នាងរស់ 1 - អាល់គីតាបទុក្ខវេទនារបស់គ្រួសារលោកអេលីម៉ាឡេក 1 នៅជំនាន់អស់លោកចៅហ្វាយ មានកើតទុរ្ភិក្សពេញក្នុងស្រុក។ ពេលនោះ មានបុរសម្នាក់នៅភូមិបេថ្លេហិមក្នុងស្រុកយូដា បាននាំភរិយា និងកូនប្រុសទាំងពីរនាក់ ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់។ 2 បុរសនោះឈ្មោះអេលីម៉ាឡេក ភរិយារបស់គាត់ឈ្មោះ ណាអូមី ហើយកូនគាត់ទាំងពីរឈ្មោះម៉ាឡូន និងគីលីយ៉ូន។ គ្រួសារនេះជាអ្នកនៅក្នុងអំបូរអេប្រាតា នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ គេបានទៅដល់ស្រុកម៉ូអាប់ហើយក៏រស់នៅទីនោះ។ 3 ក្រោយមក លោកអេលីម៉ាឡេកបានស្លាប់ ទុកឲ្យនាងណាអូមីនៅជាមួយកូនប្រុសទាំងពីរ។ 4 កូនទាំងពីរបានរៀបការជាមួយស្ត្រីសាសន៍ម៉ូអាប់ ម្នាក់ឈ្មោះអ៊រប៉ា និងម្នាក់ទៀតឈ្មោះរស់។ គេរស់នៅក្នុងស្រុកនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ 5 បន្ទាប់មក ម៉ាឡូន និងគីលីយ៉ូន ក៏ស្លាប់ទៅដែរ ទុកនាងណាអូមីជាម្តាយឲ្យនៅតែម្នាក់ឯង បាត់ទាំងប្ដីបាត់ទាំងកូន។ នាងណាអូមីវិលត្រឡប់ទៅភូមិបេថ្លេហិមវិញជាមួយនាងរស់ជាកូនប្រសា 6 នៅស្រុកម៉ូអាប់ នាងណាអូមីបានឮគេនិយាយថា អុលឡោះតាអាឡាប្រោសប្រណីដល់ប្រជាជនទ្រង់ ដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់។ នាងក៏រៀបចំខ្លួនចាកចេញពីស្រុកម៉ូអាប់ជាមួយកូនប្រសាស្រីទាំងពីរនាក់។ 7 នាងណាអូមី និងកូនប្រសាទាំងពីរ នាំគ្នាចេញដំណើរពីស្រុកដែលនាងធ្លាប់រស់នៅ វិលត្រឡប់មកស្រុកយូដាវិញ។ 8 ពេលនោះ នាងណាអូមីពោលទៅកាន់កូនប្រសាស្រីទាំងពីរថា៖ «ចូរកូនត្រឡប់ទៅនៅជាមួយម្តាយរៀងៗខ្លួនវិញទៅ! សូមអុលឡោះតាអាឡាសំដែងចិត្តសប្បុរសចំពោះនាង ដូចនាងធ្លាប់មានចិត្តសប្បុរសចំពោះកូនខ្ញុំដែលបានស្លាប់ទៅហើយ និងចំពោះរូបខ្ញុំដែរ។ 9 សូមអុលឡោះតាអាឡាប្រទានឲ្យនាងទាំងពីរបានប្ដីថ្មី និងមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួនផង»។ បន្ទាប់មក នាងណាអូមីថើបលាកូនប្រសាទាំងពីរនាក់ ហើយគេទ្រហោយំទាំងអស់គ្នា។ 10 កូនប្រសាទាំងពីរពោលទៅម្តាយក្មេកវិញថា៖ «ទេ! យើងខ្ញុំទៅជាមួយអ្នកម្តាយ ជាមួយជនជាតិរបស់អ្នកម្តាយដែរ»។ 11 តែនាងណាអូមីប្រកែកថា៖ «កូនទាំងពីរត្រូវតែត្រឡប់ទៅវិញ ហេតុអ្វីបានជាកូនចង់ទៅជាមួយម្តាយ?។ ម៉ែហួសអាយុនឹងមានកូនប្រុស ដែលអាចរៀបការជាមួយនាងហើយ។ 12 ចូរត្រឡប់ទៅវិញចុះ! ម៉ែចាស់ណាស់ហើយ មិនអាចមានប្ដីទៀតទេ។ បើសិនជាម៉ែមានសង្ឃឹមថា នឹងបានរួមរស់ជាមួយបុរសណាម្នាក់ នៅយប់នេះ ហើយបង្កើតបានកូនប្រុសៗ 13 តើនាងអាចទ្រាំចាំ រហូតដល់កូននោះពេញវ័យបានឬ? តើសុខចិត្តរស់នៅដោយឥតមានប្ដីដូច្នេះឬ? ទេកូនអើយ ធ្វើដូច្នេះមិនកើតទេ!។ អុលឡោះតាអាឡាងាកមកប្រឆាំងនឹងម៉ែ ធ្វើឲ្យវាសនារបស់ម៉ែ ល្វីងជូរចត់ជាងវាសនាកូនទាំងពីរទៅទៀត»។ 14 ពេលនោះ កូនប្រសាទាំងពីរនាក់ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាក៏ថើបលាម្តាយក្មេកទៅ រីឯនាងរស់វិញ នាងសម្រេចចិត្តនៅជាមួយម្តាយក្មេក។ 15 នាងណាអូមីនិយាយទៅកាន់នាងរស់ថា៖ «មើល៍! ប្អូនថ្លៃកូនបានវិលត្រឡប់ទៅរកជនជាតិរបស់នាង និងទៅបម្រើព្រះរបស់នាងវិញហើយ ចូរកូនទៅតាមប្អូនថ្លៃរបស់កូនចុះ!»។ 16 តែនាងរស់ឆ្លើយថា៖ «សូមអ្នកម្តាយកុំបង្ខំកូន ឲ្យចាកចេញពីអ្នកម្តាយធ្វើអ្វី! អ្នកម្តាយទៅទីណា កូនក៏ទៅទីនោះដែរ អ្នកម្តាយស្នាក់នៅកន្លែងណា កូនក៏ស្នាក់នៅកន្លែងនោះដែរ។ ជនជាតិរបស់អ្នកម្តាយជាជនជាតិរបស់កូន ហើយអុលឡោះជាម្ចាស់របស់អ្នកម្តាយ ក៏ជាអុលឡោះជាម្ចាស់របស់កូនដែរ។ 17 អ្នកម្តាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្តីស្លាប់ទេ ដែលអាចបំបែកកូនចេញពីអ្នកម្តាយបាន បើមិនពិតទេ សូមអុលឡោះតាអាឡាដាក់ទោសមកលើរូបកូនចុះ!»។ 18 ដោយឃើញថា កូនប្រសាប្តេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏នៅស្ងៀម។ 19 ម្តាយ និងកូនបានធ្វើដំណើរមកដល់ភូមិបេថ្លេហិម។ កាលអ្នកទាំងពីរមកដល់ភូមិនោះ អ្នកស្រុកទាំងអស់ក៏ភ្ញាក់ផ្អើល ហើយស្ត្រីៗនិយាយគ្នាថា៖ «អ្នកនេះជាណាអូមីមែនឬមិនមែន?»។ 20 នាងណាអូមីឆ្លើយថា៖ «កុំហៅខ្ញុំថា “ណាអូមី”ទៀត ត្រូវហៅខ្ញុំថា “ម៉ារ៉ា”វិញ ដ្បិតអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យជីវិតខ្ញុំល្វីងជូរចត់ក្រៃលែង។ 21 ខ្ញុំចាកចេញពីទីនេះទៅ ខ្ញុំមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែ អុលឡោះតាអាឡាបានឲ្យខ្ញុំត្រឡប់មកវិញដោយដៃទទេ។ សូមកុំហៅខ្ញុំថា “ណាអូមី”ទៀត ដ្បិតអុលឡោះតាអាឡាបានប្រឆាំងនឹងខ្ញុំអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត បានធ្វើឲ្យខ្ញុំរងទុក្ខលំបាក!»។ 22 បែបដូច្នេះហើយ ដែលនាងណាអូមីវិលត្រឡប់មកភូមិកំណើតវិញ ទាំងនាំនាងរស់សាសន៍ម៉ូអាប់ ជាកូនប្រសាមកជាមួយផង។ អ្នកទាំងពីរបានមកដល់ភូមិបេថ្លេហិម នៅដើមរដូវចម្រូត។ |
© 2014 United Bible Societies, UK.
United Bible Societies