីន ដើម្បីធ្វើជាប្រពន្ធរបស់អ្នករាល់គ្នាទៅ។ 22 ប្រសិនបើឪពុក ឬបងប្រុសរបស់ពួកនាងមកប្តឹងយើង យើងនឹងអង្វរពួកគេថា “សូមមេត្តាអនុគ្រោះពួកពុនយ៉ាមីនផង ពីព្រោះនៅពេលដែលយើងទៅវាយប្រហារភូមិយ៉ាបេស នោះយើងរកស្ត្រីមកឲ្យពួកគេធ្វើជាប្រពន្ធ មិនបានគ្រប់ៗគ្នាទេ។ ម៉្យាងទៀតបងប្អូនក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ដូច្នេះ បងប្អូនគ្មានធ្វើអ្វីខុសនឹងពាក្យសម្បថនោះឡើយ”»។ 23 ពួកពុនយ៉ាមីនក៏ធ្វើតាម គឺពួកគេចាប់ស្ត្រីក្នុងចំណោមស្ត្រីក្រមុំ ដែលចេញមករាំនៅស៊ីឡូ គ្រប់ចំនួន ហើយនាំយកទៅជាមួយខ្លួន។ ពួកគេវិលត្រឡប់ទៅទឹកដីដែលជាមត៌ករបស់ខ្លួន ហើយកសាងក្រុងឡើងវិញ ព្រមទាំងរស់នៅទីនោះទៅ។ 24 ក្នុងពេលជាមួយគ្នានោះ ជនជាតិអ៊ីស្រអែលឯទៀតៗក៏ចាកចេញពីជំរំវិលត្រឡប់ទៅរកកុលសម្ព័ន្ធ ក្រុមគ្រួសារ និងទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។ 25 នៅគ្រានោះ ស្រុកអ៊ីស្រអែលគ្មានស្តេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។ |
© 2014 United Bible Societies, UK.
United Bible Societies