ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 109 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 109

សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ត្រូវ​អាម៉ាស់​មុខ
គីតាបសាបូរ​របស់​ណាពី​ទត។

1 ឱ​អុលឡោះ​ដែល​ខ្ញុំ សរសើរ​តម្កើង​អើយ សូម​កុំ​នៅ​ស្ងៀម​ទៀត​ឡើយ!

2 ដ្បិត​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​ល្បិច នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ខ្ញុំ គេ​និយាយ​កុហក​ទាស់​នឹង​ខ្ញុំ។

3 គេ​ពោល​ពាក្យ​សំអប់​មក​លើ​ខ្ញុំ ហើយ​វាយ​ប្រហារ​ខ្ញុំ ដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។

4 ខ្ញុំ​ស្រឡាញ់​ពួក​គេ ប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ខ្ញុំ ខ្ញុំ​បាន​ទូរអា​ឲ្យ​ពួក​គេ។

5 ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​មក​លើ​ខ្ញុំ តប​សង​នឹង​អំពើ​ល្អ ហើយ​សំដែង​ចិត្ត​ស្អប់ តប​សង​នឹង​សេចក្ដី​ស្រឡាញ់។

6 សូម​ដាក់​មនុស្ស​កំណាច​ម្នាក់​ឲ្យ​ត្រួត ពី​លើ​អ្នក​នោះ ហើយ​ម្នាក់​ទៀត​ឈរ​នៅ​ខាង​ស្ដាំ ដើម្បី​ចោទ​ប្រកាន់​ ។

7 សូម​ឲ្យ​អ្នក​នោះ​ទទួល​ទោស​នៅ​ពេល​ជំនុំ‌ជម្រះ ហើយ​សូម​ឲ្យ​ពាក្យ​ទូរអា​របស់​គេ ក្លាយ​ទៅ​ជា​អំពើ​បាប​ទៅ​វិញ។

8 សូម​កុំ​ឲ្យ​គេ​រស់​បាន​យូរ​ឡើយ ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល​យក​តំណែង​របស់​គាត់។​

9 សូម​ឲ្យ​កូន​ចៅ​របស់​គេ​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា ហើយ​ប្រពន្ធ​របស់​គេ​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ!។

10 សូម​ឲ្យ​កូន​របស់​អ្នក​នោះ ក្លាយ​ទៅ​ជា​មនុស្ស​អនាថា​ដើរ​សុំ​ទាន ហើយ​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​លំ‌នៅ ដែល​រលំ​បាក់​បែក!

11 សូម​ឲ្យ​ម្ចាស់​បំណុល​មក​រឹប​អូស​អ្វីៗ ដែល​គេ​មាន ហើយ​ឲ្យ​ជន​បរទេស​មក​ប្លន់​យក​អ្វីៗ ដែល​គេ​ខំ​ប្រឹង​រក​បាន!

12 សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​សំដែង​ចិត្ត​មេត្តា ករុណា​ចំពោះ​គេ​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មាន​នរណា​ម្នាក់​អាណិត អាសូរ​កូន​ចៅ​របស់​គេ​ដែល​នៅ​កំព្រា​ដែរ!

13 សូម​ដក​ជីវិត​ពូជ‌ពង្ស​របស់​គេ ហើយ​លុប​បំបាត់​នាម​ត្រកូល​របស់​គេ នៅ​ជំនាន់​ក្រោយ!

14 សូម​អុលឡោះ‌តាអាឡា​ចង​ចាំ​នូវ​កំហុស​ដែល​ដូនតា របស់​គេ​បាន​ប្រព្រឹត្ត ហើយ​កុំ​ឲ្យ​ទ្រង់​ភ្លេច​អំពើ​បាប ដែល​ម្ដាយ​របស់​គេ​បាន​ប្រព្រឹត្ត​ដែរ!

15 សូម​អុលឡោះ‌តាអាឡា​ចង​ចាំ​នូវ​អំពើ​បាប​របស់​ពួក​គេ​ជា‌និច្ច ពេល​ពួក​គេ​ស្លាប់ កុំ​ឲ្យ​មាន​នរណា​នឹក‌នា​ដល់​ពួក​គេ​ឡើយ!

16 ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សំដែង​ចិត្ត​មេត្តា‌ករុណា​សោះ គេ​បាន​ធ្វើ​បាប​មនុស្ស​កំសត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្ត សោក​សង្រេង​ទៀត​ផង។

17 គេ​ចូល​ចិត្ត​ដាក់​បណ្ដាសា ដូច្នេះ សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​ចុះ! គេ​មិន​ពេញ​ចិត្ត​នឹង​ពរ​ទេ ដូច្នេះ សូម​កុំ​ឲ្យ​មាន​នរណា​ជូន​ពរ​គេ​ឡើយ!

18 សូម​ឲ្យ​គេ​យក​បណ្ដាសា​គ្រប​ដណ្ដប់​ពី​លើ​គេ សូម​ឲ្យ​បណ្ដាសា​ចូល​ទៅ​ក្នុង​ខ្លួន​គេ​ដូច​ទឹក ហើយ​ចូល​ទៅ​ក្នុង​ឆ្អឹង​គេ​ដូច​ខ្លាញ់!

19 សូម​ឲ្យ​បណ្ដាសា​បាន​ដូច​ជា​សម្លៀក‌បំពាក់ បិទ‌បាំង​កាយ​ពួក​គេ ហើយ​រុំ​ព័ទ្ធ​ខ្លួន​គេ​ជា‌និច្ច​ដូច​ខ្សែ​ក្រវាត់។

20 អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ និង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំ សូម​ឲ្យ​គេ​ទទួល​ទោស​ពី​អុលឡោះ‌តាអាឡា បែប​នេះ​ឯង!

21 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​ទ្រង់​មេត្តា ជួយ​ខ្ញុំ​ដោយ​យល់​ដល់​នាម​ទ្រង់ ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ដ៏​លើស‌លប់ សូម​រំដោះ​ខ្ញុំ​ផង!

22 ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត ខ្ញុំ​របួស​ដួង​ចិត្ត។

23 ខ្ញុំ​កំពុង​តែ​រសាត់​បាត់​ទៅ ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច គេ​កំចាត់​ខ្ញុំ​ដូច​កំចាត់​សត្វ​ល្អិត។

24 ខ្ញុំ​ទន់​ជង្គង់ ព្រោះ​តែ​តម​អាហារ​យូរ​ពេក ខ្ញុំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

25 ពេល​មនុស្ស‌ម្នា​ឃើញ​ខ្ញុំ គេ​នាំ​គ្នា សើច​ចំអក និង​គ្រវី​ក្បាល​ដាក់​ខ្ញុំ។​

26 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ជួយ​ខ្ញុំ​ផង! សូម​សង្គ្រោះ​ខ្ញុំ ដោយ​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់!

27 សូម​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​ស្គាល់​ថា ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់។

28 ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ខ្ញុំ ក៏​ដោយ ក៏​ទ្រង់​ប្រទាន​ពរ​ឲ្យ​ខ្ញុំ​ដែរ ប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ខ្ញុំ ពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខ ហើយ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​មាន​អំណរ​សប្បាយ។

29 សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ ត្រូវ​អាម៉ាស់​មុខ សូម​ឲ្យ​សេចក្ដី​អាម៉ាស់ នៅ​ជាប់​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ!

30 ខ្ញុំ​នឹង​បន្លឺ​សំឡេង​លើក​តម្កើង​អុលឡោះ‌តាអាឡា ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ក្នុង​ចំណោម បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ!

31 ដ្បិត​ទ្រង់​ការពារ​ជន​កំសត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ចង់​ដាក់​ទោស​គេ។

© 2014 United Bible Societies, UK.

United Bible Societies