លោកយែបថាឡើងធ្វើជាមេដឹកនាំលើអ៊ីស្រអែល1 នៅស្រុកកាឡាដ មានអ្នកចំបាំងដ៏អង់អាចមួយនាក់ ឈ្មោះយែបថា ជាកូនរបស់ស្រីពេស្យាម្នាក់ និងបុរសឈ្មោះកាឡាដ។ 2 រីឯភរិយារបស់លោកកាឡាដក៏បានបង្កើតកូនប្រុសៗជូនគាត់ដែរ។ លុះកូនទាំងនោះធំឡើង គេនាំគ្នាបណ្តេញលោកយែបថា ដោយនិយាយថា៖ «ឯងគ្មានសិទ្ធិនឹងទទួលមត៌ករបស់ឪពុកយើងទេ ដ្បិតឯងជាកូនរបស់ស្រីដទៃ»។ 3 ពេលនោះ លោកយែបថាបានភៀសខ្លួនចេញឆ្ងាយពីបងប្អូនរបស់គាត់ទៅរស់នៅក្នុងស្រុកថូប។ មានមនុស្សពាលមកចូលដៃជាមួយគាត់ ហើយនាំគ្នាចេញទៅប្លន់។ 4 ចំណេរក្រោយមក ជនជាតិអាំម៉ូនលើកគ្នាមកច្បាំងនឹងជនជាតិអ៊ីស្រអែល។ 5 ពេលមានសង្គ្រាមផ្ទុះឡើងដូច្នេះ ពួកចាស់ទុំនៃស្រុកកាឡាដនាំគ្នាទៅរកលោកយែបថានៅស្រុកថូប 6 ដោយពោលថា៖ «សូមលោកអញ្ជើញមកធ្វើជាមេទ័ពលើពួកយើងទៅ ដើម្បីឲ្យយើងអាចប្រយុទ្ធនឹងពួកអាំម៉ូនបាន»។ 7 លោកយែបថាឆ្លើយតបទៅពួកចាស់ទុំនៃស្រុកកាឡាដវិញថា៖ «អស់លោកបានស្អប់ខ្ញុំ ហើយបណ្តេញខ្ញុំចេញពីផ្ទះឪពុករបស់ខ្ញុំ ឥឡូវនេះ ពេលមានអាសន្ន អស់លោកបែរជារត់មករកខ្ញុំទៅវិញ!»។ 8 ពួកចាស់ទុំតបថា៖ «ព្រោះតែយើងខ្ញុំមានអាសន្នដូច្នេះហើយ បានជាពេលនេះ យើងខ្ញុំរត់មករកអ្នកវិញ ដើម្បីអញ្ជើញអ្នកទៅច្បាំងនឹងជនជាតិអាំម៉ូនជាមួយយើងខ្ញុំ ហើយសូមអ្នកធ្វើជាមេដឹកនាំលើយើងខ្ញុំ និងលើប្រជាជននៅស្រុកកាឡាដទាំងមូល»។ 9 លោកយែបថាឆ្លើយទៅចាស់ទុំទាំងនោះថា៖ «ប្រសិនបើអស់លោកហៅខ្ញុំទៅវិញ ដើម្បីប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយបើអុលឡោះតាអាឡាប្រគល់ពួកគេមកក្នុងកណ្តាប់ដៃខ្ញុំ នោះខ្ញុំនឹងធ្វើជាមេលើអស់លោក»។ 10 ពេលនោះ ពួកចាស់ទុំនៃស្រុកកាឡាដ ក៏ប្រកាសចំពោះលោកយែបថា ថា៖ «អុលឡោះតាអាឡាជាសាក្សីស្រាប់ហើយថា យើងខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នក!»។ 11 លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកគាត់ឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំលឹកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា។ 12 លោកយែបថា បានចាត់គេឲ្យនាំពាក្យទៅសួរស្តេចនៃជនជាតិអាំម៉ូនថា៖ «តើយើងមានរឿងអ្វីជាមួយគ្នា បានជាស្តេចលើកទ័ពមកវាយស្រុកខ្ញុំដូច្នេះ?»។ 13 ស្តេចជនជាតិអាំម៉ូនឆ្លើយតបមកអ្នកនាំសារវិញថា៖ «ពេលជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ពួកគេបានដណ្តើមយកទឹកដីរបស់យើង ចាប់ពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក និងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកឲ្យយើងវិញតាមសំរួលទៅ»។ 14 លោកយែបថាក៏ចាត់គេឲ្យនាំពាក្យរបស់លោក ទៅជម្រាបស្តេចជនជាតិអាំម៉ូនសាជាថ្មីថា៖ 15 «ជនជាតិអ៊ីស្រអែលពុំបានដណ្តើម យកទឹកដីរបស់ជនជាតិម៉ូអាប់ ឬទឹកដីរបស់ជនជាតិអាំម៉ូនទេ។ 16 នៅពេលជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីប ពួកគេបានឆ្លងកាត់វាលរហោស្ថានរហូតដល់សមុទ្រក្រហម ហើយក៏មកដល់កាដែស។ 17 ពេលនោះ គេបានចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចស្រុកអេដុម ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអេដុម តែស្តេចមិនបានយល់ព្រមទេ។ ជនជាតិ អ៊ីស្រអែលក៏បានធ្វើសំណូមពរដូចគ្នាចំពោះស្តេចស្រុកម៉ូអាប់ តែស្តេចនោះក៏បដិសេធដែរ។ ដូច្នេះ ពួកគេក៏ស្នាក់នៅត្រង់កាដែសនោះទៅ។ 18 ក្រោយមក ជនជាតិអ៊ីស្រអែលក៏បន្តដំណើរទៅមុខទៀត ឆ្លងកាត់វាលរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ខាងកើតស្រុកម៉ូអាប់។ ពួកគេបោះជំរំនៅត្រើយខាងនាយស្ទឹងអើណូន គឺឥតបានចូលទៅក្នុងទឹកដីរបស់ជនជាតិម៉ូអាប់ទេ។ ស្ទឹងអើណូនជាព្រំប្រទល់នៃទឹកដីរបស់ជនជាតិម៉ូអាប់។ 19 នៅទីនោះ ជនជាតិអ៊ីស្រអែលបានចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចស៊ីហុន ជាស្តេចនៃជនជាតិអាម៉ូរី ដែលគ្រងរាជ្យនៅក្រុងហេសបូន ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអាម៉ូរី ឆ្ពោះទៅកាន់ស្រុកដែលអុលឡោះបានបំរុងទុកសម្រាប់ពួកគេ។ 20 ប៉ុន្តែ ស្តេចស៊ីហុនពុំទុកចិត្តជនជាតិអ៊ីស្រអែល ដោយឲ្យពួកគេឆ្លងកាត់ទឹកដីស្រុកអាម៉ូរីឡើយ។ ស្តេចប្រមូលទ័ពទាំងអស់ទៅបោះទីតាំងនៅយ៉ាហាស់ ហើយវាយជនជាតិអ៊ីស្រអែល។ 21 ពេលនោះ អុលឡោះតាអាឡា ជាម្ចាស់នៃអ៊ីស្រអែល បានប្រគល់ស្តេចស៊ីហុន និងពលទ័ពរបស់ស្តេច មកក្នុងកណ្តាប់ដៃជនជាតិអ៊ីស្រអែល ជនជាតិអ៊ីស្រអែលទទួលជ័យជំនះ ហើយចាប់យកទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី។ 22 ជនជាតិអ៊ីស្រអែលកាន់កាប់ទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងចាប់តាំងពីវាលរហោស្ថានខាងកើត រហូតដល់ទន្លេយ័រដាន់។ 23 អុលឡោះតាអាឡាជាម្ចាស់នៃអ៊ីស្រអែលទេតើ ដែលបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ទ្រង់ ដណ្តើមយកបានទឹកដីរបស់ជនជាតិអាម៉ូរី។ ឥឡូវនេះ តើស្តេចចង់ដណ្តើមយកពីយើងវិញឬ? 24 ស្តេចបានកាន់កាប់ទឹកដីដែលព្រះកេម៉ូស ជាម្ចាស់របស់ស្តេចបានប្រគល់ឲ្យ រីឯយើងវិញ តើយើងគ្មានសិទ្ធិនឹងកាន់កាប់ទឹកដី ដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើង ប្រទានឲ្យយើងដណ្តើមយកបាននោះទេឬអី? 25 តើស្តេចគិតថា គាត់ខ្លាំងពូកែជាងស្តេចបាឡាក់ ជាបុត្ររបស់ស្តេចស៊ីបព័រ ស្តេចនៃជនជាតិម៉ូអាប់ឬ? ស្តេចបាឡាក់ពុំបានរករឿងជនជាតិអ៊ីស្រអែល ហើយក៏មិនបានច្បាំងនឹងពួកគេដែរ។ 26 ជនជាតិអ៊ីស្រអែលរស់នៅក្នុងក្រុងហេសបូន និងក្រុងអារ៉ូអ៊ើរ ព្រមទាំងតំបន់ដែលនៅជុំវិញ និងស្រុកភូមិដែលស្ថិតនៅតាមដងស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំកន្លងមកហើយ ហេតុអ្វីបានជាស្តេចមិនរំដោះយកទឹកដីទាំងនេះ ក្នុងជំនាន់នោះទៅ? 27 ខ្ញុំមិនបានធ្វើអ្វីខុសចំពោះស្តេចឡើយ គឺស្តេចទេតើដែលប្រព្រឹត្តខុស ដោយធ្វើសង្គ្រាមជាមួយនឹងខ្ញុំ។ សូមអុលឡោះតាអាឡាដែលជាចៅក្រម មេត្តាកាត់ក្តីរវាងជនជាតិអ៊ីស្រអែល និងជនជាតិអាំម៉ូននៅថ្ងៃនេះផង!»។ 28 ប៉ុន្តែ ស្តេចនៃជនជាតិអាំម៉ូនមិនអើពើនឹងសំដី ដែលលោកយែបថាចាត់អ្នកនាំពាក្យឲ្យមកប្រាប់នោះឡើយ។ ពាក្យសន្យារបស់លោកយែបថា29 គ្រានោះ រសនៃអុលឡោះតាអាឡាសណ្ឋិតលើលោកយែបថា គាត់បានធ្វើដំណើរកាត់ស្រុកកាឡាដ និងស្រុកម៉ាណាសេ រួចទៅដល់មីសប៉ា ក្នុងស្រុកកាឡាដ។ បន្ទាប់មក គាត់បន្តដំណើរពីទីនោះ ឆ្ពោះទៅស្រុកអាំម៉ូន។ 30 លោកយែបថាបានសន្យាយ៉ាងឱឡារិកចំពោះអុលឡោះតាអាឡាថា៖ «ប្រសិនបើទ្រង់ប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្តាប់ដៃរបស់ខ្ញុំ 31 ហើយពេលខ្ញុំត្រឡប់មកវិញដោយជោគជ័យ បើនរណាម្នាក់ចេញពីមាត់ទ្វារផ្ទះរបស់ខ្ញុំ មកទទួលខ្ញុំមុនគេ ខ្ញុំនឹងយកអ្នកនោះមកធ្វើជាគូរបានជូនអុលឡោះតាអាឡា»។ 32 លោកយែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយអុលឡោះតាអាឡាបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់គាត់។ 33 លោកយែបថាបានវាយកំទេចពួកគេយ៉ាងដំណំ គឺចាប់តាំងពីក្រុងអារ៉ូអ៊ើរ រហូតដល់តំបន់ជិតខាងក្រុងមីនីត-សរុបទាំងអស់ម្ភៃក្រុង-បន្ទាប់មក រហូតដល់ក្រុងអបិល-កេរ៉ាមីម។ ជនជាតិអ៊ីស្រអែលបានធ្វើឲ្យជនជាតិអាំម៉ូនបរាជ័យបាក់មុខយ៉ាងខ្លាំង។ កូនស្រីលោកយែបថា34 ពេលលោកយែបថា វិលត្រឡប់មកផ្ទះរបស់គាត់នៅមីសប៉ាវិញ កូនស្រីរបស់គាត់ចេញមកទទួល ទាំងរាំ និងវាយក្រាប់។ នាងជាកូនស្រីតែមួយគត់របស់គាត់ គឺក្រៅពីនាងគាត់គ្មានកូនប្រុស កូនស្រីណាទៀតឡើយ។ 35 កាលគាត់ក្រឡេកឃើញនាង គាត់ក៏ហែកសម្លៀកបំពាក់របស់លោក ទាំងស្រែកថា៖ «ឱ!កូនស្រីអើយ! កូនធ្វើឲ្យពុកកើតទុក្ខហើយ កូនធ្វើឲ្យពុកគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានសន្យាជាមួយអុលឡោះតាអាឡារួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសំដីនោះវិញបានទេ»។ 36 នាងឆ្លើយទៅគាត់ថា៖ «ពុកអើយ! បើពុកបានសន្យាជាមួយអុលឡោះតាអាឡារួចស្រេចទៅហើយដូច្នេះ សូមប្រព្រឹត្តចំពោះកូនតាមពាក្យរបស់ពុកចុះ ដ្បិតអុលឡោះតាអាឡាប្រទានឲ្យពុកវាយឈ្នះពួកអាំម៉ូន ដែលជាខ្មាំងសត្រូវរបស់ពុកហើយ»។ 37 នាងក៏ពោលទៅឪពុកទៀតថា៖ «សូមពុកមេត្តាអនុគ្រោះឲ្យកូនពីរខែសិន ដើម្បីឲ្យកូនឡើងទៅលើភ្នំជាមួយមិត្តភក្តិស្រីៗ យំសោកស្តាយព្រហ្មចារីរបស់កូន»។ 38 លោកយែបថាក៏យល់ព្រមឲ្យនាងចេញទៅ ក្នុងរយៈពេលពីរខែ។ ដូច្នេះ នាងក៏ឡើងទៅលើភ្នំជាមួយមិត្តស្រីៗ យំសោកស្តាយព្រហ្មចារីរបស់នាង។ 39 លុះគំរប់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ រួចគាត់យកនាងធ្វើគូរបាន តាមពាក្យដែលគាត់បានសន្យាជាមួយអុលឡោះជាអម្ចាស់។ នាងពុំដែលបានស្គាល់បុរសណានៅឡើយទេ។ ចាប់ពីពេលនោះ ជនជាតិអ៊ីស្រអែលប្រកាន់ទំនៀមទម្លាប់ដូចតទៅ: 40 រៀងរាល់ឆ្នាំ កូនក្រមុំរបស់ជនជាតិអ៊ីស្រអែលត្រូវនាំគ្នាទៅយំរំលឹកដល់កូនស្រីលោកយែបថា ជាអ្នកស្រុកកាឡាដ ចំនួនបួនថ្ងៃ។ |
© 2014 United Bible Societies, UK.
United Bible Societies