ទំនុកតម្កើង 73 - អាល់គីតាបភាគទីបី (គីតាបសាបូរ ៧៣-៨៩) សេចក្ដីសុចរិតតែងតែមានជ័យជំនះ គីតាបសាបូររបស់លោកអេសាភ។ 1 ពិតមែនហើយ អុលឡោះមាន ចិត្តសប្បុរស ចំពោះជនជាតិអ៊ីស្រអែល និងអស់អ្នកដែលមានចិត្តបរិសុទ្ធ។ 2 ចំពោះខ្ញុំផ្ទាល់ ខ្ញុំហៀបតែនឹងភ្លាត់ជើង គឺនៅសល់តែបន្តិចប៉ុណ្ណោះ ខ្ញុំមុខជាដួលមិនខាន 3 ព្រោះខ្ញុំមានចិត្តច្រណែននឹងមនុស្សព្រហើន ដោយឃើញជនពាលទាំងនោះបានចំរុងចំរើន ។ 4 ក្នុងមួយជីវិតរបស់ពួកគេ ពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះ គេមានសាច់មានឈាម។ 5 គេពុំដែលស្គាល់ទុក្ខលំបាកដូចមនុស្សដទៃ ហើយពុំដែលវេទនាដូចមនុស្សឯទៀតៗឡើយ។ 6 ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិ ហើយពាក់ចិត្តឃោរឃៅ ដូចជាសំលៀកបំពាក់។ 7 គំនិតអាក្រក់ចាំងនៅលើផ្ទៃមុខរបស់ពួកគេ គំនិតអប្រិយរបស់ពួកគេ ក៏លេចចេញមកយ៉ាងច្បាស់ដែរ។ 8 គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់ ព្រមទាំងនិយាយក្ដែងៗ ពីការសង្កត់សង្កិនអ្នកដទៃ។ 9 មាត់របស់គេពោលពាក្យប្រមាថអុលឡោះ ហើយអណ្ដាតរបស់គេឥតសំចៃនរណាម្នាក់ នៅលើផែនដីឡើយ។ 10 ហេតុនេះ សូម្បីតែប្រជារាស្ដ្រ របស់អុលឡោះក៏វង្វេងទៅតាមពួកគេ ព្រមទាំងចូលចិត្តស្ដាប់ពាក្យសំដី របស់ពួកគេ ដូចផឹកទឹក។ 11 គេពោលថា អុលឡោះពុំជ្រាបអ្វីទាំងអស់ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ! 12 នេះហើយមនុស្សពាល! ពួកគេបានសុខជានិច្ច ពួកគេបានចំរុងចំរើនរហូត! 13 រីឯខ្ញុំវិញ ខ្ញុំខំប្រឹងកាន់ចិត្តបរិសុទ្ធ ហើយចៀសវាងប្រព្រឹត្តអំពើបាប តែឥតបានផលអ្វីសោះ! 14 ដ្បិតខ្ញុំកើតទុក្ខលំបាកជារៀងរាល់ថ្ងៃ ខ្ញុំទទួលទារុណកម្មរាល់ព្រឹក។ 15 ប្រសិនបើខ្ញុំសម្រេចចិត្តធ្វើដូចពួកគេដែរនោះ ខ្ញុំមុខជាក្បត់បងប្អូនរបស់ខ្ញុំ ដែលជាកូនរបស់ទ្រង់មិនខាន។ 16 ខ្ញុំខិតខំរិះគិតចង់យល់អំពីបញ្ហានេះ ប៉ុន្តែ ពិបាកយល់ណាស់ 17 រហូតទាល់តែខ្ញុំចូលមកដល់ ទីសក្ការៈរបស់អុលឡោះ ទើបខ្ញុំយល់ថាចុងបញ្ចប់របស់មនុស្ស អាក្រក់នឹងក្លាយទៅជាយ៉ាងណា។ 18 តាមពិត ទ្រង់បានដាក់ពួកគេ នៅជំរាលមួយដ៏រអិល ទ្រង់ធ្វើឲ្យគេធ្លាក់ទៅក្នុងមហន្តរាយ 19 ក្នុងពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ពួកគេនឹងវិនាសបាត់បង់ ពួកគេនឹងត្រូវអន្តរាយ រលាយសូន្យទៅ យ៉ាងរន្ធត់បំផុត។ 20 អុលឡោះតាអាឡាអើយ ពេលទ្រង់ក្រោកឡើង ទ្រង់នឹងរំលាយពួកគេឲ្យវិនាសបាត់ទៅ ដូចការយល់សប្ដិ។ 21 ពេលខ្ញុំឆ្អែតចិត្ត ហើយពេលខ្ញុំឈឺចាប់ក្នុងឱរា 22 នោះខ្ញុំបែរទៅជាល្ងីល្ងើ មិនយល់អ្វីទាំងអស់ ហើយខ្ញុំក៏ដូចជាសត្វតិរច្ឆាន នៅចំពោះទ្រង់ដែរ។ 23 ប៉ុន្តែ ខ្ញុំនៅជាមួយទ្រង់ជានិច្ច ទ្រង់កាន់ដៃស្តាំរបស់ខ្ញុំ 24 ទ្រង់ដឹកនាំខ្ញុំឲ្យដើរ តាមបំណងរបស់ទ្រង់ ហើយនៅទីបញ្ចប់ ទ្រង់នឹងទទួលខ្ញុំ នៅក្នុងសិរីរុងរឿងរបស់ទ្រង់។ 25 នៅសូរ៉កា ខ្ញុំគ្មានទីពឹងណា ផ្សេងទៀត ក្រៅពីទ្រង់ឡើយ នៅលើផែនដី បើទ្រង់នៅជាមួយខ្ញុំ ខ្ញុំក៏មិនចង់បានអ្វីផ្សេងទៀតដែរ។ 26 រូបកាយ និងចិត្តគំនិត របស់ខ្ញុំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ទ្រង់នៅតែជាបង្អែក និងជាម្ចាស់ជីវិតខ្ញុំ រហូតតទៅ។ 27 អស់អ្នកដែលងាកចេញឆ្ងាយ ពីទ្រង់នឹងត្រូវអន្តរាយ ហើយទ្រង់នឹងធ្វើឲ្យអស់អ្នក ដែលក្បត់ទ្រង់ត្រូវវិនាសសូន្យទៅ។ 28 រីឯខ្ញុំវិញ ខ្ញុំមានសុភមង្គល តែនៅពេលណាខ្ញុំ នៅជាមួយទ្រង់ប៉ុណ្ណោះ ឱអុលឡោះតាអាឡាជាម្ចាស់អើយ ខ្ញុំផ្ញើជីវិតលើទ្រង់ហើយ ខ្ញុំនឹងប្រកាសអំពីស្នាដៃ ទាំងប៉ុន្មានរបស់ទ្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies