អុលឡោះតាអាឡាអើយ សូមកុំទុកឲ្យសត្រូវប្រមាថទ្រង់ឡើយ!កំណាព្យរបស់លោកអេសាភ។ 1 អុលឡោះអើយ ហេតុអ្វីបានជាទ្រង់បោះបង់ចោល យើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាទ្រង់ខឹងនឹងយើងខ្ញុំ ដែលជាប្រជារាស្ដ្រផ្ទាល់របស់ទ្រង់ ? 2 សូមកុំបំភ្លេចប្រជារាស្ត្រ ដែលទ្រង់បានយកមកធ្វើ ជាកម្មសិទ្ធិរបស់ទ្រង់ តាំងពីដើមរៀងមក គឺប្រជារាស្ត្រដែលទ្រង់បានលោះ យកមកធ្វើជាកុលសម្ព័ន្ធរបស់ទ្រង់ផ្ទាល់ សូមកុំបំភ្លេចភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់នៅនោះឡើយ។ 3 សូមទ្រង់មកកាន់កន្លែង ដែលវិនាសខូចខាតអស់ ខ្មាំងសត្រូវបានកំទេចបំផ្លាញអ្វីៗ ទាំងអស់នៅក្នុងទីសក្ការៈ 4 បច្ចាមិត្តរបស់ទ្រង់បាននាំគ្នា ស្រែកហ៊ោនៅក្នុងកន្លែងដ៏វិសុទ្ធ របស់ទ្រង់ ហើយពួកគេបានបង្ហូតទង់ជ័យ របស់ពួកគេនៅទីនោះ។ 5 ពួកគេប្រៀបបានទៅនឹងអ្នកកាប់ព្រៃ ដែលលើកពូថៅរបស់ខ្លួនឡើងកាប់ដើមឈើ 6 គឺពួកគេបានយកពូថៅ និងញញួរ មកវាយកំទេចក្បាច់រចនាទាំងប៉ុន្មាន។ 7 គេបានដុតទីសក្ការៈរបស់ទ្រង់ គេបានរំលំ និងបន្ទាបបន្ថោកដំណាក់របស់ទ្រង់។ 8 ពួកគេគិតគ្នាថា «យើងនឹងបង្ក្រាបសាសន៍នេះឲ្យរាប ហើយដុតបំផ្លាញកន្លែងសក្ការបូជា ទាំងប៉ុន្មាននៅក្នុងស្រុកនេះ!»។ 9 យើងខ្ញុំលែងឃើញអ្វីដែលជាទីសំគាល់ របស់ប្រជាជាតិយើងខ្ញុំទៀតហើយ រីឯណាពីក៏លែងមានទៀតដែរ។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាដឹងថា យើងខ្ញុំត្រូវតែនៅដូច្នេះដល់ពេលណាឡើយ។ 10 ឱអុលឡោះអើយ តើឲ្យបច្ចាមិត្ត ត្មះតិះដៀលទ្រង់ដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថ នាមទ្រង់ដល់កាលណាទៀត? 11 ហេតុអ្វីបានជាទ្រង់ មិនព្រមមកជួយយើងខ្ញុំ ហេតុអ្វីបានជាទ្រង់ឱបដៃសំងំស្ងៀមដូច្នេះ? 12 អុលឡោះអើយ ទ្រង់ជាស្តេច របស់ខ្ញុំ តាំងពីដើមរៀងមក ទ្រង់តែងតែសង្គ្រោះយើងខ្ញុំ ជាច្រើនលើកច្រើនសានៅក្នុងស្រុកនេះ។ 13 ទ្រង់បានបង្ក្រាបសមុទ្រ ដោយសារអំណាចរបស់ទ្រង់ ទ្រង់បានវាយកំទេចក្បាលនាគនៅក្នុងសមុទ្រ 14 ទ្រង់បានវាយកំទេចក្បាលស្ដេចក្រពើ ហើយបោះវាទៅឲ្យសត្វនានា នៅវាលរហោស្ថានស៊ីជាអាហារ។ 15 ទ្រង់បានធ្វើឲ្យមានទឹកផុស ចេញពីប្រភពទឹកនានា ហើយទ្រង់បានធ្វើឲ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។ 16 ទ្រង់ជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់ ទ្រង់បានបង្កើតព្រះច័ន្ទ និងព្រះអាទិត្យ។ 17 ទ្រង់បានកំណត់ព្រំដែនរវាងទឹក និងដី ទ្រង់ក៏បានបង្កើតរដូវប្រាំង និងរដូវឆ្នាំដែរ។ 18 ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចឲ្យសោះថា បច្ចាមិត្តបានត្មះតិះដៀលទ្រង់ សាសន៍ល្ងីល្ងើនោះបានជេរ ប្រមាថនាមទ្រង់!។ 19 សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ទ្រង់ ដែលកំពុងតែអស់សង្ឃឹមនេះ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងដ៏សាហាវ សូមកុំបំភ្លេចប្រជារាស្ត្រដ៏កំសត់ទុគ៌ត របស់ទ្រង់ជារៀងរហូតឡើយ។ 20 សូមនឹកដល់សម្ពន្ធមេត្រីដែលទ្រង់ បានចងជាមួយយើងខ្ញុំ! ដ្បិតជនរងគ្រោះដោយសារអំពើឃោរឃៅ នាំគ្នារត់ពួនសព្វទីកន្លែងក្នុងទឹកដីនេះ។ 21 សូមកុំឲ្យអស់អ្នកដែលគេជិះជាន់ ត្រូវអាម៉ាស់មុខទៀតឡើយ តែសូមឲ្យជនក្រីក្រ និងជនទុគ៌ត អាចសរសើរតម្កើងនាមទ្រង់។ 22 អុលឡោះអើយ សូមក្រោកឡើង ការពារកិត្តិនាមរបស់ទ្រង់ សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ បានត្មះតិះដៀលទ្រង់ជារៀងរាល់ថ្ងៃ។ 23 សូមកុំបំភ្លេចសំរែកនៃខ្មាំងសត្រូវរបស់ទ្រង់ គឺគេបានស្រែកយ៉ាងអឺងកងទាស់នឹងទ្រង់ ឥតឈប់ឈរឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies