ពួកចៅហ្វាយ 10 - អាល់គីតាបលោកថូឡា និងលោកយ៉ាអៀរ 1 ក្រោយពេលលោកអប៊ីម៉ាឡេកស្លាប់ផុតទៅ លោកថូឡា ជាកូនរបស់លោកពូវ៉ា និងជាចៅរបស់លោកដូដូ ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានងើបឡើងរំដោះជនជាតិអ៊ីស្រអែល។ គាត់ជាអ្នកស្រុកសាមារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ 2 គាត់បានគ្រប់គ្រងលើស្រុកអ៊ីស្រអែល អស់រយៈពេលម្ភៃបីឆ្នាំ រួចគាត់ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពរបស់គាត់នៅស្រុកសាមារនោះ។ 3 ក្រោយពេលលោកថូឡាស្លាប់ទៅ លោកយ៉ាអៀរ ជាអ្នកស្រុកកាឡាដ បានងើបឡើងគ្រប់គ្រងលើស្រុកអ៊ីស្រអែលអស់រយៈពេលម្ភៃពីរឆ្នាំ។ 4 គាត់មានកូនប្រុសសាមសិបនាក់ ដែលមានលាសាមសិបជាជំនិះ និងគ្រប់គ្រងលើក្រុងសាមសិបនៅតំបន់កាឡាដ ដែលមានឈ្មោះថាបុរីយ៉ាអៀរ រហូតដល់សព្វថ្ងៃ។ 5 បន្ទាប់មក លោកយ៉ាអៀរក៏ស្លាប់ គេបញ្ចុះសពរបស់គាត់នៅក្រុងកាម៉ូន។ ជនជាតិអាំម៉ូនវាយប្រហារអ៊ីស្រអែល 6 គ្រានោះ ជនជាតិអ៊ីស្រអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡាសាជាថ្មី ដោយនាំគ្នាគោរពបម្រើព្រះបាល ព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិស៊ីរី ព្រះរបស់ជនជាតិស៊ីដូន ព្រះរបស់ជនជាតិម៉ូអាប់ ព្រះរបស់ជនជាតិអាំម៉ូន និងព្រះរបស់ជនជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោលអុលឡោះតាអាឡា ហើយមិនគោរពថ្វាយបង្គំទ្រង់ទៀតឡើយ។ 7 ដូច្នេះ អុលឡោះតាអាឡាខឹងជាមួយជនជាតិអ៊ីស្រអែល ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងជនជាតិអាំម៉ូន។ 8 ចាប់តាំងពីឆ្នាំនោះមក រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ ជនជាតិទាំងពីរបានសង្កត់សង្កិន និងធ្វើបាបជនជាតិអ៊ីស្រអែលដែលរស់នៅស្រុកកាឡាដ ក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ខាងកើតទន្លេយ័រដាន់។ 9 រីឯជនជាតិអាំម៉ូនក៏បានឆ្លងទន្លេយ័រដាន់ មកវាយកុលសម្ព័ន្ធយូដា ពុនយ៉ាមីន និងអេប្រាអ៊ីមដែរ ធ្វើឲ្យជនជាតិអ៊ីស្រអែលរងទុក្ខលំបាកយ៉ាងខ្លាំង។ 10 ដូច្នេះ ជនជាតិអ៊ីស្រអែលនាំគ្នាស្រែកអង្វរអុលឡោះតាអាឡា ដោយពោលថា៖ «យើងខ្ញុំប្រព្រឹត្តអំពើបាបទាស់នឹងចិត្តទ្រង់ ដ្បិតយើងខ្ញុំបានបោះបង់ចោលទ្រង់ដែលជាម្ចាស់នៃយើងខ្ញុំ ទៅគោរពបម្រើព្រះបាល»។ 11 អុលឡោះតាអាឡាឆ្លើយតបមកជនជាតិអ៊ីស្រអែលវិញថា៖ «ពេលជនជាតិអេស៊ីប ជនជាតិអាម៉ូរី ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន 12 ជនជាតិស៊ីដូន ជនជាតិអាម៉ាឡេក និងជនជាតិម៉ាអូន បានជិះជាន់សង្កត់សង្កិនអ្នករាល់គ្នា នោះអ្នករាល់គ្នាស្រែកអង្វរយើង តើយើងមិនបានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃគេទេឬអី? 13 ប៉ុន្តែ ដោយអ្នករាល់គ្នាបានបោះបង់ចោលយើង ទៅគោរពបម្រើព្រះផ្សេងៗទៀត យើងនឹងមិនសង្គ្រោះអ្នករាល់គ្នាទៀតឡើយ។ 14 ដូច្នេះ ចូរនាំគ្នាហៅរកព្រះ ដែលអ្នករាល់គ្នាបានជ្រើសរើសនោះឲ្យជួយទៅ! ឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នាក្នុងពេលមានទុក្ខលំបាកនេះទៅ!»។ 15 ជនជាតិអ៊ីស្រអែលជម្រាបអុលឡោះវិញថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ យើងខ្ញុំធ្វើខុសហើយ សូមដាក់ទោសយើងខ្ញុំ តាមចិត្តរបស់ទ្រង់ចុះ តែថ្ងៃនេះ សូមទ្រង់មេត្តារំដោះយើងខ្ញុំផង!»។ 16 ពួកគេយកព្រះនានារបស់សាសន៍ដទៃចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាគោរពបម្រើអុលឡោះតាអាឡាវិញ ធ្វើឲ្យទ្រង់រំជួលចិត្ត ដោយឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រអែល។ 17 គ្រានោះ ជនជាតិអាំម៉ូនប្រមូលផ្តុំគ្នា បោះទ័ពនៅស្រុកកាឡាដ ហើយជនជាតិអ៊ីស្រអែលក៏ប្រមូលគ្នាបោះទ័ពនៅមីសប៉ាដែរ។ 18 ប្រជាជននៅស្រុកកាឡាដ ព្រមទាំងអ្នកដឹកនាំរបស់ពួកគេពិភាក្សាគ្នាទៅវិញទៅមក ហើយសម្រេចថា អ្នកណាហ៊ានប្រយុទ្ធតទល់នឹងជនជាតិអាំម៉ូនមុនគេ អ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជាជនកាឡាដទាំងមូល។ |
© 2014 United Bible Societies, UK.
United Bible Societies