ពួកចៅហ្វាយ 12 - អាល់គីតាបទំនាស់រវាងកុលសម្ព័ន្ធអេប្រាអ៊ីម និងលោកយែបថា 1 អ្នកស្រុកអេប្រាអ៊ីមបានលើកគ្នាឆ្លងទន្លេយ័រដាន់ សំដៅទៅក្រុងសាផូន។ ពួកគេស្តីបន្ទោសលោកយែបថាថា៖ «ហេតុអ្វីបានជាអ្នកទៅច្បាំងជាមួយជនជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះរបស់អ្នកចោល ហើយក៏ដុតអ្នកជាមួយដែរ»។ 2 លោកយែបថាឆ្លើយទៅពួកគេវិញថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានវិវាទយ៉ាងខ្លាំងជាមួយជនជាតិអាំម៉ូន ខ្ញុំបានហៅបងប្អូនដែរ តែបងប្អូនពុំបានជួយសង្គ្រោះខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់ពួកគេទេ។ 3 ដោយឃើញថាបងប្អូនមិនមកជួយសង្គ្រោះខ្ញុំទេនោះ ខ្ញុំក៏សុខចិត្តប្តូរជីវិត ចេញទៅប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយអុលឡោះតាអាឡាបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃខ្ញុំ។ ថ្ងៃនេះហេតុដូចម្តេចបានជាបងប្អូនលើកគ្នាមក ធ្វើសឹកនឹងខ្ញុំទៅវិញដូច្នេះ?»។ 4 លោកយែបថាក៏ប្រមូលអ្នកស្រុកកាឡាដទាំងប៉ុន្មាន មកប្រយុទ្ធជាមួយពួកអេប្រាអ៊ីម ព្រោះពួកនេះបានពោលថា៖ «ពួកកាឡាដអើយ! ពួកឯងសុទ្ធតែជាមនុស្សរត់ចោលកុលសម្ព័ន្ធអេប្រាអ៊ីម ទៅចូលកុលសម្ព័ន្ធម៉ាណាសេ!»។ 5 អ្នកស្រុកកាឡាដវាយយកបានកន្លែងឆ្លងទន្លេយ័រដាន់ ហើយកាន់កាប់ច្រកចូលទៅស្រុកអេប្រាអ៊ីម។ ពេលណាមានពួកអេប្រាអ៊ីមដែលបាក់ទ័ព រត់មកសុំឆ្លងពួកកាឡាដសួរទៅគេថា: «តើអ្នកជាពួកអេប្រាអ៊ីមឬ?»។ ប្រសិនបើគេឆ្លើយថា«ទេ» 6 នោះពួកកាឡាដក៏បង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលេត» ហើយបើអ្នកនោះនិយាយថា «ឈីបូលេត»-ព្រោះពួកអេប្រាអ៊ីមនិយាយពាក្យនេះមិនច្បាស់ទេ-ដូច្នេះ ពួកកាឡាដក៏សម្លាប់គេនៅត្រង់កន្លែងឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះមានពួកអេប្រាអ៊ីម បួនម៉ឺនពីរពាន់នាក់ត្រូវគេសម្លាប់។ 7 លោកយែបថា ជាអ្នកស្រុកកាឡាដគ្រប់គ្រងលើជនជាតិអ៊ីស្រអែល អស់រយៈពេលប្រាំមួយឆ្នាំ រួចគាត់ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពគាត់នៅស្រុកកាឡាដ ក្នុងភូមិកំណើតរបស់គាត់។ លោកអ៊ីបសាន លោកអេឡូន និងលោកអាប់ដូន 8 ក្រោយលោកយែបថា មានបុរសម្នាក់ឈ្មោះអ៊ីបសាន ជាអ្នកស្រុកបេថ្លេហិម បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល។ 9 គាត់មានកូនប្រុសសាមសិបនាក់ និងកូនស្រីសាមសិបនាក់។ គាត់បានលើកកូនស្រីឲ្យរៀបការនឹងបុរសនៅកុលសម្ព័ន្ធផ្សេង ហើយក៏បានរើសស្ត្រីពីកុលសម្ព័ន្ធផ្សេង មកឲ្យធ្វើជាភរិយារបស់កូនប្រុសគាត់ដែរ។ គាត់បានគ្រប់គ្រងលើប្រជាជនអ៊ីស្រអែលអស់រយៈពេលប្រាំពីរឆ្នាំ 10 រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពរបស់លោកនៅបេថ្លេហិម។ 11 ក្រោយលោកអ៊ីបសាន មានបុរសម្នាក់ឈ្មោះអេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល អស់រយៈពេលដប់ឆ្នាំ 12 រួចគាត់ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពគាត់នៅភូមិអាយ៉ាឡូន ក្នុងទឹកដីសាប់យូឡូន។ 13 ក្រោយលោកអេឡូន មានបុរសម្នាក់ឈ្មោះអាប់ដូន ជាកូនរបស់លោកហ៊ីលេល ជាអ្នកស្រុកពីរ៉ាថូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល 14 គាត់មានកូនប្រុសសែសិបនាក់ និងចៅប្រុសសាមសិបនាក់ ដែលមានលាចិតសិបក្បាលជាជំនិះ។ លោកអាប់ដូនគ្រប់គ្រងលើជនជាតិអ៊ីស្រអែលអស់រយៈពេលប្រាំបីឆ្នាំ 15 រួចគាត់ស្លាប់។ គេបញ្ចុះសពគាត់នៅភូមិពីរ៉ាថូន ក្នុងទឹកដីអេប្រាអ៊ីម នៅលើភ្នំរបស់ជនជាតិអាម៉ាឡេក។ |
© 2014 United Bible Societies, UK.
United Bible Societies